នាថ្ងៃអង្គារ ៤ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ មានប្រារព្ធវគ្គបណ្តុះបណ្តាលស្តីពី “ការធ្វើចំណាត់ថ្នាក់ទំនិញតាមតារាងពន្ធគយ” ក្រោមអធិបតីភាព លោក នួន ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានសិក្ខាកាមចំនួន ៦៣ រូប ជាមន្ត្រីមកពីបណ្តាអង្គភាពគយនិងរដ្ឋាករនានាទូទាំងប្រទេស ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពនិងចំណេះដឹង ក៏ដូចជាធ្វើបច្ចុប្បន្នភាពបទប្បញ្ញត្តិពាក់ព័ន្ធនានាដល់មន្រ្តីគយនិងរដ្ឋាករកម្ពុជា លើការងារចំណាត់ថ្នាក់ទំនិញតាមតារាងពន្ធគយ។

ចំណាត់ថ្នាក់ទំនិញ គឺជាផ្នែកមួយនៃបច្ចេកទេសគយដែលចូលរួមចំណែកដ៏សំខាន់ក្នុងការកៀរគរចំណូល និងការកែទម្រង់និងទំនើបកម្មរដ្ឋបាលគយកម្ពុជាស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ។ អាស្រ័យហេតុនេះ វគ្គបណ្តុះបណ្តាលនេះមានភាពចាំបាច់ដែលត្រូវធ្វើឡើងជាប់ជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពមន្រ្តីជំនាញក្នុងការផ្ទៀងផ្ទាត់ចំណាត់ថ្នាក់ទំនិញតាមតារាងពន្ធគយ។

នៅក្នុងកិច្ចដំណើរការរយៈពេល ០២ ថ្ងៃ ក្រៅពីការរំលឹកឡើងវិញនូវទិដ្ឋភាពបច្ចេកទេស សិក្ខាកាមទាំងអស់ក៏បានក្រេបជញ្ជក់នូវបទពិសោធន៍ថ្មីៗបន្ថែមទៀត ពាក់ព័ន្ធនឹងការងារចំណាត់ថ្នាក់ទំនិញ និងបទប្បញ្ញត្តិពាក់ព័ន្ធតាមរយៈមេរៀនរៀបរៀងដោយគ្រូបង្គោលមានដូចជា ៖ អនុសញ្ញាស្តីពីប្រព័ន្ធសុខដុមនីយកម្ម (HS Convention), វិធានចំណាត់ថ្នាក់ទំនិញ, វិធានបញ្ជាក់ជាមុន នៃចំណាត់ថ្នាក់ទំនិញ (Advance Ruling on HS Classification) ការធ្វើស្ថិតិតាមលេខកូដក្រុមទំនិញ និងលំហាត់សិក្សា។ វគ្គបណ្តុះបណ្តាលត្រូវបានបញ្ចប់ទៅដោយទទួលបានលទ្ធផលវាយតម្លៃខ្ពស់ ជាមួយនឹងការចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមទាំងអស់ដែលបានចូលរួមសិក្សាយ៉ាងសកម្ម។ សិក្ខាកាមត្រូវបានជំរុញលើកទឹកចិត្តឱ្យប្រើប្រាស់ចំណេះដឹងនិងព័ត៌មានដែលទទួលបាន ព្រមទាំងបន្តចែករំលែកចំណេះដឹងជាមួយសហការីនៅតាមអង្គភាពរៀងខ្លួនផងដែរ ។

1

2

3

4

77

 

7

 

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត