កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ​​២០១៨ គណៈ​ប្រតិភូ​មកពី​ប្រទេស​កេនយ៉ា, អ៊ុយហ្គង់ដា តាន់​សានី ​និង​​មូសំប៊ិកដែលដឹកនាំដោយ​លោក Javier Montano មន្រ្តីសម្របសម្រួលថ្នាក់តំបន់នៃ​​​កម្មវិធី​ត្រួតពិនិត្យកុងតឺន័រ ដែលជាកម្មវិធីរួមនៃការិយាល័យ​ផ្នែក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម ​នៃអង្គការសហប្រជាជាតិ (UNODC) និងអង្គការគយពិភពលោក បាន​ចូលជួបប្រជុំជាមួយឯកឧត្ដមបណ្ឌិត គុណ ញឹម ប្រតិភូ​រាជ​​​រដ្ឋាភិបាល​ទទួល​បន្ទុក​​​​​ជា​អគ្គនាយក​នៃ​​អគ្គ​នាយក​​​ដ្ឋាន​​​​​គយ​​​​និង​រដ្ឋាករ​កម្ពុជា។ នេះជាជំនួបប្រជុំលើកទីមួយរបស់អគ្គ​នាយក​​​ដ្ឋាន​​​​​គយ​​​​​​​និង​រដ្ឋាករ​កម្ពុជា ជាមួយមន្រ្តីអនុវត្តច្បាប់ពីបណ្តាប្រទេសក្នុងទ្វីបអាហ្រ្វិកក្នុងក្របខណ្ឌកម្មវិធីត្រួតពិនិត្យកុងតឺន័រ។​ កិច្ចប្រជុំនេះ មានគោលបំណង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​​ការងារ​​ ចែករំលែកព័ត៌មានសម្ងាត់ជាមួយមន្រ្តីអនុវត្តច្បាប់ពាក់ព័ន្ធ ក្នុងគោលដៅពង្រឹងបន្ថែមទៀតនូវ​កិច្ច​សហ​ប្រតិបត្តិការ​ថ្នាក់​តំបន់​​និង​​អន្តរ​ជាតិ។ គួរបញ្ជាក់ថា កម្មវិធីត្រួតពិនិត្យកុងតឺន័រ គឺជាគម្រោងរៀបចំរួមគ្នាដោយការិយាល័យផ្នែកគ្រឿងញៀន និងឧក្រិដ្ឋកម្មនៃអង្គការសហប្រជាជាតិ (UNODC) និងអង្គការគយពិភពលោក (WCO) ហើយមានគោលបំណងទប់ស្កាត់ និងបង្រ្កាបការជួញដូរគ្រឿងញៀន សត្វព្រៃ និងបទឧក្រិដ្ឋឆ្លងដែនផ្សេងទៀត។ បច្ចុប្បន្ន មានប្រទេសប្រមាណជិត ៥០ កំពុងចូលរួមអនុវត្តកម្មវិធីនេះ។

ក្នុងជំនួបនេះ គណៈប្រតិភូទាំងបួនប្រទេសបានចែករំលែកព័ត៌មាន និង​បទ​ពិសោធន៍​ដោយ​សង្ខេប​​​​​​​​​​ពីប្រទេសរៀងៗខ្លួនដែលជាលទ្ធផលនៃការអនុវត្តកម្មវិធីត្រួតពិនិត្យកុងតឺន័រ (CCP) របស់ UNODC​-​WCO។ ជា​កិច្ច​ឆ្លើយ​តប ឯកឧត្ដមប្រតិភូបានបញ្ជាក់ថាកម្មវិធី CCP​នេះបាននិងកំពុង​ដើរតួនាទី​យ៉ាង​សំខាន់​​ក្នុង​ការ​ទប់​ស្កាត់​ការ​ជួញ​​ដូរ​​គ្រឿងញៀន និងសត្វព្រៃ និង​ទប់ស្កាត់​បទ​ឧក្រិដ្ឋ​​ឆ្លងកាត់​ព្រំដែន។​ ឯកឧត្តមប្រតិភូក៏បានជម្រាបអំពីលទ្ធផលល្អប្រសើរក្នុងការអនុវត្តកម្មវិធីនេះ នោកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ហើយបញ្ជាក់ថា ក្រោមការគាំទ្រដោយ UNODC  កម្ពុជាកំពុងពង្រីកកម្មវិធីនេះឱ្យគ្របដណ្តប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។ សម្រាប់ថ្ងៃមុខ និងដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងបរិបទនេះ ឯកឧត្តមប្រតិភូ​ក៏​បាន​គាំទ្រ និង​ស្នើ​​ឱ្យ​មន្ត្រី​អនុវត្ត​​ច្បាប់​នៃប្រទេសចូលរួមក្នុងកម្មវិធីនេះ ធ្វើទំនាក់ទំនង និងសហការគ្នាឱ្យបានកាន់តែជិតស្និទ្ធថែមទៀត ក្រោម​​កម្ម​វិធី​​ត្រួតពិនិត្យ​កុងតឺន័រ​នេះ ដោយប្រើប្រាស់យន្តការពាក់ព័ន្ធ​ផ្សេងទៀត​របស់​អង្គការ​សហ​ប្រជា​​ជាតិ និងអង្គការគយពិភពលោក។

ឆ្លៀតក្នុងឱកាសនេះ លោក Javier Montanoក៏បានថ្លែងអំណរគុណ ឯកឧត្ដមបណ្ឌិតគុណ ញឹម​ដែល​បានគាំទ្រ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ដើម្បីមកទស្សនកិច្ចសិក្សានិងចែករំលែក​បទ​ពិសោធន៍​នៅ​​សាខាគយ​និងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ (ការិយាល័យអាកាសយនដ្ឋានអន្តរជាតិភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប) និងសាខាគយ​និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ​​​ក្រុង​​​ព្រះសីហនុ។​

ជាកិច្ចបញ្ចប់ ឯកឧត្ដមប្រតិភូក៏បានថ្លែងអំណរគុណដល់ការិយាល័យ​ផ្នែក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម ​នៃអង្គការសហប្រជាជាតិ (UNODC) ដែលបាននិងកំពុងគាំទ្រ និងជួយសម្របសម្រួលកម្មវិធី​ត្រួត​ពិនិត្យ​កុងតឺន័រ​​នេះ និងបានបញ្ជាក់ថារដ្ឋបាលគយកម្ពុជានឹងប​ន្ត​ពង្រឹងកិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​បណ្តា​ប្រទេស​ដែលចូលរួមអនុវត្តកម្មវិធី CCP តាមរយៈការចែករំលែកព័ត៌មាន​សម្ងាត់ និងបទពិសោធក្នុងការជំរុញអនុវត្តច្បាប់ក្នុងការទប់ស្កា​​ត់និងបង្ក្រាបការជួញដូរគ្រឿងញៀន សត្វព្រៃ និងបទឧក្រិដ្ឋឆ្លងដែនផ្សេងទៀតឱ្យកាន់តែមានប្រសិទ្ធិភាព។

photo_2018-08-28_11-52-22 photo_2018-08-28_11-52-35 photo_2018-08-28_11-52-39 photo_2018-08-28_11-52-45 photo_2018-08-28_11-52-50 photo_2018-08-28_11-52-56 photo_2018-08-28_11-53-00

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត