នាថ្ងៃពុធ ១ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅ​សណ្ឋាគារសាន់វ៉េ រាជធានី​ភ្នំពេញ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​រៀបចំ​​វគ្គបណ្តុះបណ្តាលស្តី​ពី ​“វិធានដើមកំណើតទំនិញ” អនុលោមតាមផែនការសកម្មភាពប្រចាំឆ្នាំ២០១៩ និងយុទ្ធសាស្ត្រ និងកម្មវិធីកំណែទម្រង់និងទំនើបកម្មរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ២០១៩-២០២៣ ក្រោមអធិបតីភាពរបស់លោក នួន ច័ន្ទរិទ្ធ អគ្គ​នាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាតំ​ណាង​​ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិ​ភូរា​ជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនា​យ​កដ្ឋានគយនិង​​រដ្ឋាករកម្ពុជា។

វគ្គបណ្តុះបណ្តាល​នេះប្រព្រឹត្ត​ទៅ​​ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ក្នុង​គោលបំណងលើកកម្ពស់សមត្ថភាពនិងចំណេះដឹងរបស់មន្រ្តីគយ និងរដ្ឋាករកម្ពុជា ​លើ​ប្រធាន​បទ​វិធាន​ដើមកំណើត​ក្រោម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​ជា​ពិសេសពាក់ព័ន្ធ​នឹង​​ការដាក់ឲ្យអនុវត្តវិញ្ញាបនបត្របញ្ជាក់​ដើមកំណើតទម្រង់ D ក្នុង​ទម្រង់​អេឡិចត្រូនិច (e-ATIGA Form D) ក៏ដូច​ជា​ដើម្បី​ត្រៀម​អនុវត្ត​ពិធីសារស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។

ថ្លែងក្នុង​ពិធី​បើកវគ្គបណ្តុះបណ្តាល  លោក នួន ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា​ បាន​​​គូសបញ្ជាក់​ថាការងារវិធានដើមកំណើតទំនិញ ជាការងារបច្ចេកទេសគយមួយដែលមានលក្ខណៈស្មុគ្រស្មាញ និងមានការវិវត្តស្របតាមការផ្លាស់ប្តូរ នៃកិច្ចប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងមានវេទយិតភាពដល់ចំណូល​ពន្ធអាករសម្រាប់​បរិបទកម្ពុជាបច្ចុប្បន្ន។​​ ក្នុង​ន័យ​នេះ ចំណេះ​ដឹង​ស្តីពី​វិធាន​ដើម​កំណើត​ទំនិញ និង​ខ្លឹមសារ​បញ្ញត្តិ ​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីគឺ​ជា​ការ​ចាំបាច់ និង​មាន​សារៈសំខាន់​ ​ក្នុង​ការ​​ចូលរួមចំណែក​ក្នុង​ការ​បង្កើន​ប្រសិទ្ធភាពនៃ​ការ​​ប្រមូល​ចំណូល ក៏​ដូច​ជា​អនុវត្ត​បានត្រឹមត្រូវ​ស្របតាម​កិច្ច​ព្រមព្រៀងជា​ធរមាន​​ដែល​កម្ពុជា​ជា​សមាជិក​។ តាមកម្មវិធីដែលបានគ្រោងទុក វគ្គបណ្តុះបណ្តាលនេះបាន​ផ្តល់ឱកាសសម្រាប់សិក្ខាកាមទាំងអស់ក្នុងការស្វែងយល់ ពិភាក្សា និងចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងប្រធានបទវិធានដើមកំណើតទំនិញ និងជាពិសេសគឺ​ទទួល​បាន​បច្ចុប្បន្នភាពនៃការ​អនុវត្ត​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​ទំនិញ​អាស៊ាន​ និង​អាស៊ាន-ចិន។

ជា​ចុងបញ្ចប់ ​លោកអគ្គនាយក​រង ​ក៏បានផ្តាំផ្ញើឱ្យសិក្ខាកាមទាំងអស់ប្រើប្រាស់ចំណេះ​​​​ដឹង​ និង​ព័ត៌មាន​ដែល​ទទួល​បាន​ក្នុង​វគ្គបណ្តុះបណ្តាល​នេះ និងបន្តចែករំលែកចំណេះដឹងជាមួយសហការី​នៅតាមបណ្តា​អង្គភាព​រៀង​ៗខ្លួន។

IMG_0838 photo_2019-07-19_10-58-02 photo_2019-07-19_10-58-07 photo_2019-07-19_10-58-12 photo_2019-07-19_10-58-18 photo_2019-07-19_10-58-23

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត