នាថ្ងៃទី១២ ខែតុលា ២០១៧ វេលាម៉ោង ០៣:០០ រសៀល ឯកឧត្ដមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានទទួលជួបប្រជុំការងារជាមួយលោក Shigeaki Kamo ប្រធានក្រុមអ្នកជំនាញទទួលបន្ទុកកិច្ចសហប្រតិបត្តិការក្នុងតំបន់នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក Steve Cox អ្នកជំនាញការអន្តរជាតិផ្នែកការសិក្សារយៈបញ្ចេញទំនិញពីគយ និងលោក Katsu Shigeaki អ្នកជំនាញការរយៈពេលវែងនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅអគរ ដើម្បីពិនិត្យពិភាក្សាលើការងារត្រៀមរៀបចំអនុវត្តការសិក្សារយៈពេលបញ្ចេញទំនិញពីគយលើកទី២ ក្រោមគម្រោងជំនួយរបស់ ADB សហការជាមួយមូលនិធិជប៉ុនកាត់បន្ថយភាពក្រីក្រ។

ក្នុងជំនួបនេះ លោក Shigeaki Kamo បានជម្រាបជូនអង្គប្រជុំថា ក្នុងរយៈពេលនៃការបំពេញបេសកកម្មតំបូងរបស់ខ្លួននេះ ក្រុមអ្នកជំនាញការបានជួបប្រជុំជាមួយក្រុមការងារប្រព័ន្ធស្វ័យប្រវត្តិកម្មគយ (អាស៊ីគូដា) និងបានចុះទៅសិក្សាស្វែងយល់នូវនីតិវិធីនៃការបញ្ចេញទំនិញពីគយនៅសាខាគយនិងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងកំពង់ផែអន្តរជាតិភ្នំពេញ។ តាមរយៈលទ្ធផលនៃបេសកកម្មនេះ ក្រុមការងារនឹងបន្តរៀបចំផែនការសកម្មភាព ដោយកំណត់នូវគម្រោងពេលវេលា និងវិសាលភាពគ្របដណ្តប់សម្រាប់ការសិក្សា និងគ្រោងរៀបចំសិក្ខាសាលាដោយមានការចូលរួមពីភាគីពាក់ព័ន្ធនានាក្នុងអំឡុងខែមីនា ឆ្នាំ២០១៨ ខាងមុខ។

ជាកិច្ចឆ្លើយតប ឯកឧត្តមបណ្ឌិត គុណ ញឹម បានសំដែងការស្វាគមន៍ និងលើកឡើងនូវសាវតានិងលទ្ធផលនៃការសិក្សារយៈពេលការបញ្ចេញទំនិញពីគយលើកទី១ ត្រូវបានអនុវត្តនាឆ្នាំ២០១៣ ដែលការសិក្សានោះគ្រប់ដណ្តប់តែលើនីតិវិធីគយតែប៉ុណ្ណោះ។ សម្រាប់ការសិក្សាលើកទី២ នេះ ឯកឧត្តមបានស្នើឲ្យក្រុមការងារពិចារណាពង្រីកវិសាលភាពនៃការសិក្សាឲ្យបានទូលំទូលាយជាងមុនដោយគ្របដណ្តប់ទាំងនីតិវិធីគយ និងនីតិវិធីពាក់ព័ន្ធរបស់ក្រសួង-ស្ថាប័នជំនាញដែលមានសមត្ថកិច្ចក្នុងចេញអាជ្ញាប័ណ្ណ/លិខិតអនុញ្ញាត ឬវិញ្ញាបនបត្រ សម្រាប់ប្រើប្រាស់ក្នុងការបញ្ចេញទំនិញពីគយ ក្នុងអំឡុងពេលកម្ពុជា កំពុងត្រៀមរៀបចំអនុវត្តគម្រោងបញ្ជរតែមួយជាតិក្នុងដំណាក់កាលទី២ ផងដែរ។  ទន្ទឹមនេះ ឯកឧត្តមក៏បានស្នើឲ្យ ADB បន្តពិនិត្យលទ្ធភាពផ្តល់ជំនួយបច្ចេកទេស លើការជួយរៀបចំប្រព័ន្ធតាមដានទំនិញប្រើប្រាស់បច្ចេកវិទ្យាទំនើប (GPS Cargo Tracking System) ដែលប្រព័ន្ធនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពបន្ថែមទៀតនូវកិច្ចសម្រួលពាណិជ្ជកម្ម ជាពិសេសការងារឆ្លងកាត់គយ។

ជំនួបប្រជុំនេះត្រូវបានបញ្ចប់នៅម៉ោង ១៦:០០ នាថ្ងៃដដែល ក្រោមបរិយាកាសរីករាយ ប្រកបដោយកិច្ចសហប្រតិបត្តិការល្អ និងស្និទ្ធស្នាល។

photo_2017-10-12_17-53-00 photo_2017-10-12_17-55-34 photo_2017-10-12_17-55-56

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត