គណៈ​ប្រតិភូ​អគ្គនាយកដ្ឋានគយ​​​និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយក​​​នៃ​​​អគ្គនាយកដ្ឋានគយ​​​និង​​​រដ្ឋាករកម្ពុជា បានអញ្ជើញទៅចូលរួមសន្និសីទអគ្គនាយកគយតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោកលើកទី២០ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅក្រុង Cochin រដ្ឋ Kerala ប្រទេសឥណ្ឌា ។ កិច្ចប្រជុំនេះដឹកនាំដោយ​លោក​ Pranab Kumar Das អនុប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាអគ្គនាយកគយនៃរដ្ឋបាលគយឥណ្ឌាដោយមានការ​ចូលរួម​ពី​សំណាក់អគ្គនាយកគយ និង​គណៈប្រតិភូ​គយ​នៃ​បណ្តា​ប្រទេស​ជា​សមាជិកនៃតំបន់អាស៊ីប៉ាស៊ីហ្វិក និង​​លោក Kunio Mikuriya  អគ្គលេខាធិការដ្ឋាននៃអង្គការគយពិភពលោក ផងដែរ ។ ក្នុងសុន្ទរកថាបើក លោក Pranab Kuma Das  បានលើកឡើងថា ដើម្បីឆ្លើយតបនឹងការវិវត្តន៍​ និងភាពរីកចម្រើនយ៉ាងលឿននៃពាណិជ្ជកម្មអន្តរជាតិ បដិវត្តឧស្សាហកម្មទី៤ និងពាណិជ្ជកម្មអេឡិចត្រូនិក ក្នុងបរិបទ សេដ្ឋកិច្ចឌីជីថល ប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកត្រូវរៀបចំយុទ្ធសាស្ត្រកំណែទម្រង់របស់ខ្លួនដែលផ្តោតសំខាន់លើផ្នែកសន្តិសុខ និងកិច្ចសម្រួលពាណិជ្ជកម្ម, អនុលោមភាពនិងការអនុវត្តច្បាប់ និងការកសាងសមត្ថភាព។ លោកបានគូសបញ្ជាក់ពីតួនាទីសំខាន់របស់បច្ចេកវិទ្យាក្នុងការសម្រួលនីតិវិធីគយនិងបានគូសបញ្ជាក់នូវផ្នែកសំខាន់ៗនៃការងារដែលបានគ្របដណ្តប់ក្រោមប្រធានបទរបស់ WCO សម្រាប់ឆ្នាំ ២០១៩ “ព្រំដែនវៃឆ្លាតសម្រាប់កិច្ចសម្រួលពាណិជ្ជកម្ម ការធ្វើដំណើរ និងការដឹកជញ្ជូន”។

ទន្ទឹមនេះ លោកអគ្គលេខាធិការ Kunio Mikuriya ក៏បានគូសបញ្ជាក់ពីយុទ្ធសាស្រ្តនិងគំនិតផ្តួចផ្តើមថ្មីៗរបស់អង្គការគយពិភពលោក ដោយរួម មានដូចជា៖ សន្តិសុខនិងកិច្ចសម្រួលពាណិជ្ជកម្ម, ការវាស់វែងលទ្ធផល, ស្វ័យប្រវត្តិកម្មនីតិវិធីគយនិងសហប្រតិបត្តិការគយ, ប្រព័ន្ធគ្រប់គ្រងហានិភ័យ, និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងនីតិវិធីគយ និងប្រតិបត្តិការគយ ជាពិសេសការប្រើប្រាស់ ទិន្នន័យធំ ​(Big Data) ប្រមូលទិន្នន័យ វិភាគទិន្នន័យ ការចែករំលែកផ្លាស់ប្តូរទិន្នន័យ។

អង្គសន្និសីទបានពិនិត្យ និងពិភាក្សាយ៉ាងផុសផុលលើការងារអាទិភាពមួយចំនួនរួមមាន៖ គោលនយោបាយ និងការផ្តួចផ្តើមរបស់អង្គការគយពិភពលោក; វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិក,​ ការពិនិត្យកែសម្រួលកិច្ចព្រមព្រៀងអន្តរជាតិស្តីពីសាមញ្ញកម្ម និងសុខដុមនីយកម្មនីតិវិធីគយ, សន្តិសុខនិងអនុលោមភាព, ក្របខ័ណ្ឌស្តង់ដារនៃពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងកាត់ព្រំដែនរបស់ WCO និងការអនុវត្តកិច្ចព្រមព្រៀងស្ដីពីកិច្ចសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO TFA) ជាដើម ។​

ឯកឧត្តមបណ្ឌិត គុណ ញឹម មានកិត្តិយសដែលត្រូវបានអញ្ចើញធ្វើបទបង្ហាញពីលទ្ធផលពិភាក្សាស្តីពីពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងកាត់ព្រំដែនផងដែរ។ ពាក់ព័ន្ធនឹងវិស័យអាទិភាពរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិក អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា​ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រកែទម្រង់ និងទំនើបកម្មគយឆ្នាំ២០១៩-២០២៣ ដោយបានប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាក្នុងនីតិវិធីគយ ជាយុទ្ធសាស្រ្តស្នូលដើមជួយជ្រោមជ្រែងយុទ្ធសាស្ត្រចំនួន៤ទៀតរួមមាន៖ បង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូល, ពង្រឹងអនុលោមភាពនិងការអនុវត្តច្បាប់,សហប្រតិបត្តិការគយ និងការអភិវឌ្ឍន៍ធនធានមនុស្សនិងស្ថាប័ន។

ឆ្លៀតនៅក្នុងឱកាសក្នុងសន្និសីទនេះ គណៈប្រតិភូនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បានជួបប្រជុំទ្វេភាគីជាមួយរដ្ឋបាលគយនៃប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗមួយចំនួនដូចជា ប្រទេសឥណ្ឌា, កូរ៉េ, ថៃជាដើម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការងារគយ។ ក្នុងជំនួបទ្វេភាគីជាមួយរដ្ឋបាលគយថៃ រដ្ឋបាលគយទាំងពីរបានពិភាក្សា​​​​រកដំណោះស្រាយក្នុងការពន្លឿនបញ្ចប់ការចុះហត្ថលេខាលើអនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពីទំនិញឆ្លងកាត់រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជណាចក្រថៃ ឱ្យបានឆាប់រហ័ស និងឯកភាពចាប់ផ្ដើមពិភាក្សាដើម្បីរៀបចំនីតិវិធីគយក្នុងការត្រៀមអនុវត្តការត្រួតពិនិត្យទំនិញ និងអ្នកដំណើរដឹកជញ្ជូនតាមផ្លូវដែក និងការអនុវត្តយន្តការត្រួតពិនិត្យរួមគ្នាតែមួយដង (Single stop inspection) នៅមាត់ច្រកព្រំដែនថ្មី ស្ទឹងបត់ – ណងអៀន ដែលគ្រោងបើកដាក់ឲ្យដំណើរការនាពេលខាងមុខ ។

photo_2019-05-12_12-06-45 photo_2019-05-12_12-07-05photo_2019-05-12_12-07-00 photo_2019-05-12_12-07-09 photo_2019-05-12_12-07-14 photo_2019-05-12_12-07-22

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត