នាថ្ងៃទី១០ ខែមេសា ឆ្នាំ ២០១៧ វេលាម៉ោង ១៥:០០ រសៀល ឯកឧត្ដមបណ្ឌិត គុណ ញឹម អគ្គនាយកនៃ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអនុញ្ញាតឲ្យលោក SUGANO Yuichi ប្រធានថ្មីនៃទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន JICAប្រចាំប្រទេសកម្ពុជា និងសមាជិក ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារកិច្ចសហប្រតិបត្តិការរវាង JICA ពិសេសរដ្ឋបាលគយជប៉ុនជាមួយនឹងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) នាពេលកន្លងមកនេះ និងពីផែនការសកម្មភាពអនុវត្តបន្តសម្រាប់ឆ្នាំខាងមុខទៀត។

លោក SUGANO Yuichi បានវាយតម្លៃខ្ពស់ពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយជប៉ុន និង អគរ ពាក់ព័ន្ធនឹងការងារជំនាញបច្ចេកទេសគយ នាឆ្នំាកន្លងមក ពិសេសនាពេលថ្មីៗ JICA បានសម្រប សម្រួលគណៈប្រតិភូជប៉ុនទទួលបន្ទុកការងារប្រព័ន្ធស្វ័យប្រវត្តិកម្មគយជប៉ុន (NACCS) ដឹកនាំ ដោយ   លោក Akira TAKAHASHI មកបំពេញបេសកកម្មនៅកម្ពុជា កាលពីថ្ងៃទី១៣ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ដើម្បីសិក្សាអង្កេត និងប្រមូលព័ត៌មានសម្រាប់ជាមូលដ្ឋានពិនិត្យ និងពិចារណាគម្រោងផ្តល់់ ជំនួយគាំទ្រការអភិវឌ្ឍន៍និងអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិនៅកម្ពុជា។ 

លោកបានបន្ថែមថា ជាទិសដៅអនុវត្តបន្ត JICA នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយនឹង អគរ និងជាមួយ ក្រសួងស្ថាប័នជំនាញពាក់ព័ន្ធលើការងារអាទិភាពចំនួន ៣ រួមមានប្រព័ន្ធបញ្ជរតែមួយជាតិ ប្រព័ន្ធកាមេរ៉ា ត្រួតពិនិត្យគយ និងប្រព័ន្ធ logistics។

ជាកិច្ចឆ្លើយតបឯកឧត្តមបណ្ឌិត គុណ ញឹម បានសំដែងនូវការស្វាគមន៍ ចំពោះវត្តមានរបស់លោក SUGANO Yuichi ជាប្រធាន JICA ថ្មីប្រចាំនៅកម្ពុជា និងថ្លែងអំណរគុណចំពោះ JICA និងរដ្ឋបាលគយជប៉ុន ដែលបានផ្តល់ជំនួយបច្ចេកទេសនិងបណ្តុះបណ្តាលជំនាញបច្ចេកទេសគយ ដល់ អគរ នាពេលកន្លង មកនេះ។ ឯកឧត្តមក៏បានស្វាគមន៍និងត្រៀមបន្តសហការលើការងារជាអាទិភាពទាំងបី ដែលបានលើក ឡើងដោយ លោក SUGANO Yuichi សម្រាប់ពេលអនាគត។ ទោះយ៉ាងណា ឯកឧត្តមបានបញ្ជាក់ថា ក្នុងចំណោមការងារអាទិភាពទាំងបីនេះប្រព័ន្ធកាមេរ៉ាត្រួតពិនិត្យគយគឺជាគម្រោងដែលត្រូវអនុវត្តដោយ អគរ តែឯង។ ដោយឡែកប្រព័ន្ធបញ្ជរតែមួយជាតិ ជាគម្រោងដែលត្រូវអនុវត្តដោយក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ ក្រោមការដឹកនាំនិងសម្របសម្រួលដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ រីឯ ប្រព័ន្ធ logistics ជាគម្រោង ដែលត្រូវអនុវត្តដោយក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ ក្រោមការដឹកនាំនិងសម្របសម្រួលដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន។

កិច្ចប្រជុំនេះត្រូវបានបញ្ចប់នៅម៉ោង ១៦:០០ នាថ្ងៃដដែលក្រោមបរិយាកាសរីករាយប្រកបដោយ កិច្ចសហប្រតិបត្តិការល្អនិងស្និទ្ធស្នាល។

17807602_1326810984038965_6339765346748919459_o17807258_1326810980705632_5709158959527684140_o17880285_1326810987372298_8812390408111547561_o17879839_1326811070705623_1701403834407972922_o17760817_1326811074038956_6507130674379591575_o

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត