នាថ្ងៃទី១៤ ខែវិច្ឆិកា ២០១៧ វេលាម៉ោង ១០:០០ ព្រឹក ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បាន ទទួលជួបប្រជុំការងារជាមួយគណៈប្រតិភូសហគមន៍អឺរ៉ុបដែលដឹកនាំដោយលោកស្រី Stephanie Ludwig និងចូលរួមសង្កេតការណ៍ដោយលោក Cladius Bredeheft តំណាងអង្គការ GIZ ក្នុងគោលបំណងពិភាក្សាការងារពាក់ព័ន្ធនឹងគម្រោងជំនួយ “សមាហរណកម្មពាណិជ្ជកម្មអាស៊ាន (Sustainable ASEAN Trade Integration)” ដែលគាំទ្រហិរញ្ញវត្ថុដោយសហគមន៍អឺរ៉ុប ។

ក្នុងកិច្ចពិភាក្សានេះ គណៈប្រតិភូសហគមន៍អឺរ៉ុបបានជម្រាបជូនអង្គប្រជុំថា សហគមន៍អឺរ៉ុបកំពុងរៀបចំផែនការសកម្មភាព និងកំណត់អាទិភាពមួយចំនួន ដើម្បីផ្តល់ការគាំទ្រ និងជំនួយបច្ចេកទេសលើផ្នែក ០៣ សំខាន់ៗរួមមាន ៖ (១) កិច្ចសម្រួលពាណិជ្ជកម្មដោយផ្តោតសំខាន់លើគម្រោងប្រព័ន្ធបញ្ជរតែមួយជាតិ និងការលើកកំពស់នីតិវិធីគយ (២) ការពង្រឹងសមត្ថភាពស្ថាប័ននិងកែលម្អការអនុវត្តច្បាប់និងបទប្បញ្ញត្តិ និង (៣) ការលើកកម្ពស់ការចូលរួមរបស់វិស័យឯកជននិងការត្រៀមខ្លួនរបស់សហគ្រាសធុនតូចនិងមធ្យម។ ពាក់ព័ន្ធនឹងអគរ សហគមន៍អឺរ៉ុបក៏មានគោលបំណងសិក្សាស្វែងយល់អំពីតម្រូវការជាក់ស្តែងរបស់ អគរ ដើម្បីពិនិត្យលទ្ធភាពដាក់បញ្ចូលទៅក្នុងកម្មវិធីគាំទ្រនិងផ្តល់ជំនួយបច្ចេកទេសរបស់សហគមន៍អឺរ៉ុបផងដែរ។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានសំដែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះវត្តមានរបស់គណៈប្រតិភូសហគមន៍អឺរ៉ុប និងបានជម្រាបជូនគណៈប្រតិភូថា ប្រទេសកម្ពុជាបានធ្វើសេចក្តីជូនដំណឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) អំពីចំណាត់ថ្នាក់វិធានការនៃកិច្ចព្រមព្រៀងនាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ និងកំពុងរៀបចំរបាយការណ៍ពាណិជ្ជកម្មកម្ពុជាផងដែរ។ ឯកឧត្តមបានបន្តគូសបញ្ជាក់ថា អង្គភាពគយមានតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសម្រួលពាណិជ្ជកម្មអន្តរជាតិ។ កន្លងមក អគរ បានកសាងនិងអនុវត្តនូវយុទ្ធសាស្ត្រនិងកម្មវិធីកំណែទម្រង់និងទំនើបកម្មរបស់ខ្លួន ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះសមិទ្ធផលសំខាន់ៗ រួមមាន៖ ការដាក់ឲ្យអនុវត្តប្រព័ន្ធស្វ័យប្រវត្តិកម្មគយ (ASYCUDA) នៅគ្រប់អង្គភាពគយនិងរដ្ឋាករទូទាំងប្រទេស ការអនុវត្តយន្តការភាពជាដៃគូគយ-ផ្នែកឯកជនប្រកបដោយប្រសិទ្ធភាព ការអនុវត្តកម្មវិធីធុរជនល្អបំផុតទទួលបានប្រព្រឹត្តិកម្មលើកទឹកចិត្ត (Best Traders) ការអនុវត្តនីតិវិធីឆ្លងកាត់គយដែលមានសង្គត្តិភាពជាមួយការអនុវត្តល្អជាអន្តរជាតិ និងការចាប់ផ្តើមរៀបចំអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ (ដំណាក់កាលទី១) និងត្រៀមតភ្ជាប់ទៅបញ្ជរតែមួយជាតិអាស៊ានដើម្បីផ្លាស់ប្តូរទិន្នន័យវិញ្ញាបនប័ត្របញ្ជាក់ប្រភពទំនិញ (e-Form D) ក្នុងទម្រង់អេឡិកត្រូនិកជាមួយបណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត។ ទន្ទឹមនេះ ក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិ កំពុងរៀបចំ និងពង្រីកការអភិវឌ្ឍមុខងារប្រព័ន្ធបញ្ជរតែមួយជាតិសម្រាប់ដំណាក់កាលទី២ ទៅក្រសួង-ស្ថាប័នអាទិភាពមួយចំនួនដែលពាក់ព័ន្ធនឹងការចេញអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតក្នុងទម្រង់អេឡិកត្រូនិក សម្រាប់ប្រើប្រាស់ក្នុងការបញ្ចេញទំនិញពីគយ ដែលគ្រោងនឹងចាប់ផ្តើមនាដើមឆ្នាំ២០១៨។ ឯកឧត្តមក៏បានស្នើសុំឲ្យគណៈប្រតិភូសហគមន៍អឺរ៉ុបពិនិត្យលទ្ធភាពផ្តល់ការឧបត្ថម្ភនិងគាំទ្របច្ចេកទេសសម្រាប់បំពេញបន្ថែម លើការត្រៀមអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី២ ផងដែរ។

កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ១១:០០ ថ្ងៃដដែលក្រោមបរិយាកាសការងារ និងស្និទ្ធស្នាល ។

IMG_20171114_102440 photo_2017-11-14_11-25-21 photo_2017-11-14_12-23-05

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត