នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ១០:០០ ព្រឹក ឯកឧត្ដមបណ្ឌិត គុណ ញឹម អគ្គ​នាយក​នៃ​​​​​​​អគ្គនាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា (អគរ) បានអនុញ្ញាតឲ្យ​គណៈប្រតិភូ​​​របស់​ស្ថាន​ទូត​អូស្ត្រាលី ដឹកនាំដោយ​ លោក David Ness នាយក​ប្រចាំ​តំបន់ទន្លេ​មេគង្គ​​ ទទួល​បន្ទុកអន្តោ​ប្រវេសន៍​​ និង​ការ​ពារ​ព្រំដែននៃស្ថាន​ទូត​អូស្ត្រាលី​​​ប្រចាំ​ទីក្រុង​​​​​បាងកក ចូលជួប​សម្តែង​​ការ​គួរសម និងណែនាំខ្លួនចំពោះការ​ចូលកាន់តំណែង​ថ្មី​នៅ​ទីក្រុង​​​​​បាងកក  ពិភាក្សា​​ការងារ​ពាក់ព័ន្ធ​​​នឹង​វឌ្ឍនភាពជាអាទិភាព​របស់ អគរ ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ ​ និង​ការ​​លើក​​​​កម្ពស់​​ចំណេះ​ដឹង​​ និង​សមត្ថភាពមន្ត្រីគយ ។

ក្នុង​ជំនួប​នេះ ឯកឧត្តមបណ្ឌិត​ គុណ ញឹម បាន​ស្វាគមន៍ និងបង្ហាញអំពីវឌ្ឍនភាព​​ តួនាទី​​និង​ភារកិច្ច​​សំខាន់ៗ​របស់ អគរ ពាក់ព័ន្ធនឹង​ការ​ប្រមូល​ចំណូលពន្ធគយ ការ​បង្ក្រាប​អំពើរត់គេចពន្ធ និង​កិច្ច​ស​ម្រួល​​​ពាណិជ្ជកម្ម។ ឯកឧត្តម​បណ្ឌិត​ គុណ ញឹម បាន​​ជម្រាប​អង្គ​ប្រជុំ​អំពី​ការចាត់វិធាន​ការ​ក្នុង​ការ​បង្ការ​អំពើ​រត់ពន្ធ ការ​ជួញដូរគ្រឿងញៀន ការជួញដូរ​សត្វព្រៃខុសច្បាប់មកកម្ពុជា ការ​បើក​សម្ពោធដាក់​ដំណើរ​​ការ​ការិយាល័យ​អង្គភាពត្រួតពិនិត្យកុងតឺន័រ​នៅខែឧសភា ឆ្នាំ២០១៧ កន្លងមកថ្មីៗនេះ ការ​​ដាក់​ឲ្យ​ដំណើរការ​ឧបករណ៍​​​សម្រាប់​​​​ស្រាវជ្រាវ​​រុករក​សារធាតុ​វិទ្យុ​​សកម្ម​​​​ និង​ម៉ាស៊ីន​ស្កែននៅមាត់​ច្រក​​សំខាន់ៗ​​មួយ​ចំនួន​។ ឯកឧត្ត​ម​​​​ក៏បា​ន​លើកឡើង​​អំពី​បញ្ហា​ប្រឈមរបស់ អគរ ​​​​​​​​ដែល​​​កំពុង​ជួបប្រទះ​មួយ​ចំនួន​​​​ក្នុងការ​អនុវត្ត​ច្បាប់​រួម​មាន​ កង្វះ​ខាត​​ឧ​បករណ៍ បរិក្ខារ និង​មធ្យោបាយ​​ ក្នុង​ការ​បំពេញ​​​​ការ​ងារ​​ជាក់ស្តែងរបស់ អគរ​​។

ជាកិច្ច​ឆ្លើយតប លោក David Ness បានថ្លែង​អំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និង​សម្តែង​​ការ​កោតសរសើរ​ពីវឌ្ឍនភាព​ និង​ការរីកចម្រើន​របស់ អគរ​។ លោកក៏បានបង្ហាញផងដែរពី​កិច្ច​សហ​ប្រតិបត្តិ​ការ​​របស់​​​ប្រទេស​​អូស្ត្រាលី​​ប្រចាំតំបន់ទន្លេមេគង្គ ក្នុងនោះប្រទេស​អូស្ត្រាលីបាននិង​កំពុង​អនុវត្ត​គម្រោង​​​​​​សុវត្ថិភាព​​​តំបន់​​​​ទន្លេមេគង្គ  “SAFE Mekong” ដែលជា​គំនិត​ផ្តួច​ផ្តើម​ដែល​ត្រូវ​អនុវត្ត​ក្នុង​ប្រទេស​ថៃ ឡាវ មីយ៉ាន់ម៉ា វៀតណាម និង​​​​​កម្ពុជា ដើម្បី​​ទប់ស្កាត់​ការរត់​​គេច​​ពន្ធ​​​​​គ្រឿងញៀនខុសច្បាប់នៅតាម​តំបន់ទន្លេមេគង្គ។

នាឱកាសនេះ​​ ឯកឧត្តមបណ្ឌិត គុណ ញឹម បានបង្ហាញនូវ​ចំណាប់អារម្មណ៍​ក្នុង​ការ​ពង្រឹង​​កិច្ចស​ហ​ប្រតិបត្តិ​​ការ​​ជាមួយ​ប្រទេសអូស្ត្រាលី ជាពិសេសការ​ផ្លាស់ប្តូរ​ព័ត៌មាន​ទៅវិញទៅមក និងការលើក​កម្ពស់​​ចំណេះ​ដឹង​​​ និង​សមត្ថភាពមន្ត្រីគយផងដែរ។

photo_2017-06-22_10-01-15photo_2017-06-22_10-00-54 photo_2017-06-22_10-01-09

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត