នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់មានប្រារព្ធកិច្ចប្រជុំអន្តរក្រសួងរៀបចំដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយធនាគារពិភពលោក ក្នុងគោលបំណងផ្សព្វផ្សាយនិងត្រៀមរៀបចំការពិនិត្យកែសម្រួលខ្លឹមសារអនុក្រឹត្យលេខ ២០៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក នួន ច័ន្ទរិទ្ធ អគ្គនាយករងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងមានការចូលរួមពីតំណាងធនាគារពិភពលោក និងមន្ត្រីជាន់ខ្ពស់ជាតំណាងក្រសួង-ស្ថាប័នជំនាញរួមមាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ, ក្រសួងឧស្សាហកម្មនិងសិប្បកម្ម, ធនាគារជាតិនៃកម្ពុជា, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងសុខាភិបាល, ក្រសួងពាណិជ្ជកម្ម, ក្រសួងរ៉ែនិងថាមពល, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ លោក នួន ច័ន្ទរិទ្ធ បានរំលឹកពីសាវតារនៃអនុក្រឹត្យ ២០៩ ដែលត្រូវបានបង្កើតឡើងស្របតាមបញ្ញត្តិខ្លឹមសារនៃអនុក្រឹត្យ ២១ អនក្រ.បក ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០០៦ ស្ដីពីកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការគ្រប់គ្រងហានិភ័យដោយមានការចូលរួមពីស្ថាប័នជំនាញ និងជំនួយបច្ចេកទេសពីធនាគារពិភពលោក។ ទន្ទឹមនេះ លោកក៏បានគូសបញ្ជាក់ពីការវិវឌ្ឍជាវិជ្ជមានលើកិច្ចសម្រួលពាណិជ្ជកម្មនាពេលកន្លងមក ជាពិសេស ការធ្វើស្វ័យប្រវត្តិកម្មនីតិវិធី, ការដាក់ឱ្យអនុវត្តយន្តការធុរជនល្អបំផុត, និងការឈានទៅរកការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិជាដើម។ គោលបំណងនៃកិច្ចប្រជុំនាថ្ងៃនេះ គឺ (Kick-off Meeting) ដើម្បីប្រមូលធាតុចូលពីក្រសួង និងស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងពិនិត្យលទ្ធភាពកែសម្រួលអនុក្រឹត្យ ២០៩ ស្របតាមការវិវត្តនៃស្ថានភាពបច្ចុប្បន្ន និងអនុលោមតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ក្នុងដំណើរកិច្ចពិភាក្សា អង្គប្រជុំបានឯកភាពពីសារៈសំខាន់ការកែសម្រួលអនុក្រឹត្យនេះ ដែលរួមមានការកែសម្រួលមុខទំនិញក្នុងបញ្ជី, ការកែសម្រួលប្រព្រឹត្តកម្មតាមបន្ទាត់ពន្ធនីមួយៗ, និងការកែសម្រួលសមាសភាពក្រុមសម្របសម្រួលអន្តរស្ថាប័ននៃកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការគ្រប់គ្រងហានិភ័យ ជាដើម។ ទន្ទឹមនេះ អង្គប្រជុំបានកត់សម្គាល់ពីភាពចាំបាច់ឱ្យមានការចូលរួមយ៉ាងសកម្មពីសំណាក់ស្ថាប័នពាក់ព័ន្ធទាំងអស់ ព្រមទាំងវិស័យឯកជនដើម្បីធានាឱ្យការកែសម្រួលមានអនុលោមភាពតាមបទប្បញ្ញត្តិជាធរមាន, សង្គតភាពនឹងការអនុវត្តល្អជាអន្តរជាតិ និងឆ្លើយតបចំពោះតម្រូវការរបស់វិស័យឯកជនផងដែរ។

ជាទីបញ្ចប់ លោកប្រធានអង្គប្រជុំបានស្នើឱ្យអង្គប្រជុំរាយការណ៍ពីលទ្ធផលនៃកិច្ចប្រជុំជូនថ្នាក់ដឹកនាំស្ថាប័នសាម៉ី ដើម្បីពីនិត្យមុខទំនិញក្នុងបញ្ជីទំនិញហាមឃាត់និងជាប់កម្រិតកំណត់ និងបទប្បញ្ញត្តិគាំទ្រតាមការទទួលខុសត្រូវរៀងៗខ្លួន រួចបញ្ជូនមកអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីជាកម្មវត្ថុនៃការពិភាក្សាអន្តរក្រសួង ក្នុងកិច្ចប្រជុំបន្តបន្ទាប់នាពេលអនាគត។

1

2

3

4

5

6

7

8

9

10

11

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត