នាថ្ងៃទី១៤​ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ៣:០០ រសៀល ឯកឧត្ដមបណ្ឌិត គុណ ញឹម អគ្គ​នាយក​នៃ​​​​​​​​អគ្គនាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា (អគរ) បានអនុញ្ញាតឲ្យ​គណៈប្រតិភូ​​​មូលនិធិរូបិយ​វត្ថុ​អន្តរជាតិ (IMF) ដឹកនាំដោយ​ លោក Jarkko Turunen អនុប្រធានផ្នែកអាស៊ី​ប៉ាស៊ីហ្វិក ចូលជួប​​​​​ប្រជុំ​ពិភាក្សា​​ដើម្បីពិគ្រោះយោបល់លើការ​វិវឌ្ឍន៍ថ្មីៗរបស់ អគរ លើ​ការ​នាំចេញ/នាំចូល  ដើម្បី​ជាមូលដ្ឋាន​នៃការ​វិភាគ​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា។ ​ប្រធាន​បទ​​​​​​សំខាន់ៗ​​នៃកិច្ច​ប្រជុំ ​រួមមាន៖ (១)​ លទ្ធផលការងារប្រមូល​​ចំណូលរបស់ អគរ​ ឆ្នាំ​២០១៦, ២០១៧ និង​គោលដៅ​ ២០១៨ (២)ទស្សនវិស័យ​នៃការ​កែសម្រួល​គោលនយោបាយគយ និង​វិស័យ​រដ្ឋាករ (៣) កិច្ច​សហការ​ជាមួយ​អគ្គនាយកដ្ឋា​នពន្ធដារ (៤) ការ​វិវត្តនៃ​ការ​នាំចេញនាំចូល​មុខទំនិញ​សំខាន់ៗ ដូចជា ផលិតផលតេលសិលា និង​វាយនភ័ណ្ឌ​ ជាដើម និង(៥) វឌ្ឍនភាពនៃការអនុវត្ត​កម្ម​វិធី​កំណែ​ទម្រង់​និង​ទំនើបកម្មគយ។

ឆ្លើយតប​ចំពោះ​សំណួរ​របស់​ភាគី IMF ឯកឧត្តមបណ្ឌិត​ គុណ ញឹម បានលើកឡើង​ថា​ការប្រមូល​ចំណូល​គយ​ក្នុងឆ្នាំ​២០១៦ មាន​ភាពល្អប្រសើរ ដោយមាន​កំណើនជាង ១០%ធៀបនឹង​ឆ្នាំ​២០១៥និងលើស​ផែនការ ៦,៣%។ លទ្ធផល​ល្អប្រសើរ​នេះគឺ​ដោយ​សារការ​អនុវត្ត​វិធានការ​​ចម្បង​​ពីរ​គឺ​ការ​ដំឡើង​អត្រា​អាករ​ពិសេស​លើមុខទំនិញ​វេទយិត​មួយចំនួន និង​ការ​អនុវត្ត​ផែនការសកម្មភាព​ប្រមូល​ពន្ធអាករ​លើ​យានយន្ត​មានស្រាប់​ក្នុង​ប្រទេស ព្រម​ទាំង​ការ​ពង្រឹងការអនុវត្ត​កម្មវិធីកំណែទម្រង់និង​ទំនើបកម្មគយ ការ​​កែ​លម្អ​ការងារ​​អភិបាលកិច្ចនិង​សុច្ចរិតភាព​ក្នុង​អង្គភាព​គយ ការ​ពង្រឹង​ការ​អនុវត្ត​​កិច្ច​សម្រួល​ពាណិជ្ជកម្ម ជាដើម។ ដោយឡែក ចំណូល​គយ​ក្នុងឆមាស​ទី១ ឆ្នាំ​២០១៧ ដែល​មាន​ប្រមាណ​​ជាង ៩១៥ លានដុល្លារអាមេរិក និងមានកំណើនប្រមាណជិត ៣% ប្រៀបធៀប​​​នឹង​ឆមាស​ទី១​ ឆ្នាំ​២០១៦។

ក្នុង​ឱកាស​នេះដែរ ឯកឧត្តម​អគ្គនាយកគយ ក៏បានគូស​បញ្ជាក់ថា សម្រាប់​ឆ្នាំ​២០១៨ អគរ រំពឹង​ថា​ចំណូល​ពន្ធ​និង​អាករ​ប្រមូលដោយ​គយ​អាច​​​ប្រឈមនឹង​ឧបសគ្គ​មួយចំនួន ដូចជា ការ​បោះឆ្នោត​សកល​ក្នុង​ឆ្នាំ​២០១៨ អាច​ធ្វើ​ឲ្យប៉ះពាល់​ដល់​តម្រូវការប្រើប្រាស់​និង​ការ​នាំចេញ​នាំចូល ការ​បន្ត​កើនឡើង​នូវការ​បាត់​បង់​ចំណូល​ពីប្រភពផ្សេងៗ ជាពិសេសការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ការ​កើន​​ឡើង​​នៃការ​លើកទឹកចិត្តពន្ធអាករ​ជាបន្ទុក​រដ្ឋ​ក្រោមក្របខណ្ឌ​​​​​​គម្រោង​​វិនិយោគនានា ស្របពេល​ដែលលទ្ធភាពនៃការអនុវត្ត​វិធានការ​ប៉ះប៉ូវកាន់តែ​មាន​ភាព​តូចចង្អៀត។ ​

លោក Jarkko Turunen បានវាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃកិច្ច​ពិភាក្សា និងបានថ្លែង​អំណរគុណ​ចំពោះការ​ផ្តល់​ព័ត៌មាន​នានា របស់​ ​អគរ ។

IMG_2896 IMG_2899 IMG_2900 IMG_2907

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត