នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ​២០១៧ នៅ​សណ្ឋាគារសាន់វ៉េ រាជធានី​ភ្នំពេញ មាន​ប្រារព្ធ​​ពិធីបើក​វគ្គបណ្តុះបណ្តាលបច្ចេកទេសស្តី​ពី ​“ចំណាត់ថ្នាក់ទំនិញតាមតារាងពន្ធគយ” ក្រោម​​​អធិបតី​ភាព​​របស់ លោក នួន ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ​ជា​តំណាង​ដ៏ខ្ពង់ខ្ពស់​របស់​ឯកឧត្តមបណ្ឌិត គុណ ញឹម ​ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​​គយ​និ​ង​រដ្ឋាករ​កម្ពុជាដោយមានការចូលរួមពីគ្រូឧទ្ទេសនាម និងសិក្ខាកាមចំនួន៤០រូប​​ ជា​មន្ត្រី​ជំនាញ​ទទួល​បន្ទុក​ការ​ងារ​ចំណាត់​ថ្នាក់​ទំនិញ​មក​ពី​បណ្តា​អង្គភាព​គយ​និង​រដ្ឋាករនានា​ ​។

វគ្គបណ្តុះបណ្តាលនេះ មាន​​​រយៈពេល​ពីរថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៧ ដែលត្រូវ​បាន​រៀប​ចំ​ឡើង​អនុលោម​តាម​​​ផែនការ​សកម្មភាព​ប្រចាំ​ឆ្នាំ​២០១៧ និង​យុទ្ធសាស្ត្រ​និង​កម្មវិធី​កំណែទម្រង់​និង​ទំនើបកម្ម​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ និង​ដោយ​មាន​​ការ​ឧបត្ថម្ភគាំ​ទ្រ​​ពី​មូល​និធិ​ទ្រទ្រង់​ថវិកា​របស់​សហភាព​អឺរ៉ុប​ដល់​​ក្រសួង​សេដ្ឋកិច្ច​​និង​ហិរញ្ញវត្ថុ ក្នុង​​គោល​បំណង​លើកកម្ពស់​​សមត្ថភាព​និង​ចំណេះដឹងរបស់មន្រ្តីគយនិងរដ្ឋាករកម្ពុជា​ លើ​ការ​ងារ​ចំណាត់ថ្នាក់ទំនិញ​តាម​តារាង​ពន្ធ​គយ​​។

ថ្លែង​ក្នុងសុន្ទរកថាបើក​វគ្គបណ្តុះបណ្តាលលោក នួន ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​ បាន​​​គូសបញ្ជាក់​ថា​​ការងារ​ចំណាត់ថ្នាក់ទំនិញជា​ការងារ​បច្ចេកទេស​គយ​ដែល​មានលក្ខណៈ​ ស្មុគ​ស្មាញ​ និង​មាន​ការ​វិវត្តន៍​ឥតឈប់ឈរ​ស្របតាមការ​ផ្លាស់ប្តូរ​នៃ​កិច្ច​​ប្រតិបត្តិការ​​​ពាណិជ្ជកម្ម​អន្តរជាតិនិង​ ការ​លេចចេញ​នូវ​មុខ​ទំនិញ​ថ្មីៗ​តាម​ការ​វិវត្ត​នៃ​បច្ចេកវិទ្យា។​​ ដូច្នេះ វគ្គបណ្តុះបណ្តាលស្តីពីការចាត់ថ្នាក់ទំនិញ តាមតារាងពន្ធគយនេះមាន​ភាព​ចាំបាច់​​ដែល​ត្រូវ​ធ្វើ​ឡើង​ជាប់ជាប្រចាំ​ ដើម្បីពង្រឹងសមត្ថភាពមន្រ្តីជំនាញ​ក្នុង​ការផ្ទៀងផ្ទាត់ចំណាត់ថ្នាក់ទំនិញតាមតារាងពន្ធគយ ដែលចូលរួមចំណែកដ៏សំខាន់ក្នុងការ​បង្កើន​ប្រសិទ្ធភាព​នៃ​ការកៀរគរចំណូល។

ទន្ទឹមនេះ លោកអគ្គនាយករងក៏​បាន​​​លើក​ឡើង​ផង​ដែរ​​ថា​ វគ្គបណ្តុះបណ្តាលនេះ​​គឺជាឱកាសល្អ​សម្រាប់សិក្ខាកាមទាំងអស់ដើម្បី​ទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀត តាមរយៈ​ការពិភាក្សាផ្លាស់ប្តូរ​មតិ​យោបល់​​​​ដោយ​ផ្ទាល់​ជាមួយក្រុមអ្នកឧទ្ទេសនាម​លើ ប្រធានបទសំខាន់ៗពាក់ព័ន្ធ​នឹង​​ប្រព័ន្ធចំណាត់ថ្នាក់​ទំនិញ (Harmonised System) តារាង​ពន្ធគយ​កម្ពុជា​ឆ្នាំ​២០១៧ និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​សំខាន់ៗស្តីពី​ការ​កែ​សម្រួល​គោលនយោបាយ​ពន្ធ​និង​អាករ​សម្រាប់​ឆ្នាំ​២០១៨​ ការ​ងារ​ចំណាត់ថ្នាក់ទំនិញ​នៅ​អង្គការ​គយ​ពិភពលោក​ វិធីសាស្ត្រ​ចាត់ថ្នាក់ទំនិញ លំហាត់​អនុវត្ត​ជាក់ស្តែង។ ថ្លែងក្នុង​ពិធី​បិទវគ្គបណ្តុះបណ្តាល​និង​ចែក​វិញ្ញាបនបត្រ​បញ្ជាក់ការ​សិក្សា​ លោកអគ្គនាយក​រង​ក៏បានជំរុញឱ្យសិក្ខាកាមទាំងអស់ប្រើប្រាស់ចំណេះ​​​​ដឹង​និង​ព័ត៌មាន​ដែល​ទទួល​បាន​ក្នុង​វគ្គបណ្តុះបណ្តាល​នេះ ព្រមទាំងបន្តចែករំលែកចំណេះដឹងជាមួយសហការី​នៅតាម​អង្គភាព​រៀង​ៗខ្លួន។

photo_2017-12-13_11-33-52photo_2017-12-13_11-33-34photo_2017-12-13_11-33-49photo_2017-12-13_11-33-46photo_2017-12-13_11-33-57

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត