នាថ្ងៃព្រហស្បត៍ ១១រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ គ.ស ២០១៧ វេលាម៉ោង ១៦:០០ នាទី ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអនុញ្ញាតឲ្យលោក Aivaras Pigara ជំនាញការប្រព័ន្ធឆ្លងកាត់គយអាស៊ាន (ACTS) នៃគម្រោង ARISE Plus  ចូលជួបសម្តែងការគួរសមក្នុងគោលបំណងពិភាក្សាការងារពាក់ព័ន្ធនឹងការតម្លើងប្រព័ន្ធឆ្លងកាត់គយអាស៊ាន។

ក្នុងកិច្ចពិភាក្សានេះ លោក Aivaras Pigara បានជម្រាបជូនអង្គប្រជុំពីការផ្តល់ជំនួយបច្ចេកទេសរបស់​គម្រោង ARISE Plus ដើម្បីសិក្សាពីការតម្លើងប្រព័ន្ធឆ្លងកាត់គយអាស៊ាន (ACTS)សម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាម៉ា និងវៀតណាម (CLMV) ដោយផ្តោតសំខាន់លើ (១)ការសិក្សាពីតម្រូវការ hardware និង software សម្រាប់ប្រព័ន្ធ ACTS (២)ការរៀបចំផែនការសកម្មភាពសម្រាប់តម្លើងប្រព័ន្ធ ACTS និង(៣)ការរៀបចំក្រុមការងារជាតិសម្រាប់គ្រប់គ្រងប្រព័ន្ធ ACTS ។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានថ្លែងអំណរគុណចំពោះវត្តមានរបស់លោក Aivaras Pigara និងសំដែងការស្វាគមន៍ចំពោះគម្រោង ARISE Plus ក្នុងការសិក្សាវាយតម្លៃពីតម្លើងប្រព័ន្ធឆ្លងកាត់គយអាស៊ាន (ACTS)​សម្រាប់​កម្ពុជា។ ឯកឧត្តមក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃប្រព័ន្ធឆ្លងកាត់គយអាស៊ាន ដែល​នឹង​ជួយ​ដល់ អគរ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងទំនិញ​ឆ្លងកាត់​ និងបានស្នើសុំឲ្យអ្នកជំនាញការប្រព័ន្ធឆ្លងកាត់គយអាស៊ាន (ACTS) នៃគម្រោង ARISE Plus បន្តធ្វើការជាមួយ​ក្រុម​ការងារ​គយនិងរដ្ឋាករកម្ពុជា ដើម្បីសិក្សាពីលទ្ធភាពតម្លើងប្រព័ន្ធឆ្លងកាត់គយអាស៊ាននេះ ។

កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ១៧:០០ ថ្ងៃដដែលក្រោមបរិយាកាសការងារ និងស្និទ្ធស្នាល ។

photo_2017-12-15_16-27-03 photo_2017-12-15_16-27-13

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត