នាព្រឹកថ្ងៃពុធ ១៥ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅទីស្តីការរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្រុមការងារអន្តរក្រសួងអនុវត្តប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (ក.ប.អ.) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយនិងពិគ្រោះយោបល់ស្តីពីការត្រៀមដាក់អនុវត្តប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (Global Travel Assessment System-GTAS) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយមានការចូលរួមពីឯកឧត្តម និងមន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល  សមាជិក សមាជិការនៃក្រុមការងារអន្តរក្រសួង ក.ប.អ. ប្រតិបត្តិករហោះហើរជាតិនិងអន្តរជាតិ និងភាគីពាក់ព័ន្ធផ្សេងទៀត សរុបប្រមាណ ៥០ នាក់។ គោលបំណងនៃកិច្ចប្រជុំផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ គឺដើម្បីផ្សព្វផ្សាយខ្លឹមសារប្រកាសអន្តរក្រសួងស្តីពីការដាក់ឱ្យដំណើរការប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យ អ្នកដំណើរតាមផ្លូវអាកាស  , សេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារអន្តរក្រសួងអនុវត្តប្រព័ន្ធវាយតម្លៃ ហានិភ័យអ្នកដំណើរតាមផ្លូវអាកាស , សេចក្តីព្រាងសេចក្តីណែនាំអនុវត្តស្តីពីកាតព្វកិច្ច និងវិធីសាស្ត្រ  ផ្តល់ទិន្នន័យអ្នកដំណើរតាមផ្លូវអាកាស អមដោយសេចក្តីណែនាំ Cambodia API Operation Manual និងសេចក្តីណែនាំ Cambodia PNR Operation Manual ដល់ប្រតិបត្តិករហោះហើរជាតិនិងអន្តរជាតិ និងភាគីពាក់ព័ន្ធ។

អនុលោមតាមការសម្រេចដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចេញប្រកាសអន្តរក្រសួងលេខ ៥៥៤ សហវ ប្រក ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ក្នុងគោលបំណងដាក់ឱ្យដំណើរការប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស ដើម្បីទទួលព័ត៌មានអ្នកដំណើរជាមុន និងកត់ត្រាឈ្មោះអ្នកដំណើរចេញ-ចូលព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្ដាប្រតិបត្តិករហោះហើរជាតិនិងអន្តរជាតិ និងក្រុមហ៊ុនហោះហើរជាលក្ខណៈឯកជនពាណិជ្ជកម្ម ដែលរាល់ទិន្នន័យរបស់អ្នកដំណើរតាមផ្លូវអាកាសត្រូវរក្សាជាការសម្ងាត់។ បន្ទាប់មក ក្រុមការងារអន្តរក្រសួងអនុវត្តប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស ត្រូវបានបង្កើតឡើង តាមរយៈសេចក្ដីសម្រេចលេខ ០៥៩ សហវ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ដែលមានភារកិច្ចរៀបចំផែនការសកម្មភាពការងារដាក់ឱ្យអនុវត្តប្រព័ន្ធ, រៀបចំសេចក្ដីណែនាំអនុវត្ត, ធ្វើការផ្សព្វផ្សាយនិងពិគ្រោះយោបល់ និងសហការសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធជាដើម។

ការដាក់ឱ្យអនុវត្តប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (GTAS) ដែលអាចទទួលបានទិន្នន័យអ្នកដំណើរជាមុន (Advance Passenger Information-API) និងកំណត់ត្រាឈ្មោះអ្នកដំណើរ (Passenger Name Record-PNR) ជាសមិទ្ធផលដ៏ថ្លៃថ្លាថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមគោរពតាមនិយាមនិងការណែនាំរបស់អង្គការអាកាចរស៊ីវិលអន្តរជាតិ (International Civil Aviation Organization – ICAO) និង អង្គការគយពិភពលោក (World Custom Organization – WCO) នៃអង្គការសហប្រជាជាតិ ដែលបានស្នើសុំដល់បណ្តារដ្ឋជាសមាជិក ត្រូវសហការនិងពង្រឹងលើដំណើរការគ្រប់គ្រងសន្តិសុខអ្នកដំណើរតាមផ្លូវអាកាស នៅតាមប្រទេស តំបន់ និងពិភពលោក។

ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (GTAS) មានភាពស៊ីចង្វាក់ទៅនឹងឧត្តមានុវត្តន៍អន្តរជាតិ និងមានសមត្ថភាពអាចទទួលព័ត៌មានអ្នកដំណើរជាមុន នូវទិន្នន័យមួយចំនួនដូចខាងក្រោម៖

  1. ទទួលយកទិន្នន័យអ្នកដំណើរជាមុនតាមផ្លូវអាកាស ពីក្រុមហ៊ុនអាកាសចរ
  2. ផ្ដល់ព័ត៌មានអ្នកដំណើរទៅអាជ្ញាធរមានសមត្ថកិច្ចជាមុន មុនពេលហោះហើរ ផ្អែកតាមទិន្នន័យសំបុត្រយន្តហោះ និងការផ្ដល់ព័ត៌មានអ្នកដំណើរនៅពេល Check-In
  3. ធ្វើសន្ធានកម្មទិន្នន័យ (Interface) ជាមួយប្រព័ន្ធដទៃទៀតបាន
  4. អភិវឌ្ឍមុខងារបន្ថែមតាមតម្រូវការប្រើប្រាស់ជាក់ស្ដែង (Open Source)
  5. តាមដានរំហូរព័ត៌មានអ្នកដំណើរ និងទំនិញរបស់អ្នកដំណើរ (Passenger Luggage)
  6. ផ្ដល់ព័ត៌មានជាមុនដើម្បីវិភាគលើហានិភ័យការងារសំខាន់ៗមួយចំនួនដូចជា បទល្មើសរត់គេចពន្ធ ការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម  បទល្មើសគ្រឿងញឿន និងបទល្មើសឆ្លងដែននានា។

 

កិច្ចប្រជុំផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ បានបញ្ចប់នៅវេលាម៉ោង ១១:៣០ នាទី នាថ្ងៃខែឆ្នាំដដែល ប្រកបដោយប

រិយាកាសរីករាយ និងស្និទ្ធស្នាល។

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត