នាព្រឹកថ្ងៃពុធ ០៤ កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០១៩ ក្រោមអធិបតីភាព
ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ និងថ្នាក់ដឹកនាំគ្រប់ជាន់​ថ្នាក់នៃ អគរ។

ក្នុងរបាយការណ៍​បូកសរុប​ការងារ​​​គយ​និង​រដ្ឋាករ ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញថា សម្រាប់ឆ្នាំ២០១៩ ចំណូលសរុបមានប្រមាណជាង ១៣ ទ្រីលានរៀល (ប្រមាណ ៣,២១៥ លានដុល្លារអាមេរិក) កើនឡើង ៣០% ធៀបនឹងឆ្នាំ២០១៨ ហើយលើសផែនការដែល​បានកំណត់ប្រមាណ ៤២.៧%។ បើប្រៀបធៀបនឹងឆ្នាំ២០១៨ ចំណូលតាមប្រភេទពន្ធសំខាន់ៗមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ ក្នុងនោះ ពន្ធនាំចូលកើនឡើង ៣០.៧%, អាករពិសេសកើនឡើង ៣៣.៦% និងអាករលើតម្លៃបន្ថែម (VAT) កើនឡើង ២៨.៨%។ បើ​ពិនិត្យ​លើ​ចំណូល​តាមក្រុមទំនិញវិញ មុខទំនិញយានយន្តនិងគ្រឿងចក្របន្ត​ជាប្រភពចំណូលសំខាន់ ​​ដោយ​គ្របដណ្តប់ប្រមាណ ៥២.៧% នៃចំណូលសរុប។ ​ចំណូល​ដែល អគរ ប្រមូលបានក្នុង​ ឆ្នាំ​២០១៩ នេះ មានកម្រិតខ្ពស់ជាងគេ​ក្នុងរយៈពេល​ ២០​ឆ្នាំ កន្លងមក​នៅក្នុង ​បរិការណ៍ដែលការ​អនុគ្រោះ​ពន្ធអាករ ទាំងក្នុងគោលដៅលើកទឹកចិត្តវិនិយោគ និង​វិស័យ​អាទិភាពនានា ព្រមទាំង​ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មានការកើនឡើងឥតឈប់​ឈរ​ពីមួយឆ្នាំ​ទៅមួយឆ្នាំ។

ទន្ទឹមនឹងការងារប្រមូលចំណូល ​ អគរ ក៏សម្រេចបាននូវ​សមិទ្ធផលលើ​ការដ្ឋានការងារ​ផ្សេងទៀត រួមមាន​ការ​រៀបចំឯកសារ​យុទ្ធសាស្ត្រ​, គោលនយោបាយ, ច្បាប់ និងបទប្បញ្ញត្តិ​នានាមួយចំនួន, ការបន្តលើកកម្ពស់​កិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការកែលម្អនិងពង្រីកមុខងារប្រព័ន្ធស្វ័យប្រវត្តិកម្មគយ, ការបញ្ចុះអត្រាពន្ធគយអាករនិងគោលនយោបាយលើកទឹកចិត្តវិស័យកសិកម្ម និងសហគ្រាសធុនតូចនិង​មធ្យម, ការពង្រឹងការងារបង្ការនិងបង្រ្កាបអំពើរត់គេចពន្ធ និងបទល្មើសឆ្លងដែន, ការចូលរួមទប់ស្កាត់ការលាងសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្ម, កិច្ចសហប្រតិបត្តិការអន្តរជាតិ, និងការ​អភិវឌ្ឍន៍ស្ថាប័ន ជាដើម។ លើសពីនេះ អគរ ក៏បានអនុវត្តដោយរលូននូវវិធានការមុតស្រួចរបស់​រាជរដ្ឋាភិបាលពាក់ព័ន្ធ​នឹងគយ ដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលក្នុងវេទិការាជរដ្ឋាភិបាល-វិស័យឯកជនលើកទី១៨ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ផងដែរ រួមមាន (១)ការលើកទឹកចិត្តផ្នែកគយដល់សហគ្រាសធុនតូចនិងមធ្យម, (២)ការអនុវត្តកម្រៃសេវាសាធារណៈរបស់ អគរ, (៣) ការកាត់បន្ថយចំនួនកុងតែន័រនិងកម្រៃស្កែន, (៤) ការដឹកនាំក្រុមការងារអន្តរស្ថាប័នដើម្បីកាត់​បន្ថយមុខទំនិញ​ក្នុង​បញ្ជីទំនិញហាមឃាត់និងទំនិញជាប់កម្រិតកំណត់, និង (៥)ការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី២។

ក្នុងឱកាសនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់​ចំពោះលទ្ធផលល្អប្រសើរ ដែលបានមកពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយមនសិការ និងស្មារតីទទួលខុសត្រូវខ្ពស់របស់មន្ត្រីគយនិងរដ្ឋាករគ្រប់រូប។ ជាមួយគ្នា​នេះ ក្នុងខណៈដែលកម្ពុជាបាន​និងកំពុងជួបប្រទះ​នូវបញ្ហា​ប្រឈមធំៗមួយចំនួន រួមមាន ការធ្លាក់ចុះនូវកំណើនសេដ្ឋកិច្ចសកល, ការព្យួរដោយផ្នែកនៃប្រព័ន្ធអនុគ្រោះ EBA និងការរីករាលដាលនៃមេរោគ Covid-19 ដែល​ធ្វើឱ្យប៉ះពាល់​ធ្ងន់​ធ្ងរដល់​ខ្សែចង្វាក់​ផ្គត់​ផ្គង់​វត្ថុធាតុដើម ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានណែនាំ​សម្រាប់​​ជា​ទិសដៅ​​​​អនុវត្ត​បន្តក្នុង ​ឆ្នាំ​២០២០ ដោយ​សង្កត់​ធ្ងន់​លើការងារមួយចំនួន រួមមាន (១) បន្តពង្រឹងអភិបាលកិច្ចល្អក្នុងស្ថាប័ន ដោយត្រូវប្រកាន់ខ្ជាប់អភិក្រម ៤ ប្រការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអភិក្រម ៥ ប្រការរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ (២) លើកកម្ពស់អនុលោមភាព​វិស័យឯកជន តាមរយៈការផ្តល់កិច្ចសម្រួលពាណិជ្ជកម្ម​ដល់ធុរជនមាន​អនុលោមភាពខ្ពស់ ប៉ុន្តែត្រូវចាត់វិធានការម៉ឺងម៉ាត់ចំពោះធុរជនដែល​ប្រព្រឹត្តល្មើស (៣) ចាត់​វិធានការសម្រួលដល់ការនាំចូលនូវវត្ថុធាតុដើម​បម្រើ​ផលិតកម្មនៃគម្រោងវិនិយោគនានា ទាំងក្នុងនិងក្រៅតំបន់សេដ្ឋកិច្ច​ពិសេស​ ជាពិសេស​នៅ​ពេល​ដែល​ខ្សែចង្វាក់​ផ្គត់ផ្គង់​ដំណើរការឡើងវិញ​បន្ទាប់​ពី​ត្រូវបានផ្អាកមួយរយៈដោយសារ​ការផ្ទុះឡើង​នៃជម្ងឺ Covid-19 (៤) បន្តពង្រីកនិងធ្វើបច្ចុប្បន្នភាព​ប្រព័ន្ធស្វ័យប្រវត្តិកម្មគយ និងជំរុញការអនុវត្តប្រព័ន្ធបញ្ជរ​តែមួយ​ជាតិដំណាក់កាលទី២ ឱ្យបានពេញលេញ (៥) បន្តយកចិត្ត​ទុកដាក់ពង្រឹងប្រសិទ្ធភាព និង​ធ្វើឱ្យបាន​ឆាប់​រហ័សនូវការងារផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ, ចំណាត់ថ្នាក់ទំនិញ, និងវិធានដើមកំណើតទំនិញ ព្រមវាយតម្លៃផលប៉ះពាល់លើចំណូលគយដែលបណ្តាលមកពីហេតុផលនានា ដើម្បីចាត់វិធាន​ការប៉ះប៉ូវចំណូលឱ្យបានសមស្រប (៦) ជំរុញបញ្ចប់ការរៀបចំឯកសារយុទ្ធសាស្រ្តបច្ចេកវិទ្យាព័ត៌មានរបស់អគរនិងត្រូវរៀបចំឱ្យមានគម្រោងចំណាយច្បាស់​លាស់​​ សម្រាប់រយៈពេលមធ្យមនិងវែង (៧) បន្តអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលដែល​បាន​ដាក់ចេញកន្លងមក និងត្រៀមអនុវត្តនូវកញ្ចប់វិធានការថ្មីៗរបស់រាជរដ្ឋាភិបាលដែលស្ថិតក្រោមសមត្ថកិច្ចរបស់ អគរ ឱ្យមាន​ប្រសិទ្ធភាពនិង (៨)ជំរុញបញ្ចប់ការសិក្សាគោលនយោបាយ​ការនាំចូលរថយន្តប្រើរួច។ បន្ថែមលើនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករ​កម្ពុជា សហការជាមួយអគ្គនាយកដ្ឋានពន្ធដារធ្វើការសិក្សាលទ្ធភាពនៃការអនុញ្ញាតឱ្យបើកកន្លែងសម្រាប់លក់ទំនិញប្រណីតៗ និង Outlet តាម​តំបន់​ ទេសចរណ៍ និងទីប្រជុំជនសំខាន់ៗដើម្បីទាក់ទាញការវិនិយោគផ្នែកនេះ។

នាឱកាសនោះដែរ ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបំពាក់គ្រឿងឥស្សរិយយសនិងបណ្ណសរសើរជូនដល់មន្ត្រីគយនិងរដ្ឋាករមានស្នាដៃមួយចំនួន។
photo_2020-02-27_18-52-40_V3A9645CHEY0924AE5I0082IMG_0027_V3A9633

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត