ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវ​នឹង​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ១០:៣០ នាទីព្រឹក ឯកឧត្ដមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​​គយ​និង​រដ្ឋាករ​​កម្ពុជា (អគរ) បានទទួលជួបប្រជុំជាមួយគណៈប្រតិភូ​ជប៉ុន ដែលមានសមាសភាពពីរដ្ឋបាលគយជប៉ុន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងក្រុមហ៊ុន NTT Data ក្នុងគោលបំណងពិនិត្យនិងពិភាក្សាលើលទ្ធផលការអង្កេតសិក្សា​ស្ថាន​ភាព​ និងលទ្ធភាពផ្តល់គម្រោងជំនួយសម្រាប់ការអភិវឌ្ឍន៍បញ្ជរតែមួយជាតិដំណាក់កាលទី៣។

​ តំណាង​គណៈប្រតិភូ​ជប៉ុន​ បានធ្វើ​បទបង្ហាញពី​លទ្ធផល​នៃការ​​អង្កេត​សិក្សា​ស្ថាន​ភាពការ​អនុវត្ត​ប្រព័ន្ធស្វ័យប្រវត្តិកម្មគយរបស់​ អគរ ចំនួន​ពីរលើក​​ដែល​បានចាប់ផ្តើម​កាល​​ពី​ខែ​តុលា​ ឆ្នាំ​២០១៧ កន្លងមក និង​ជម្រាបជូនពីមុខងារនៃប្រព័ន្ធស្វ័យប្រវត្តិកម្មគយជប៉ុន NACCS (Nippon Automated Cargo Clearance System) ដែលត្រូវបាននិងកំពុងប្រើប្រាស់សម្រាប់ជួយសម្រួលដល់ការបំពេញបែបបទបញ្ចេញទំនិញពីគយជប៉ុន។  ទន្ទឹមនេះ ប្រព័ន្ធ NACCS ក៏ត្រូវបានកំពុងដាក់ឲ្យអនុវត្ត​នៅ​ប្រទេស​វៀតណាម និង​មីយ៉ាន់ម៉ា តាមរយៈគម្រោងជំនួយរបស់រាជរដ្ឋាភិបាលជប៉ុនផងដែរ។ ប្រព័ន្ធ NACCS មានមុខងារល្អពេញលេញគ្របដណ្តប់គ្រប់កិច្ចប្រតិបត្តិការគយជាពិសេសលើការបំពេញបែបបទបញ្ចេញទំនិញពីគយ ក៏ប៉ុន្តែការចំណាយ​លើ​​ការថែទាំនិងជួសជុលមានទំហំច្រើនជាងការចំណាយលើការថែទាំប្រព័ន្ធស្វ័យប្រវត្តិកម្មគយ (អាស៊ីគូដា) ដែលកម្ពុជាកំពុងប្រើប្រាស់។

ឆ្លើយតបចំពោះសំណើនេះ ឯកឧត្តមបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា លទ្ធភាពផ្តល់គម្រោងជំនួយប្រព័ន្ធNACCS របស់​ជប៉ុន គឺ​ពាក់ព័ន្ធ​នឹងការកែលម្អផ្នែក​ស្វ័យ​ប្រវត្តិកម្ម​នីតិវិធី​គយ មាន​ភាព​​ស្របគ្នា​នឹង​គោល​បំណងនៃការធ្វើ​ទំនើបកម្ម​របស់រដ្ឋបាល​គយ​កម្ពុជា ​ក្នុង​គោលដៅ​ចូលរួម​ចំណែក​កាត់បន្ថយ​ចំណាយ​ និង​ពេល​វេលា​សម្រាប់​ការ​បំពេញ​បែបបទបញ្ចេញ​ទំនិញ​ពីគយ ក៏​ដូច​ជាការ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​កិច្ច​ប្រតិបត្តិការ​គយផងដែរ។​ ទោះជាយ៉ាងនេះ​ក្តី ការ​ផ្លាស់ប្តូរ​ប្រព័ន្ធស្វ័យប្រវត្តិកម្ម​គយ​គឺ ជា​របត់​មួយ​គន្លឹះ និង​សំខាន់​សម្រាប់​កម្ពុជា​ ដែល​តម្រូវ​ឲ្យ​មាន​ការ​ពិនិត្យ​ និងវាយតម្លៃ​ឲ្យ​បានម៉ត់ចត់​និង​ច្បាស់លាស់គ្រប់ជ្រុងជ្រោយ។​

ជាមួយ​គ្នា​នេះ​ដែរ​ ឯកឧត្តម​ក៏​បានលើក​ឡើង​ពី​វឌ្ឍនភាពគួរឲ្យកត់​សម្គាល់នៃការ​កែ​លម្អ​សមត្ថភាព​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ អគរ ដែល​ក្នុង​នោះ មាន​ដូចជាការអភិវឌ្ឍមុខងារ​ទូទាត់​តាម​មធ្យោបាយ​អេឡិចត្រូនិច ប្រព័ន្ធ​គ្រប់គ្រង​លិខិតអនុញ្ញាតគយ​ ការរៀបចំ​បង្កើត​យន្តការ​សហការ​ជាមួយ​អជ្ញាធរកំពង់ផែ​ដើម្បី​ផ្លាស់ប្តូរព័ត៌មាន​អញ្ញត្តិប័ណ្ណ និង​និវេទនប័ណ្ណ​ សំដៅ​ផ្តល់​កិច្ច​សម្រួល​ពាណិជ្ជកម្មបន្ថែមទៀត​ដល់​វិស័យ​ឯកជនលើ​ការ​បញ្ចេញ​ទំនិញ​ពីគយ ​ជាដើម។

កិច្ចប្រជុំនេះត្រូវបានបញ្ចប់នៅម៉ោង ១២:៣០​ នាថ្ងៃដដែល​ ក្រោម​​​បរិយាកាស​រីករាយ ប្រកបដោយ​កិច្ច​សហប្រតិបត្តិការល្អ​ និងស្និទ្ធស្នាល។

IMG_9185 IMG_9189 photo_2017-12-15_17-05-59 photo_2017-12-15_17-06-35

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត