នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ ២០១៧ វេលាម៉ោង ១១:០០ ព្រឹក ឯកឧត្ដមបណ្ឌិត គុណ ញឹម អគ្គនាយកនៃ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការដឹកនាំគម្រោង បញ្ជរតែមួយជាតិកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Desmond Tay នាយកប្រតិបត្តិ និងបុគ្គលិកជំនាញនៃក្រុមហ៊ុន VCargo Cloud (VCC) ជាក្រុមហ៊ុនដែលត្រូវបានជ្រើសរើសដោយគម្រោង តភ្ជាប់ពាណិជ្ជកម្មនិងវិនិយោគរវាងសហរដ្ឋអាមេរិក-អាស៊ាន (US-ASEAN Connectivity through Trade and Investment – ACTI) ក្រោមគម្រោងបញ្ជរតែមួយអាស៊ាន ឲ្យមកសហការជាមួយក្រុម ការងារបច្ចេកទេសនៃ អគរ និងក្រសួងពាណិជ្ជកម្មក្នុងការអភិវឌ្ឍន៍និងអនុវត្តគម្រោងប្រព័ន្ធបញ្ជរតែមួយ ជាតិដំណាក់កាលទី១ សម្រាប់ធ្វើការតភ្ជាប់រវាងប្រព័ន្ធស្វ័យប្រវត្តិកម្មគយ (អាស៊ីគូដា) និងប្រព័ន្ធ ស្វ័យប្រវត្តិកម្មវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទៅប្រព័ន្ធបញ្ជរតែមួយអាស៊ាន ដើម្បីអាចទទួល និងប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញក្នុងទម្រង់អេឡិកត្រូនិក (e-ATIGA Form D) ពីប្រទេសសមាជិកអាស៊ាន ។

ក្នុងជំនួបពិភាក្សានេះ លោក Desmond Tay បានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាពនៃការអនុវត្តអភិវឌ្ឍន៍ និងអនុវត្តគម្រោងប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី១ នេះ ដែលបានចាប់ផ្តើមពីខែតុលា ឆ្នាំ២០១៦ កន្លងមក និងគិតមកដល់ពេលនេះ លទ្ធផលទទួលបានគឺឈានដល់ការធ្វើតេស្តសាកល្បងបឋមនូវការ តភ្ជាប់ និងដំណើរការ e-ATIGA FORM D XML ឬហៅថា User Acceptance Test-UAT រវាងប្រព័ន្ធ ស្វ័យប្រវត្តិកម្មនៃ អគរ និងក្រសួងពាណិជ្ជកម្ម មកប្រព័ន្ធបញ្ជរតែមួយជាតិកម្ពុជាដំណាក់កាលនេះ។ ទន្ទឹមនេះ លោកក៏បានជម្រាបជូនអំពីផែនការសកម្មភាពត្រូវអនុវត្តបន្ត និងគម្រោងពេលវេលាដែលត្រូវ បញ្ចប់ការងារនេះ សំដៅចូលរួមអនុវត្តប្រព័ន្ធបញ្ជរតែមួយអាស៊ាននាពេលខាងមុខ និងបានធ្វើការ កោតសរសើរក្រុមការងារបច្ចេកទេស នៃអគរ ដែលបានចូលរួមយ៉ាងសកម្មអនុវត្តការងារនេះបានមួយផ្នែកធំ ផងដែរ។

ជាកិច្ចឆ្លើយតប ឯកឧត្តមបណ្ឌិត គុណ ញឹម បានសំដែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះវត្តមាន របស់បុគ្គលិកជំនាញនៃក្រុមហ៊ុន VCC ដែលមកបំពេញបេសកកម្មអនុវត្តការងារនេះ។ ឯកឧត្តមក៏បាន ជម្រាបផងដែរថា អគរ កំពុងរៀបចំផែនការសកម្មភាព និងស្វែងរកការគាំទ្រជំនួយបច្ចេកទេសបន្ថែមទៀត ពីដៃគូអភិវឌ្ឍន៍ ដើម្បីរៀបចំអនុវត្តគម្រោងបញ្ជរតែមួយជាតិ ដំណាក់កាលទី២ គឺការពង្រីកការតភ្ជាប់ ទៅស្ថាប័នពាក់ព័ន្ធនឹងការចេញអាជ្ញាប័ណ្ណក្នុងទម្រង់អេឡិកត្រូនិកសម្រាប់ប្រើប្រាស់កិច្ចដំណើរការបញ្ចេញទំនិញពីគយ និងដំណាក់កាលទី៣ គឺការអនុវត្តន៍ប្រព័ន្ធបញ្ជរតែមួយជាតិពេញលេញតាមឯកសារគោល (Blueprint)។

ជំនួបពិភាក្សានេះនេះត្រូវបានបញ្ចប់នៅម៉ោង ១២:០០ នាថ្ងៃដដែល ក្រោមបរិយាកាសរីករាយប្រកបដោយ កិច្ចសហប្រតិបត្តិការល្អនិងស្និទ្ធស្នាល។

FB_IMG_1493825211338

FB_IMG_1493825214925

FB_IMG_1493825218280

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត