នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១៥:០០ រសៀល ឯកឧត្ដមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានអនុញ្ញាតឲ្យគណៈប្រតិភូរបស់ការិយាល័យផ្នែកគ្រឿងញៀន និងឧក្រិដ្ឋកម្មនៃអង្គការសហប្រជាជាតិ (UNODC) ដឹកនាំដោយលោកស្រី Helene Phan ចូលជួបពិភាក្សាការងារពាក់ព័ន្ធនឹងដំណើរការរបស់អង្គភាពត្រួតពិនិត្យកុងតឺន័រ (Container Control Unit-CCU)។ ប្រធានបទសំខាន់ៗនៃកិច្ចប្រជុំ រួមមាន៖ (១) វឌ្ឍនភាពការងារ និងបញ្ហាប្រឈមរបស់អង្គភាពត្រួតពិនិត្យកុងតឺន័រ (CCU) (២)សេចក្តីព្រាងនីតិវិធីប្រតិបត្តិស្តង់ដារ (Standard Operating Procedures) (៣)កិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុននាវាដឹកជញ្ជូន (Shipping Lines) និង (៤)គម្រោងបង្កើតអង្គភាពត្រួតពិនិត្យកុងតឺន័រ (CCU) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាពេលខាងមុខ។
ក្នុងជំនួបនេះលោកស្រី Helene Phan បានរៀបរាប់អំពីវឌ្ឍនភាពការងារ និងលទ្ធផលវិជ្ជមាននៃការអនុវត្តរបស់អង្គភាពត្រួតពិនិត្យកុងតឺន័រ (CCU) និងលទ្ធភាពនៃការពង្រីកគម្រោងសកម្មភាព CCU ទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងកំពង់ផែអន្តរជាតិភ្នំពេញនាពេលអនាគត។ ជាមួយគ្នានេះដែរ លោកស្រីក៏បានជម្រាបពីបញ្ហាប្រឈមមួយចំនួនរួមមាន៖ ការគ្រប់គ្រងបុគ្គលិករបស់អង្គភាពត្រួតពិនិត្យកុងតឺន័រ (CCU) យន្តការសម្របសម្រួលសម្រាប់ផ្លាស់ប្តូរព័ត៌មានទាន់ពេល កិច្ចសហការក្នុងការត្រួតពិនិត្យកុងតឺន័រដែលមានហានិភ័យខ្ពស់ និងយន្តការការអនុវត្តច្បាប់ ដើម្បីសុំការគាំទ្រពី អគរ ក្នុងការបង្កើនប្រសិទ្ធភាពនៃការអនុវត្តរបស់អង្គភាពត្រួតពិនិត្យកុងតឺន័រ (CCU)។
ជាកិច្ចឆ្លើយតប ឯកឧត្តមបណ្ឌិត គុណ ញឹម បានសម្តែងការស្វាគមន៍ និងកោតសរសើរ ចំពោះលទ្ធផលជាវិជ្ជមានជាច្រើននៃការអនុវត្ត CCU បន្ទាប់ពីការដាក់ឲ្យដំណើរការនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ កន្លងមកនេះ។ ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតក៏បានគាំទ្រនូវសំណើនានា ដែលបានលើកឡើងដោយលោកស្រី Henlen Phan ដើម្បីពង្រឹងប្រសិទ្ធភាពការងារ CCU ដែលការងារនេះជាយន្តការមួយដ៏មានសារៈសំខាន់ក្នុងការចូលរួមទប់ស្កាត់ បង្ការ បង្ក្រាបបទល្មើសគយ និងបទឧក្រិដ្ឋកម្មឆ្លងដែននានាផងដែរ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត គុណ ញឹម ក៏បានថ្លែងអំណរគុណដល់ UNODC ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ អគរ ជាពិសេសចំពោះគំនិតផ្តួចផ្តើមក្នុងការពង្រីកគម្រោង CCU នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងកំពង់ផែអន្តរជាតិភ្នំពេញនាពេលអនាគតផងដែរ។