​នៅ​ក្នុងរបាយការណ៍​បូកសរុប​ការងារ​​​គយ​និង​រដ្ឋាករ ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយក​​នៃ​​អគ្គនាយដ្ឋានគយ​និង​រដ្ឋាករកម្ពុជា បាន​​បញ្ជាក់ថា សម្រាប់​ឆមាសទី១ ឆ្នាំ២០១៧ ចំណូលសរុប​មាន​ប្រមាណ ៣.៧០៥ប៊ីលានរៀល (៩១៥លានដុល្លារ​អាមេរិក) កើនឡើង​ប្រមាណជាង ៣%​ ធៀប​នឹងឆមាសទី១ ឆ្នាំ​២០១៦។ លទ្ធផល​ចំណូល​នេះ​ត្រូវ​​ប្រមាណ​ជា ៥២% នៃផែនការឆ្នាំ ២០១៧ ​​ដែលកំណត់ដោយច្បាប់ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រងប្រចាំឆ្នាំ​២០១៧។ ឯកឧត្តម​អគ្គនាយកក៏​បាន​លើកឡើង​ផងដែរនូវ​សមិទ្ធផល​​នានា​រួមមាន លទ្ធផល​នៃការ​អនុវត្ត​ផែនការសកម្មភាព​ឆ្នាំ​២០១៧ របស់​អគ្គនាយកដ្ឋាន និង​ការងារ​ពាក់ព័ន្ធ​នឹង​គយ​ផ្សេងទៀត។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី បាន​សំដែង​​អំណរសរសើរ​​និងវាយ​តម្លៃ​ខ្ពស់​ចំពោះកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ប្រកប​ដោយ​ស្មារតីទទួលខុសត្រូវ​និងការ​លះបង់​ ​របស់​​មន្ត្រី​​គយ​និង​រដ្ឋាករ​គ្រប់​រូប។ ទន្ទឹម​នេះ ឯកឧត្តម​ ក៏​បាន​​ទទួល​ស្គាល់​នូវ​បញ្ហា​ប្រឈម​នានា ដែល​ជា​កត្តា​ប៉ះពាល់​ដល់​ប្រតិបត្តិការ​ប្រមូលចំណូល និង​បាន​លើកទឹក​ចិត្ត​ឲ្យ​មន្ត្រី​​គយ​និង​រដ្ឋាករ​ត្រូវ​ខិតខំ​បន្ថែម​ទៀត សម្រាប់​ការងារនាពេល​ខាងមុខ។

ជាមួយគ្នានេះ ឯកឧត្តម​បណ្ឌិតទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ​បាន​ធ្វើការ​ណែនាំ​សម្រាប់​​ជា​ទិសដៅ​​​អនុវត្ត​បន្តសម្រាប់​ឆ្នាំ​២០១៧ ដោយ​សង្កត់​ធ្ងន់​លើការងារចំនួន ០៦ ចំណុចរួមមាន៖ ១.ការបន្ត​ពង្រឹងអភិបាលកិច្ចល្អក្នុងអង្គភាព និងក្រមសីលធម៌វិជ្ជាជីវៈ​ ដោយត្រូវប្រកាន់ខ្ជាប់​អភិក្រមការងារទាំង៤ប្រការរបស់​​ក្រសួង​​សេដ្ឋកិច្ច​និង​​ហិរញ្ញវត្ថុ​ ២.ចូលរួម​ឲ្យ​បាន​សកម្ម​ក្នុង​ការងារពិនិត្យនិងកែសម្រួល​គោលនយោបាយ​ពន្ធ​អាករ​គយ​ឲ្យ​កាន់​តែមានភាពប្រសើរឡើង​ថែមទៀត ជាពិសេស​លើ​មុខទំនិញ​គ្រឿង​ឧបភោគបរិភោគ, ​គ្រឿង​អេឡិចត្រូនិច​ និង​​មុខទំនិញ​ផ្សេងទៀត ៣.បន្ត​ពង្រឹង​និង​កែលម្អ​យន្តការ​នៃកិច្ច​សម្រួល​ពាណិជ្ជកម្ម រួមមាន ការងារស្វ័យប្រវត្តិកម្ម​គយ, ការត្រួតពិនិត្យ​ទំនិញដោយម៉ាស៊ីនស្កែន, ប្រព័ន្ធ e-Customs, និងការជំរុញ​អនុវត្តប្រព័ន្ធ​បញ្ជរតែមួយជាតិ​ជាដើម .ពង្រឹងសមត្ថភាព​ស្ថាប័នលើគ្រប់​ទិដ្ឋភាព រួមទាំងសមត្ថភាព​ផ្នែកការ​អនុវត្ត​នីតិវិធី​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អគ្គនាយកដ្ឋាន ជាពិសេស​នៅពេល​ដែល ថវិកាកាន់តែច្រើនត្រូវ​បាន​ចំណាយលើ​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​និង​ការ​បំពាក់​មធ្យោបាយ​ការងារគយ ៥.ពង្រឹងការងារ​បច្ចេកទេសគយ ជាពិសេស​ការងារ​តម្លៃគិត​ពន្ធគយឲ្យ​កាន់តែ​សមស្រប និង ៦.ការពង្រឹងការងារ​ការ​បង្ការ​​និង​បង្ក្រាប​អំពើ​រត់គេចពន្ធ ដែលជាការងារគន្លឹះដ៏សំខាន់ក្នុងការជំរុញអនុលោមភាពសារពើពន្ធ ទាំង​នៅដើមទី ពាក់កណ្តាលទី និង​ចុងទី។

ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានបំពាក់គ្រឿងឥស្សរិយយស ជូនដល់មន្ត្រីគយនិងរដ្ឋាករមានស្នាដៃមួយចំនួន ផងដែរ។

កិច្ចប្រជុំនេះ​បាន​បញ្ចប់​នៅវេលាម៉ោង១១:៣០នាទី ថ្ងៃដដែលក្រោម​បរិយាកាស​ការងារ និងស្និទ្ធស្នាល។

1 2345810796

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត