​            ​ក្រុមការងារ​ភស្តុភារកម្ម បានជម្រាបជូនអង្គប្រជុំនូវវឌ្ឍនភាពនៃការរៀបចំផែនការមេភស្តុភារកម្មនៅកម្ពុជា ដោយបានជួបពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួននៃរាជរដ្ឋាភិបាលរួចមកហើយ និងបានបញ្ជាក់ពីគោលបំណងសំខាន់​នៃកិច្ចពិភាក្សា​ពេលនេះ គឺដើម្បីសិក្សាស្វែងយល់លើការងារពាក់ព័ន្ធនឹងគយរួមមាន៖ ការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់និងទំនើបកម្មគយ នីតិវិធីនៃការបំពេញបែបបទបញ្ចេញទំនិញពីគយ ប្រព័ន្ធស្វ័យប្រវត្តិកម្មគយ (អាស៊ីគូដា) ប្រព័ន្ធបញ្ជរតែមួយជាតិ រួមទាំងបញ្ហាប្រឈម និងផែនការសកម្មភាពនានា ។

ជាកិច្ចឆ្លើយតប ឯកឧត្តមបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា អង្គភាពគយមានតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសម្រួលពាណិជ្ជកម្មអន្តរជាតិ និងបានចូលរួមធ្វើឲ្យសន្ទសន៍ចំណាត់ថ្នាក់ភស្តុភារកម្មកម្ពុជា មានភាពល្អប្រសើរគួរឲ្យកត់សំគាល់។ កន្លងមក អគរ បានកសាងនិងអនុវត្តនូវយុទ្ធសាស្ត្រនិងកម្មវិធីកំណែទម្រង់និងទំនើបកម្មរបស់ខ្លួន ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះសមិទ្ធផលសំខាន់ៗ រួមមាន៖ ការដាក់ឲ្យអនុវត្តប្រព័ន្ធស្វ័យប្រវត្តិកម្មគយ (ASYCUDA) នៅគ្រប់អង្គភាពគយនិង​រដ្ឋាករ​ទូទាំងប្រទេស ការអនុវត្តយន្តការភាពជាដៃគូគយ-ផ្នែកឯកជនប្រកបដោយប្រសិទ្ធភាព ការអនុវត្តកម្មវិធីធុរជនល្អបំផុតទទួលបានប្រព្រឹត្តិកម្មលើកទឹកចិត្ត (Best Traders) ការអនុវត្តនីតិវិធីឆ្លងកាត់គយដែលមានសង្គត្តិភាពជាមួយការអនុវត្តល្អជាអន្តរជាតិ និង​ការចាប់ផ្តើមរៀបចំអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ (ដំណាក់កាលទី១) និង​​ត្រៀម​តភ្ជាប់​ទៅ​បញ្ជរតែមួយ​ជាតិ​អាស៊ាន​ដើម្បីផ្លាស់ប្តូរទិន្នន័យវិញ្ញាបនប័ត្របញ្ជាក់ប្រភពទំនិញ​ (e-Form D) ក្នុងទម្រង់អេឡិកត្រូនិកជាមួយបណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតក៏បានលើកឡើងនូវផែនការសកម្មភាពមួយចំនួនសំដៅបន្តធ្វើឲ្យប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្មបន្ថែមទៀត រួមមាន ៖

  • ការបន្តពង្រឹងកិច្ចសហការបន្ថែមទៀតជាមួយសមភាគីគយនៃប្រទេសជិតខាងសំដៅសម្រួលដល់ការឆ្លងកាត់ទំនិញមកកម្ពុជា
  • ការរៀបចំដាក់ឱ្យ​អនុវត្តនីតិវិធីនៃការបំពេញបែបបទគយមុនពេលទំនិញមកដល់ (Pre-Arrival Clearance)
  • ការរៀបចំដាក់ឱ្យ​អនុវត្តមុខងារទូទាត់តាមមធ្យោបាយអេឡិកត្រូនិក (e-Payment)
  • ការបន្តរៀបចំអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលបន្ទាប់
  • ការពង្រីកកម្មវិធីធុរជនល្អបំផុត ដើម្បីឈានទៅអនុវត្តពេញលេញនូវកម្មវិធីប្រតិបត្តិករមានការអនុញ្ញាត

កិច្ចប្រជុំនេះត្រូវបានបញ្ចប់នៅម៉ោង ១៧:០០​ នាថ្ងៃដដែល​ ក្រោម​​​បរិយាកាស​រីករាយ ប្រកបដោយ​កិច្ច​សហប្រតិបត្តិការល្អ​ និងស្និទ្ធស្នាល។

IMG_4435 IMG_4438 IMG_4440

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត