នាព្រឹក ថ្ងៃច័ន្ទ ០២ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីចំណាត់ថ្នាក់ទំនិញ និងវិធានដើមកំណើតទំនិញ ក្រោមអធិបតីភាពរបស់លោក នួន ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីគ្រូឧទ្ទេសនាមមកពីនាយកដ្ឋានផែនការ និងបច្ចេកទេស ដើម្បីធ្វើបទបង្ហាញដល់សិក្ខាកាមចំនួន ៥០ រូប មកពីបណ្តាអង្គភាពគយនិងរដ្ឋាករនានា។

វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ រៀបចំឡើងដោយ​អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយអនុ​លោម​​​តាមផែនការសកម្មភាពប្រចាំឆ្នាំ២០២០ និងយុទ្ធសាស្ត្រកំណែទម្រង់ និងទំនើបកម្មគយរបស់អគ្គ​​នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់មន្ត្រីគយនិង​រដ្ឋាករលើការងារចំណាត់ថ្នាក់ទំនិញ​ និងវិធានដើមកណើតទំនិញ ដែលជាការចូលរួមចំណែកក្នុងការបង្កើនប្រសិទ្ធ​​​ភាព នៃការប្រមូលចំណូល ក៏ដូចជាអនុវត្តបានត្រឹមត្រូវស្របតាមកិច្ចព្រមព្រៀងជាធរមានដែលកម្ពុជាជា​សមាជិក។

ថ្លែងក្នុងសុន្ទរកថាបើកវគ្គបណ្តុះបណ្តាល លោក នួន ច័ន្ទរិទ្ធ បានគូសបញ្ជាក់ថា ការប្រមូលចំណូលនៅតែជាបេសកកម្មដ៏សំខាន់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយសារចំណូលដែល​ប្រមូលដោយគយបានចូលរួមចំណែកដ៏សំខាន់ដល់ថវិកាជាតិ។ ដើម្បីធានាបាននូវប្រសិទ្ធភាព​នៃការប្រមូលចំណូល ចំណាត់ថ្នាក់ទំនិញ​ជា​ប្រធានបទ​សំខាន់ ​នៃការងារបច្ចេកទេសគយ ​ដែលមន្ត្រីគយ​គ្រប់រូប​គួរ​យល់ដឹង ព្រោះ​ការធ្វើចំណាត់ថ្នាក់ទំនិញ គឺ​ជាការងារបច្ចេកទេសស្នូលរបស់គយចូលរួមចំណែកក្នុងការធានាប្រសិទ្ធភាព នៃការប្រមូលចំណូលបានត្រឹមត្រូវ​ប្រកប​​ដោយ​​​​សមភាព ការ​ចងក្រងស្ថិតិពាណិជ្ជកម្មទំនិញឱ្យមានគុណភាព រួមចំណែកក្នុងការកសាងគោលនយោបាយពន្ធនិ​ងអាករជាដើម។ ជាមួយគ្នានេះដែរ ការ​ធ្វើពាណិជ្ជកម្ម​អន្តរជាតិរវាង​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោកមាន​និន្នាការ​ឈាន​ទៅ​ការ​កាត់បន្ថយ​របាំង​ពន្ធ​គយ​រវាង​ប្រទេស​ជា​ដៃគូ ជាពិសេស​តាមរយៈ​ការ​ចុះ​កិច្ច​ព្រមព្រៀង​ពា​ណិជ្ជកម្មសេរី និង​ការ​ផ្តល់​ភាព​អនុគ្រោះពន្ធ​ពី​ប្រទេស​អភិវឌ្ឍន៍​មក​ប្រទេស​កំពុងអភិវឌ្ឍន៍ (GSP)។ វិធាន​ដើម​កំណើតទំនិញ​បាន​ក្លាយ​ជា​ប្រធាន​បទ​សំខាន់ដែល​ភាគី ​នៃ​កិច្ច​ព្រមព្រៀង​ប្រើប្រាស់​ជាឧបករណ៍​ដើម្បី​ចូលរួម​កសាង​គោលនយោបាយ​​ពាណិជ្ជកម្ម​អន្តរជាតិ​ និង​ការពារ​ផលិតកម្ម​ក្នុង​ស្រុក​របស់ខ្លួន​ពី​ការ​ធ្វើ​សមាហរណកម្មសេដ្ឋកិច្ច​ទៅ​ក្នុង​តំប​ន់។

ជា​ចុងបញ្ចប់ ​លោកអគ្គនាយក​រង ​ក៏បានផ្តាំផ្ញើឱ្យសិក្ខាកាមទាំងអស់ចូលរួមយ៉ាងសកម្មក្នុង​ការ​ពិភាក្សា ​និង​ផ្លាស់ប្តូរ​មតិយោបល់ដើម្បីក្រេបជញ្ជក់យកនូវ​ចំណេះដឹងល្អៗ​បន្ថែមទៀតពីគ្រូឧទ្ទេស​នាម ក្នុងគោល​បំណងដើម្បីទទួល​បាន​​​​នូវ​លទ្ធផលផ្លែផ្កា​​ដ៏ល្អពី​វគ្គបណ្តុះបណ្តាលនេះ។

1

2

3

4

5

6

7

8

9

10

11

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត