នាថ្ងៃពុធ  ១០ កើត ខែជេស្ឋ  ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ០៩:៣០ នាទីព្រឹក នៅសណ្ឋាគារសាន់វ៉េ មានប្រារព្ធសិក្ខាសាលាស្តីពីកម្មសិទ្ធិបញ្ញា ក្រោមអធិបតីភាពរបស់លោក នួន ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយ​មាន​ការ​ចូលរួមពីគ្រូឧទ្ទេសនាមមកពីនាយកដ្ឋានជំនាញ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, ក្រសួងពាណិជ្ជកម្ម, គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងតំណាងម្ចាស់កម្មសិទ្ធិបញ្ញា នៃសមា​គម​​ធុរ​កិច្ចជប៉ុននៅកម្ពុជា និង Schmitt & Orlov Firm ចូលរួមផ្តល់បទបង្ហាញដល់សិក្ខាកាមចំនួន ៤០ រូប មកពីបណ្តាអង្គភាពគយនិងរដ្ឋាករនានាទូទាំងប្រទេសកម្ពុជា។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មាន​រយៈពេល​ ០២ ថ្ងៃ ចាប់ពី​ថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ដោយអនុលោមតាមផែនការសកម្មភាពប្រចាំឆ្នាំ២០១៩ និងយុទ្ធសាស្ត្រ និងកម្មវិធីកំណែទម្រង់និងទំនើបកម្មរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងចំណេះដឹងរបស់មន្រ្តីគយនិងរដ្ឋាករកម្ពុជាលើការងារកម្មសិទ្ធិបញ្ញា។

ថ្លែងក្នុងសុន្ទរកថាបើកសិក្ខាសាលា លោក នួន ច័ន្ទរិទ្ធ បានគូសបញ្ជាក់ថាការការពារកម្មសិទ្ធិបញ្ញា ដើរតួនាទីក្នុងការជំរុញឱ្យមានការស្រាវជ្រាវវិទ្យាសាស្ត្រ ការបង្កើតបច្ចេកវិទ្យា និងផលិតផលថ្មីៗ ដែលជួយជំរុញដល់ការបង្កើនផលិតកម្មសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិ។ រាជរដ្ឋាភិបាលបានកំពុងអនុវត្តគោលនយោបាយ​អភិវឌ្ឍន៍ឧស្សាហកម្ម និងគោលនយោបាយគាំពាឧស្សាហកម្មធុនតូចនិងមធ្យម (SME) ដែលនេះឆ្លុះបញ្ជាំងថា ការលើកទឹកចិត្តការស្រាវជ្រាវផ្នែកបច្ចេកទេសផលិតកម្ម ការការពារស្នាដៃ និងរបកគំហើញថ្មីៗ នឹងជួយដល់​ការទាក់ទាញអ្នកវិនិយោគទាំងក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិល្បីៗ​មកវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត។

លោកអគ្គនាយករង​បាន​បន្ថែមថាការក្លែងបន្លំ និងការលួច​ចម្លង​គឺកំពុងតែគម្រាម​គំហែង​​យ៉ាង​ធ្ងន់ធ្ងរ​ដល់សុខភាព និងសុវត្ថិភាពរបស់អ្នក​ប្រើប្រាស់ និងរារាំងដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ។ ទន្ទឹមនេះ ការធ្វើអត្តសញ្ញាណកម្មផលិតផលក្លែងក្លាយដែល​ហូរ​ចូល​ទីផ្សារ​ក្នុងស្រុកកាន់​តែ​មាន​ភាព​លំបាក ដែលទាមទារនូវការយកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ត្រួតពិនិត្យ​ចំពោះការនាំចេញ​នាំចូល​​ទំនិញជាប់កម្មសិទ្ធិបញ្ញា។ សិក្ខាសាលានេះនឹងអនុញ្ញាតឲ្យសិក្ខាកាមបានស្វែងយល់ពីបទប្បញ្ញត្តិ និងការងារបច្ចេកទេសពាក់ព័ន្ធនឹងការងារកម្មសិទ្ធិបញ្ញាពីសំ​ណាក់​មន្ត្រីជំនាញនៃ អគរ, ក្រសួងពាណិជ្ជកម្ម, គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ផលិត​ផល​ក្លែង​ក្លាយ និងម្ចាស់ម៉ាកធំៗផងដែរ។

នាចុង​បញ្ចប់ គណៈអធិបតី​សង្ឃឹមថាសិក្ខាសាលានេះ នឹងលើកកម្ពស់ការយល់ដឹងរបស់មន្ត្រីគយនិងរដ្ឋាករដែលជាសិក្ខាកាមក្នុង​ការងារបង្ក្រាបការជួញដូរផលិតផលក្លែងក្លាយឆ្លងដែន ដែល​ជាការចូលរួមចំណែកបង្កើនប្រសិទ្ធភាព​ការការពារ​សុវត្ថិភាពនិងសន្តិសុខសង្គម ដែលជាតួនាទីសំខាន់មួយរបស់ អគរ ក្រៅពីតួនាទីប្រមូលចំណូល​។

photo_2019-06-14_11-38-08 photo_2019-06-14_11-38-18 photo_2019-06-14_11-38-22 photo_2019-06-14_11-38-25 photo_2019-06-14_11-38-28 photo_2019-06-14_11-38-31 photo_2019-06-14_11-38-34

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត