ថ្ងៃពុធ ១៥កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ មានប្រារព្ធពិធីបើកសិក្ខាសាលាស្តីពីកម្មសិទ្ធិបញ្ញា ក្រោមអធិបតីភាពរបស់ លោក នួន ច័ន្ទរិទ្ធ អគ្គនាយករងនៃ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងមានការចូលរួមពីគ្រូឧទ្ទេសនាមមកពីនាយកដ្ឋានជំនាញនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្រសួងពាណិជ្ជកម្ម និងម្ចាស់ម៉ាកល្បីៗចំនួន៧ ចូលរួមផ្តល់បទបង្ហាញដល់សិក្ខាកាមចំនួន ៤០រូប មកពីបណ្តាអង្គភាពគយនិងរដ្ឋាករនានា។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អនុលោមតាមផែនការសកម្មភាពប្រចាំឆ្នាំ២០១៨ និងយុទ្ធសាស្ត្រនិងកម្មវិធីកំណែទម្រង់និងទំនើបកម្មរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងចំណេះដឹងរបស់មន្រ្តីគយនិងរដ្ឋាករកម្ពុជា លើការងារកម្មសិទ្ធិបញ្ញា។

ថ្លែងក្នុងសុន្ទរកថាបើកសិក្ខាសាលា លោក នួន ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់ថា ទន្ទឹមនឹងការងារប្រមូលចំណូល ការការពារសន្តិសុខនិងសុវត្ថិភាពសង្គម ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏ជាការងារអាទិភាពសម្រាប់ អគរ ផងដែរ។ សិក្ខាសាលានេះត្រូវបានរំពឹងថា នឹងចូលរួមចំណែកក្នុងការពង្រឹងប្រសិទ្ធភាពការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការជួញដូរឆ្លងដែននូវផលិតផលក្លែងក្លាយដែលរំលោភកម្មសិទ្ធិបញ្ញា ក្នុងគោលបំណងប្រឆាំងការប្រកួតប្រជែងមិនស្មោះត្រង់លើទីផ្សារ ការការពាររបកគំហើញថ្មី លើកទឹកចិត្តដល់ការស្រាវជ្រាវបច្ចេកវិទ្យា និងការពារសង្គមពីការប្រើប្រាស់ផលិតផលក្លែងក្លាយដែលពេលខ្លះមិនត្រឹមតែខ្វះគុណភាពទេ គឺថែមទាំងផ្តល់គ្រោះថ្នាក់ទៀតផង។

ទន្ទឹមនេះ លោកអគ្គនាយករងក៏បានលើកឡើងផងដែរថា សិក្ខាសាលានេះគឺជាឱកាសល្អសម្រាប់សិក្ខាកាមទាំងអស់ដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀត តាមរយៈការពិភាក្សាផ្លាស់ប្តូរមតិយោបល់ដោយផ្ទាល់ជាមួយគ្រូឧទ្ទេសនាមលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ច្បាប់និងបទប្បញ្ញត្តិកម្ពុជាទាក់ទងនឹងកម្មសិទ្ធបញ្ញា នីតិវិធីនៃការអនុវត្តច្បាប់សម្រាប់គ្រប់គ្រងទំនិញនាំចេញ-នាំចូលជាប់កម្មសិទ្ធិបញ្ញា និងជំនាញពាក់ព័ន្ធនឹងការកំណត់អត្តសញ្ញាណ ទំនិញក្លែងក្លាយ។ លោកអគ្គនាយករង ក៏បានជំរុញឱ្យសិក្ខាកាមទាំងអស់ចូលរួមសកម្មក្នុងការសិក្សាស្វែងយល់ ពិភាក្សា និងចែករំលែកនូវបទពិសោធន៍ទៅវិញទៅមក ក្នុងគោលបំណងដើម្បីទទួលបាននូវលទ្ធផលផ្លែផ្កាដ៏ល្អពីសិក្ខាសាលានេះ។

2

1

3

4

5

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត