នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្ដមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា​អគ្គនាយក នៃអគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បានទទួលជួបស្វាគមន៍ ប្រិតភូក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ដឹកនាំដោយលោក Eric DELOBEL អគ្គនាយក នៃ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ក្នុងគោលបំណងបង្ហាញនូវវឌ្ឍនភាព ស្វែងរកដំណោះស្រាយបញ្ហាប្រឈម និងផ្តល់កិច្ចសហការបន្ថែមនាពេលអនាគតក្នុងបរិការណ៍ដែលទំហំពាណិជ្ជកម្មតាមផ្លូវអាកាសមានកំណើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ថ្លែងក្នុងកិច្ច​សន្ទនានេះ ឯកឧត្ដមបណ្ឌិត គុណ ញឹម បានលើកឡើងពីតួនាទីសំខាន់ៗរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គឺការប្រមូលពន្ធនិងអាករចូលថវិកាជាតិ, កិច្ចសម្រួលពាណិជ្ជកម្ម, និងការចូលរួមផ្តល់សន្តិសុខ និងសុវត្ថិភាពសង្គមទាំងមូល តាមរយៈការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធនូវទំនិញគ្រប់ប្រភេទរួមទាំង អាវុធ ជាតិផ្ទុះ គ្រឿងញៀន និងទំនិញជាប់អាយ័តផ្សេងទៀត តាមបទប្បញ្ញត្តិជាធរមាន ។

​នាឱកាសនេះ លោក ​ Eric DELOBEL បានថ្លែងអំណរគុណដល់ កិច្ចសហការរបស់រដ្ឋបាលគយ ដែលបាន និងកំពុងផ្តល់សេវានិងកិច្ចសហការសម្រាប់អាកាសយានដ្ឋានទាំងបី (ភ្នំពេញ សៀមរាប និង កងកេង) ជាពិសេសកិច្ចសហការរបស់មន្ត្រីគយនិងរដ្ឋាករដែលបំពេញភារកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងការផ្តល់កិច្ចសម្រួលពាណិជ្ជកម្ម ដែលអាចឆ្លើយតបបានទាន់ពេលវេលានឹងកំណើនទំហំពាណិជ្ចាកម្ម ដែលគ្របដណ្តប់ប្រមាណ ៤០%​ នៃសកម្មភាពរបស់អាកាសយានដ្ឋានទាំងមូលក្នុងរយៈពេលពីរឆ្នាំចុងក្រោយ ពោលគឺបរិមាណផ្គត់ផ្គង់ទំនិញឈានដល់កម្រិត​ច្រើនជាង ៦០.០០០ តោន ក្នុងឆ្នាំ២០១៧ កន្លងមក។ ដើម្បីឆ្លើយតបនឹងកំណើនពាណិជ្ចកម្មតាមផ្លុវអាកាស ក្រុមហ៊ុននឹងវិនិយោគកសាងនូវ cargo terminal ថ្មីមួយ និងបំពាក់ឧបករណ៍មួយចំនួនទៀត ដូចជាម៉ាស៊ីន X-Ray ថ្មី សម្រាប់ស្កែនអ្នកដំណើរ ជាដើម ដែលទាមទារឲ្យមានកិច្ចសហការបន្ថែមពីរដ្ឋបាលគយកម្ពុជា ដើម្បីជំរុញកំណើនពាណិជ្ជកម្ម​ និងធានាបានសុវត្ថិភាពនៃការហោះហើរ ក៏ដូចជាសន្តិសុខសាធារណៈទាំងមូល។

ជាកិច្ចឆ្លើយតប ឯកឧត្ដមបណ្ឌិត គុណ ញឹម បានសំដែងនូវសុទិដ្ឋិនិយម ចំពោះកំណើនពាណិជ្ជកម្មតាមផ្លូវអាកាសដែលបានឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍ និងសន្តិភាពរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ប្រមុខរាជារដ្ឋាបាល នៃព្រះរាជាណាចក្រកកម្ពុជា ដែលបានផ្តល់នូវទំនុកចិត្តពីវិនិយោគិនទាំងក្នុងនិងក្រៅស្រុក ក្នុងការបន្តបោះទុនវិនិយោគជាបន្តបន្ទាប់គួរជាទីមោទនៈ។ ទន្ទឹមនឹងការត្រៀមបន្តផ្តល់កិច្ចសហការជាមួយក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ឯកឧត្តមបណ្ឌិត បានស្នើសុំកិច្ចសហការក្នុងការផ្លាស់ប្តូរព័ត៌មានសម្ងាត់ ក៏ដូចជាចូលរួមកិច្ចប្រតិបត្កិការគយផ្សេងទៀតដែលរដ្ឋបាលគយកម្ពុជា កំពុងបន្ត និងជំរុញកំណែទម្រង់ និងទំនើបកម្មរបស់ខ្លូន ដូចជាការអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តិកម្មគយនានា ក៏ដូចជាប្រព័ន្ធបញ្ជរតែមួយជាតិ (National Single window) ជាដើម។ ​

កិច្ចប្រជុំរវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានិងក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាបានបញ្ចប់នៅម៉ោង១០ និង៣០នាទីព្រឹក នាថ្ងៃដដែល ក្រោមបរិយាកាសរីករាយនិងស្និទ្ធស្នាល​ប្រកបដោយផ្លែផ្កា។

photo_2018-07-12_15-12-29

photo_2018-07-12_15-12-25

photo_2018-07-12_15-12-14

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត