នាថ្ងៃអង្គារ​ ១៣ កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក​ ព.ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ​ភោជនីយដ្ឋាន​​​តូប៉ាស មាន​ប្រារព្ធ​​​​កិច្ច​សន្ទនា​​​អាហារ​​​ថ្ងៃត្រង់ដែល​រៀបចំ​ដោយ​​សភា​​​ពាណិជ្ជកម្ម​សហគមអឺរ៉ុប​​ប្រចាំ​នៅ​ប្រទេស​​​​​​​កម្ពុជា ក្នុង​គោល​​​បំណង​​ស្វែង​យល់​ពី​​វឌ្ឍនភាព​ថ្មីៗ​​​​​នៃ​គោល​​នយោ​បាយ​​ពន្ធគយ​ កិច្ចសម្រួលពាណិជ្ជកម្ម នីតិវិធី​គយ និង​​ទស្សនវិស័យគយ​នៅ​ពេល​អនាគត។ ​កិច្ច​សន្ទនា​នេះ​បាន​ប្រព្រឹត្ត​ទៅ​​​ក្រោម​​អធិបតី​ភាព​ឯកឧត្ដម​បណ្ឌិត​ គុណ ញឹម ប្រតិភូ​​រាជ​រដ្ឋាភិបាល​​​ទទួល​បន្ទុក​ជា​​អគ្គនាយក​នៃ​​​អគ្គ​នាយកដ្ឋាន​​គយនិងរដ្ឋាករកម្ពុជា (អគរ) និង​​មាន​ការ​​ចូលរួមដោយ​ឯក​ឧត្ដម George Edgar ឯកអគ្គ​រដ្ឋទូត​​សហភាព​អឺរ៉ុប​ប្រចាំ​នៅប្រទេស​កម្ពុជា, លោក Arnaud Darc  ប្រធាន​ក្រុម​ប្រឹក្សា​​​ភិបាល​​​ស​ភា​​​​ពាណិជ្ជ​កម្ម​​​​​​​សហគមអឺរ៉ុប​​​​នៅ​កម្ពុជា, លោក Blaise Kilian នាយកប្រតិបត្តិ​របស់ EuroCham និង​​ពីថ្នាក់​​ដឹកនាំ​ អគរ, ​​ នាយក​​​ប្រតិបត្តិ​ ​និង​តំណាង​សហគម​​​អាជីវកម្មប្រមាណ​ ១០០ នាក់។

ក្នុង​សុន្ទរកថា​បើកកិច្ច​សន្ទនានេះ លោក Arnaud Darc  ប្រធាន​ក្រុមប្រឹក្សាភិបាលសភា​ពាណិជ្ជកម្ម​សហគមអឺរ៉ុបនៅ​កម្ពុជា បានថ្លែងអំណរគុណ និងបានកោត​សរសើរ​​​​ពីការរីកចម្រើន​​របស់ អគរ ក្នុងការ​ធ្វើឲ្យប្រសើរ​ឡើងនូវ​​បរិយាកាស​ធុរកិច្ច​​និងពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និងជា​​​​ពិសេស​កិច្ច​​​​សហប្រតិ​បត្តិការគយ និង​​​​សភា​​ពាណិជ្ជកម្ម​សហគមអឺរ៉ុប​​នៅ​កម្ពុជា ដែល​បាន​​ដោះស្រាយ​បញ្ហា​ជាច្រើន​គួរ​ឲ្យ​​​កត់សម្គាល់។

នាឱកាសនេះដែរ ឯកឧត្ដម George Edgar ឯកអគ្គ​រដ្ឋទូត​​សហភាព​អឺរ៉ុប​ប្រចាំ​នៅប្រទេស​កម្ពុជា បានថ្លែង​អំណរគុណ​ EuroCham និង អគរ ក្នុង​​​ការ​រៀបចំកិច្ចសន្ទនានេះឡើងដើម្បីផ្តល់​ឱកាស​ដល់ភាគី​ពាក់ព័ន្ធស្វែងយល់​និង​ដោះស្រាយ​នូវ​បញ្ហា​ពាក់​ព័​ន្ធ​នឹ​ងគយនានា។ ឯកឧត្តម​បាន វាយ​តម្លៃ​ខ្ពស់ចំពោះ​តួនាទីរបស់គយក្នុងការប្រមូល​ចំណូល និង​ការសម្រួល​ពាណិជ្ជកម្ម​ព្រមទាំង​បានបញ្ជាក់ពីការគាំទ្រររបស់សហភាព​អឺរ៉ុប​​ក្នុងការ​បង្កើន​ប្រសិទ្ធភាព​​ប្រតិ​បត្តិ​​​ការ​​គយ ​​និង​សាមញ្ញកម្ម​នីតិវិធី​គយ​តាម​រយៈ​កម្មវិធី ARISE PLUS។

នៅក្នុង​បទអន្តរាគមន៍ ឯកឧត្ដមបណ្ឌិត គុណ ញឹម បានលើកឡើងពីស្ថានភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មល្អក្នុងឆ្នាំ២០១៨​ ដែលមាន​កំណើន​​សេដ្ឋកិច្ច​​​​លើសពី​ ៧%និងបានគូសរំលេចវឌ្ឍនភាពនានា​របស់ អគរ ជាពិសេស​ជោគជ័យ​នៃការ​ប្រមូលចំណូល​បាន​លើស​ផែនការ​និង​មាន​កំណើនជារៀង​រាល់ឆ្នាំ គ្របដណ្តប់​ប្រមាណ៥០%នៃ​ចំណូលសារពើពន្ធ ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈដែល​អត្រា​ពន្ធគយនៃ​មុខទំនិញ​ភាគច្រើន​ត្រូវបាន​ចុះ​មក០%​ក្នុង​ក្របខណ្ឌ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី ហើយ​ចំណូល​ពន្ធ​ ផ្ទៃ​ក្នុងដែល​ប្រមូលអគ្គនាយកដ្ឋាន​ពន្ធដារកាន់តែ​កើនឡើង​ជាលំដាប់។ ឯកឧត្តម​បានលើកឡើងថា ​ជោគជ័យនេះ​​​កើត​ចេញ​ពី​​កត្តា​​​មួយចំ​នួនរួមមាន ​កា​រ​​អនុវត្តកម្ម​វិធី​កំណែទម្រង់​និង​​​ទំនើប​កម្ម​​​​គយ​, សាមញ្ញកម្មនីតិវិធីគយ, ការ​អនុវត្តប្រព័ន្ធស្វ័យប្រវត្តិកម្ម,​ ការប្រយុទ្ធ​ប្រឆាំង​អំពើ​រត់គេចពន្ធ, និង​ការអនុវត្ត​យន្តការ​ភាពជាដៃគូគយ-ផ្នែក​ឯកជន។ ឆ្លៀត​ក្នុង​ឱកាស​​នោះ​​  ឯកឧត្ដមបណ្ឌិត គុណ ញឹម បានថ្លែងអំណរគុណសហភាព​អឺរ៉ុបដែលបាន​រួមចំណែកផ្តល់​ជំនួយក្នុងការ​បង្កើតនិង​ដាក់​ឲ្យ​​​​ប្រើ​ប្រាស់​​​ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (អាស៊ីគូដា) និង​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ក្នុងក្របខណ្ឌ​ភាពជាដៃគូគយ-ផ្នែកឯកជននាពេល​កន្លងមក​។

បន្ទាប់មក ឯកឧត្តមបណ្ឌិត គុណ ញឹម បានឆ្លើយ​បំភ្លឺ និងបានសន្យាពិនិត្យលទ្ធភាព​ដោះស្រាយនូវ​សំណូមពរនិងសំណួរ​មួយចំនួន​ដែល​បាន​លើកឡើងដោយ​វិស័យ​ឯកជន ពាក់ព័ន្ធ​នឹងនីតិ​វិធី​បំពេញបែបបទគយ, ការ​កំណត់​តម្លៃគិតពន្ធគយ, ការផ្ទៀងផ្ទាត់​វិញ្ញបនបត្រ​ដើមកំណើត​ទំនិញ, ការ​បង្ការ​និបង្ក្រាប​អំពើរត់គេចពន្ធ, គោលនយោបាយ​ពន្ធគយ ព្រមទាំង​បាន​ផ្តាំ​ផ្ញើ​ឲ្យធុរជន​ទាំងអស់ខិត​ខំពង្រឹង​អនុលោមភាព​ច្បាប់របស់ខ្លួន និង​សុំ​ចូល​ជា​សមាជិក​ធុរជន​ល្អបំផុត ដើម្បី​ទទួល​បាន​នូវ​ប្រព្រឹត្តកម្មពិសេស​បន្ថែម​ទៀត​លើការ​បំពេញ​បែបបទបញ្ចេញ​ទំនិញពីគយ

កិច្ចសន្ទនានេះត្រូវបានបញ្ចប់ទៅនៅម៉ោង ១៤:០០ នាទី​ នៅថ្ងៃដដែលក្រោមបរិយាកាសការងារ ​ស្និទ្ធស្នាល និងប្រកប​ដោយ​ការ​យក​ចិត្ត​ទុកដាក់ខ្ពស់។

photo_2018-11-21_09-26-03 photo_2018-11-21_09-26-18 photo_2018-11-21_09-26-22 photo_2018-11-21_09-26-27 photo_2018-11-21_09-26-31 photo_2018-11-21_09-26-38 photo_2018-11-21_09-26-43 photo_2018-11-21_09-26-47 photo_2018-11-21_09-26-51 photo_2018-11-21_09-26-55

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត