អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាប្រារព្ធខួប ១០ឆ្នាំ នៃការដាក់ឲ្យអនុវត្តប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ និងប្រកាសដាក់ឲ្យអនុវត្តមុខងារប្រព័ន្ធស្វ័យប្រវត្តិកម្មថ្មីៗបន្ថែមទៀតសំដៅបន្តពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម៖ នាព្រឹកថ្ងៃចន្ទ ០៧ កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំពិធីអបអរសាទរខួប១០ឆ្នាំ នៃការដាក់ឲ្យអនុវត្តប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងមន្រ្តីគយនិងរដ្ឋាករ សរុបប្រមាណ ១៤០ នាក់។

គម្រោងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (អាស៊ីគូដា) ត្រូវបានគាំទ្រដំបូងដោយគម្រោងជំនួយហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍ ក្រោមការសម្របសម្រួលរបស់ធនាគារពិភពលោក និងបន្ទាប់មកត្រូវបានគ្រាំទ្រដោយថវិការដ្ឋ។ ប្រព័ន្ធនេះ ត្រូវបានប្រកាសដាក់ឲ្យអនុវត្តសាកល្បងនៅមាត់ច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០០៨ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាបន្តបន្ទាប់ប្រព័ន្ធនេះត្រូវបានពង្រីកបន្ថែមដាក់ឲ្យអនុវត្តនៅតាមនាយកដ្ឋាន សាខា និងការិយាល័យគយនិងរដ្ឋាករបំពេញបែបបទ ដែលគិតមកដល់ពេលបច្ចុប្បន្នសរុបចំនួន ៨០ កន្លែង នៅទូទាំងប្រទេស។ ដើម្បីគ្រាំទ្រនិងបំពេញបន្ថែមលើប្រព័ន្ធអាស៊ីគូដា ឲ្យគ្របដណ្តប់គ្រប់នីតិវិធីនៃកិច្ចប្រតិបត្តិការគយជាធរមាន ប្រព័ន្ធអេឡិកត្រូនិកគយ (e-Customs) ក៏ត្រូវបានបង្កើតឡើង ដែលមានមុខងារសំខាន់ៗដូចជា មុខងារគ្រប់គ្រងលិខិតអនុញ្ញាតដឹកជញ្ជូន គ្រប់គ្រងលិខិតអនុញ្ញាតដឹកជញ្ជូនផលិតផលតេលសិលា គ្រប់គ្រងទំនិញមានស្រាប់ក្នុងប្រទេស ប្រតិវេទន៍គយសង្ខេប ឆ្លងកាត់គយ (ការឆ្លងកាត់ជាតិនិងអន្តរជាតិ) គ្រប់គ្រងចំណូលប្រាក់កក់ គ្រប់គ្រងអត្រាប្តូរប្រាក់ គ្រប់គ្រងសលាកបត្របង់ចំណូលចូលថវិកាជាតិ របាយការណ៍ត្រួតពិនិត្យដោយម៉ាស៊ីនស្កែន គ្រប់គ្រងឯកសារគតិយុត្ត គ្រប់គ្រងសារពើភណ្ឌ និងកម្មវិធីទូរស័ព្ទឆ្លាតវៃសម្រាប់ស្វែងរកលេខកូដទំនិញនៃតារាងពន្ធគយកម្ពុជា និងស្វែងរកនីតិវិធីបញ្ចេញទំនិញពីគយ។ ទន្ទឹមនេះ មុខងារគ្រប់គ្រងលិខិតអនុញ្ញាតគយ មុខងារគ្រប់គ្រងការចុះបញ្ជីធុរជននិងជើងសាគយ មុខងារការបំពេញបែបបទមុនពេលទំនិញមកដល់ (Pre-Arrival Declaration) កំពុងត្រូវបានអភិវឌ្ឍផងដែរ។

បន្ថែមទៅលើវឌ្ឍនភាពនេះ មុខងារទូទាត់តាមមធ្យោបាយអេឡិកត្រូនិក (e-Payment) មុខងារសន្ធានកម្មតភ្ជាប់រវាងប្រព័ន្ធស្វ័យប្រវត្តិកម្មគយនិងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មុខងារសន្ធានកម្មតភ្ជាប់រវាងប្រព័ន្ធស្វ័យប្រវត្តិកម្មគយនិងប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក ក៏ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ក្នុងពិធីខួបនេះផងដែរ។

ដោយឡែក គម្រោងប្រព័ន្ធបញ្ជរតែមួយជាតិ ដែលមានមុខងារគ្រប់គ្រងលើកិច្ចប្រតិបត្តិការចេញអាជ្ញាបណ្ណ វិញ្ញាបនបត្រ ឬលិខិតអនុញ្ញាត សម្រាប់នាំចេញ/នាំចូលទំនិញ ដោយអនុលោមតាមខ្លឹមសារនៃអនុក្រឹត្យលេខ ២០៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីការដាក់ឲ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់និងទំនិញជាប់កម្រិតកំណត់ ក៏ត្រូវបានប្រកាសពីការចាប់ផ្តើមអនុវត្តគម្រោងដំណាក់កាលទី២ នាពិធីខួបនេះផងដែរ។ គម្រោងប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី២ នេះ នឹងត្រូវអភិវឌ្ឍប្រព័ន្ធសម្រាប់ក្រសួង-ស្ថាប័នចំនួនប្រាំគឺ ក្រសួងសុខាភិបាល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងតំបន់សេដ្ឋកិច្ចពិសេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម និងក្រសួងពាណិជ្ជកម្ម។

អង្គពិធីនេះ បានបញ្ចប់នៅវេលាម៉ោង ១២:០០ រសៀល នាថ្ងៃខែឆ្នាំដដែល ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល។

33052080_1702924079760985_4021692004562894848_o

33167020_1702924029760990_7673843833272008704_o

33127463_1702924713094255_4007238125351862272_o

33117509_1702924846427575_1470017380997398528_o

33063452_1702924906427569_8430550442999545856_o

33026100_1702924723094254_3209455281629036544_o

33023024_1702924983094228_1501117642914660352_o

33117481_1702925023094224_6311483574235168768_o

33112185_1702924893094237_143597915099627520_o

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត