នារសៀលថ្ងៃទី០២ ខែកុម្ភៈ ២០១៧ ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ​​​និង​រដ្ឋាករ​កម្ពុជា (អគរ) បាន ទទួលជួបជាមួយគណៈប្រតិភូសហគម​ន៍អឺរ៉ុប​ដែល​ដឹកនាំ​​ដោយលោក JAMES LENAGHAN និង​ចូលរួមសង្កេតការដោយលោក CLAUDIUS BREDEHEFT តំណាងអង្គការ GIZ ក្នុងគោលបំណង​ពិភាក្សា​ការងារពាក់ព័ន្ធ​នឹង​ អគរ ដូចជា​​គម្រោង​​​ប្រព័ន្ធស្វ័យ​ប្រវត្តិកម្ម​ទិន្នន័យ​គយ (អាស៊ីគូដា) ប្រព័ន្ធ​​បញ្ជរ​តែ​​មួយ​ជាតិ និង​ប្រព័ន្ធឆ្លងកាត់គយ​អាស៊ាន​ ជាដើម។​
IMG_9347ក្នុងកិច្ច​ពិភាក្សា​នេះ គណៈប្រតិភូសហគមន៍អ៊ឺរ៉ុប​បាន​ជម្រាបជូន​អង្គប្រជុំថា សហគមន៍​អ៊ឺរ៉ុប​កំពុង​រៀបចំ​ផែន​ការ​​សកម្មភាព និងកំណត់អាទិភាពមួយចំនួន ដើម្បីផ្តល់ការ​គាំទ្រ និង​ជំនួយ​បច្ចេក​ទេស​ពាក់ព័ន្ធនឹងផ្នែ​ក ០៤ ធំៗរួមមាន ៖ (១) កិច្ច​​​​​សម្រួល​ពាណិជ្ជកម្មដោយផ្តោតសំខាន់លើ​គម្រោងប្រព័ន្ធបញ្ជរ​តែ​មួយ​ជាតិ (២) និហិតដ្ឋាន​ជាតិ​ព័ត៌មាន​​ពាណិជ្ជកម្ម (៣) ប្រព័ន្ធ​​​ឆ្លងកាត់​គយ​អាស៊ាន និង (៤) វិញ្ញាបនបត្រអនាម័យ និង​ភូតគាមអនាម័យ (SPS Certificate)។ ពាក់ព័ន្ធនឹងអគរ សហគមន៍​​អឺរ៉ុបក៏មាន​គោលបំណង​សិក្សាស្វែង​យល់អំពីតម្រូ​វការ​ជាក់ស្តែង​របស់ អគរ ក្នុងការ​អភិវឌ្ឍន៍និងអនុវត្ត​ប្រព័ន្ធ​​បញ្ជរតែមួយជាតិ និង​ប្រព័ន្ធឆ្លងកាត់គយ​អាស៊ាន ដើម្បីពិនិត្យលទ្ធភាព​ដាក់​បញ្ចូល​ទៅ​ក្នុង​​​​កម្មវិធី​គាំទ្រនិងផ្តល់ជំនួយបច្ចេកទេស​របស់សហគមន៍អ៊ឺរ៉ុបផងដែរ។photo_2017-02-02_19-28-47ឯកឧត្តមបណ្ឌិត គុណ ញឹម បានសំដែង​ការស្វាគមន៍ និងថ្លែងអំណរគុណចំពោះវត្តមាន​របស់​គណៈប្រតិភូ​សហគមន៍អ៊ឺរ៉ុប ដែល​បាន​ធ្វើ​ទស្សនកិច្ចនិងជួបប្រជុំការងារ​នៅអគ្គនាយកដ្ឋាន​​គយ​​​​​ និង​​រដ្ឋាករ​​កម្ពុជា នាពេលកន្លងមក។  ឯកឧត្ត​ម​​​​ក៏​​បាន​ជម្រាបជូនអំ​ពី​វឌ្ឍនភាព​នៃការ​កសាងឯកសារគោល (Blueprnt) នៃប្រព័ន្ធ​បញ្ជរតែមួយ​ជាតិ​ ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​​​ធនាគារ​ពិភពលោក​ ។ ការ​អភិវឌ្ឍន៍​ និង​​ការ​អនុវត្ត​ន៍​​ប្រព័ន្ធ​បញ្ជរ​តែ​មួយជាតិរបស់កម្ពុជា​ត្រូវ​បាន​ចែកចេញ​ជា​បី​ដំណាក់កាល​ ក្នុងនោះ ដំណាក់​កាលទី១ គឺការ​តភ្ជាប់​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​ទិន្នន័យគយ(អាស៊ីគូដា) នៃ អគរ និងប្រព័ន្ធស្វ័យប្រវត្តិកម្មវិញ្ញាបនបត្រ​​​ដើម​កំណើត​ទំនិញ​នៃ​ក្រសួង​ពាណិជ្ជកម្មទៅប្រព័ន្ធបញ្ជរតែមួយអាស៊ាន ដំណាក់​កាលទី២ គឺការ​ពង្រីក​ការតភ្ជាប់​​ទៅ​ស្ថាប័ន​ពាក់ព័ន្ធនឹងការចេញអាជ្ញាប័ណ្ណ​​ និងដំណាក់កាលទី៣ គឺការ​​អនុវត្ត​​ន៍​ប្រព័ន្ធបញ្ជរ​​តែ​មួយជាតិ​ពេញលេញ។  ដោយបច្ចុប្បន្ន​ អគរ​ កំពុងអភិវឌ្ឍប្រព័ន្ធបញ្ជរតែមួយជាតិ​ដំណាក់កាលទី១ ក្រោមគម្រោងជំនួយរបស់ US-ACTI ​ហេតុដូច​នេះ ឯកឧត្តមក៏​​បាន​ស្នើ​សុំ​ឲ្យ​​​គណៈប្រតិភូ​​សហគមន៍​​អ៊ឺរ៉ុបពិនិត្យលទ្ធភាព​ផ្តល់​​​ការឧបត្ថម្ភនិងគាំទ្រចំពោះគម្រោងដំណាក់កាលទី២ និង​ដំណាក់​កាល​ទី៣ ជាពិសេស​ផ្តល់អ្នក​ជំនាញ​ការ​​ផ្នែក​ព័ត៌មាវិទ្យាដើម្បីមកសហការការងារជាមួយក្រុមការងារប្រព័ន្ធ បញ្ជរតែមួយជាតិ​ និងផ្តល់​ការ​គាំទ្រដល់លេខាធិការ​ដ្ឋាន​របស់គម្រោង​បញ្ជរ​តែមួយជាតិដែលបានបង្កើតរួចហើយ។

ជាចុង​បញ្ចប់ ឯកឧត្តមបណ្ឌិត គុណ ញឹម បាន​ស្នើឲ្យគណៈប្រតិភូ​សហគមន៍អ៊ឺរ៉ុបបន្តពិភាក្សា​ស៊ី​ជម្រៅ​ជាមួយ​​​ក្រុម​ការ​ងារ​ប្រព័ន្ធបញ្ជរតែមួយជាតិ ដើម្បីកំណត់ផែនការសកម្មភាពលម្អិតដាក់ស្នើសុំ​គាំទ្រជំនួយបច្ចេកទេសបន្ថែមទៀត។

កិច្ចប្រជុំបាន​បញ្ចប់​នៅវេលាម៉ោង ០៥:០០ នាទី ថ្ងៃដដែលក្រោម​បរិយាកាស​ការងារ និង​ស្និទ្ធស្នាល​ ។
IMG_9351

 

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត