នៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ភ្នំពេញ នាព្រឹកថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ មានប្រារព្ធកិច្ចប្រជុំក្រុមការងារអន្តរស្ថាប័នលើកទី៤ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង​ជា​ប្រធានក្រុមការងារ​អន្តរស្ថាប័នសម្រាប់​កិច្ច​សម្រួលពាណិជ្ជកម្មតាមរយៈការ​គ្រប់គ្រងហានិភ័យ ដោយមានការ​ចូល​រួមពីអ្នកជំនាញការ​នៃធនាគារពិភពលោក និងមន្ត្រីជាន់ខ្ពស់តំណាងមកពីគ្រប់ក្រសួងស្ថាប័នសាធារណៈពាក់ព័ន្ធ។

កិច្ចប្រជុំនេះមានគោលបំណងបន្តកិច្ចដំណើរការ​ពិនិត្យកែសម្រួលខ្លឹមសារអនុក្រឹត្យលេខ ២០៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ដើម្បីកាត់បន្ថយបញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ដែលមានចែងក្នុងតារាងឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ និងការបញ្ចៀសមិនឱ្យត្រួតជាន់គ្នារបស់ក្រសួងស្ថាប័នមានសមត្ថកិច្ចច្រើនលើមុខទំនិញតែមួយ។

អង្គប្រជុំបានសម្រេចនូវលទ្ធផលល្អគួរឱ្យកត់សម្គាល់ និងបានដាក់ទិសដៅសម្រាប់អនុវត្តចំពោះមុខមួយចំនួនដូចខាងក្រោម៖

  • ក្រុមការងារបច្ចេកទេស​នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងបន្តកិច្ចសហការ ជំរុញនិងសម្របសម្រួលការងារជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមទាំងការផ្តល់ទិដ្ឋភាពបច្ចេកទេសក្នុងការកំណត់លេខកូដតាមតារាងពន្ធគយកម្ពុជា ជាធរមាន ​លើមុខទំនិញមួយចំនួនដែលនៅមានភាពស្មុគស្មាញមិនទាន់អាចកំណត់បានក្នុងកិច្ចប្រជុំនេះ។
  • ស្នើឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិនិត្យឡើងវិញក្នុងរយៈពេលយ៉ាងយូរពីរសប្តាហ៍ នូវបញ្ជីមុខទំនិញស្នើ​សុំ ដើម្បីកាត់បន្ថយបន្ថែមទៀតឱ្យស្របតាមគោលការណ៍សម្រេចដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល។ ភ្ជាប់នឹងចំណុចនេះ មុខទំនិញមួយចំនួនដែលត្រូវកាត់ចេញពីបញ្ជីទំនិញជាប់អាយ័ត ក៏នៅតែអាចគ្រប់គ្រងបាន តាមរយៈការកំណត់យន្តការ ឬនីតិវិធីគ្រប់​គ្រងផ្ទៃក្នុងប្រទេសជំនួសវិញ តាមបទប្បញ្ញត្តិជាធរមាន។
  • លទ្ធផលនៃកិច្ចប្រជុំ ក៏ដូចជារបាយការណ៍ចុងក្រោយ រួមទាំងបញ្ហានានាដែលមិនអាចដោះស្រាយបានក្នុងកម្រិតក្រុមការងារអន្តរស្ថាប័ននេះ នឹង​ត្រូវ​ដាក់ជូនគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  ដើម្បីពិភាក្សាដោះស្រាយ  មុននឹងគោរពស្នើសុំ ប្រមុខរាជរដ្ឋាភិបាល ​ពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់​ជាចុងក្រោយ។

សូមជម្រាបបញ្ជាក់ជូនថា ការ​ពិនិត្យកែសម្រួលខ្លឹមសារអនុក្រឹត្យលេខ ២០៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ របស់ក្រុមការងារអន្តរស្ថាប័ននេះគឺជាផ្នែកមួយនៃការអនុវត្តការកែទម្រង់ស៊ីជម្រៅ និងមុតស្រួចរបស់​​រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការជំរុញផ្តល់កិច្ចសម្រួលពាណិជ្ជកម្មបន្ថែមទៀត តាមរយៈការកាត់បន្ថយរបាំងមិនមែន​ពន្ធឱ្យបានដល់កម្រិតអប្បបរមា ដើម្បីលើកកម្ពស់ការប្រកួតប្រជែងក្នុងការទាក់ទាញការវិនិយោគ និងបង្កើនពិពិធកម្មឧស្សាហកម្មក្នុងប្រទេស ក៏ដូចជាពាណិជ្ជកម្មជាអន្តរជាតិរបស់កម្ពុជា។

photo_2019-08-20_19-27-39 photo_2019-08-20_19-28-31 photo_2019-08-20_19-28-36 photo_2019-08-20_19-28-41 photo_2019-08-20_19-29-04 photo_2019-08-20_19-29-12 photo_2019-08-20_19-29-20 photo_2019-08-20_19-29-26 photo_2019-08-20_19-29-30

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត