នារសៀល​ថ្ងៃទី០៤ ខែតុលា​ ឆ្នាំ២០១៧ នៅ​ទីស្តីការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ​មានប្រារព្ធ​កិច្ច​ប្រជុំ​លើកទី២ នៃ​គណៈ​កម្មាធិការ​​​ដឹកនាំ​​គម្រោងបញ្ជរ​តែមួយ​​ជាតិ ​ក្រោម​អធិបតី​ភាពដ៏ខ្ពង់ខ្ពស់​របស់ឯក​ឧត្តម​​​បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​​ និងជា​ប្រធានគណៈ​កម្មាធិការ​​​ដឹកនាំ​​គម្រោងបញ្ជរ​តែមួយ​​ជាតិ ដោយមានការ​​ចូល​រួម​ពីតំណាងក្រសួង-ស្ថាប័ន​ជំនាញពាក់ព័ន្ធ វិស័យ​ឯកជន និងតំណាងដៃគូរ​អភិវឌ្ឍន៍។ ​គោលបំណងសំខាន់នៃកិច្ច​ប្រជុំ​គឺ​ពិនិត្យ​ពិភាក្សា​លើ​វឌ្ឍនភាព​នៃ​ការងារ​អភិវឌ្ឍ និង​អនុវត្តគម្រោង​បញ្ជរតែមួយជាតិដំណាក់កាល​ទី១ និង​លើក​ទិស​ដៅ​អនុវត្ត​បន្ត​ដំណាក់កាល​បន្ទាប់។

ឯក​ឧត្តម​​​បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍​ថា ប្រព័ន្ធបញ្ជរតែមួយជាតិ​មាន​តួនាទី​សំខាន់​ក្នុង​ការ​សម្របសម្រួលនិងសហការរវាងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ សំដៅ​បង្កើន​ប្រសិទ្ធ​ភាព​​ និង​ស័ក្តិសិទ្ធភាព​បន្ថែមទៀតនូវកិច្ចសម្រួលពាណិជ្ជកម្ម ជាពិសេសជួយសម្រួល​ដល់​ការ​បំពេញ​​បែប​បទ​នាំ​ចេញ​-នាំចូលទំនិញ ឲ្យបានឆាប់រហ័ស ស្រប​តាមផែនការយុទ្ធសាស្រ្ត​និងគោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល។

អង្គប្រជុំ​បានវាយតម្លៃខ្ពស់ និងកត់សម្គាល់លើវឌ្ឍនភាពការងារសម្រេចបានក្នុងដំណាក់កាលទី១ ដែល​​ជាការ​តភ្ជាប់​ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយអាស៊ីគូដា និងប្រព័ន្ធស្វ័យ​ប្រវត្តិ​វិញ្ញា​បន​បត្រ​ប្រភព​ទំនិញ​ ទៅកាន់ប្រព័ន្ធ​បញ្ជរ​​តែ​មួយ​​អាស៊ាន ដើម្បីអាចបញ្ជូន និងទទួលប្រើប្រាស់​​វិញ្ញាបនបត្រ​ប្រភព​ដើម​​ទំនិញ​ក្នុង​ទម្រង់​​អេឡិក​ត្រូនិក​។ តាមការគ្រោងទុក ប្រព័ន្ធតភ្ជាប់នេះនឹង​ត្រូវ​​បញ្ចប់​នាដំណាច់ឆ្នាំ២០១៧ និង​អាច​ចូល​រួម​​អនុវត្ត​ជាផ្លូវ​ការ​ជា​មួយបណ្តាប្រទេសសមាជិកអាស៊ាននាដើមឆ្នាំ២០១៨ ខាងមុខ។

ទន្ទឹមនេះ អង្គប្រជុំ​ក៏​បាន​ពិភាក្សា​ពី​ផែនការ​សកម្មភាពនិងទិសដៅ​អនុវត្ត​បន្ត​ លើការងាររៀបចំ និង​ពង្រីក​ការ​អភិវឌ្ឍមុខងារប្រព័ន្ធបញ្ជរតែមួយជាតិសម្រាប់​ដំណាក់​កាល​ទី២ ទៅ​ក្រសួង​-ស្ថាប័ន​អាទិភាព​មួយ​ចំនួនដែល​ពាក់ព័ន្ធ​នឹង​​ការ​​ចេញ​អាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតក្នុងទម្រង់អេឡិកត្រូនិក សម្រាប់ប្រើ​ប្រាស់​ក្នុង​ការ​បញ្ចេញ​ទំនិញ​ពីគយ ដែលគ្រោង​នឹងចាប់ផ្តើមនាដើមឆ្នាំ២០១៨។ ជាមួយគ្នានេះ អង្គ​ប្រជុំ​ក៏​បាន​ពិភាក្សា​ផងដែរពីលទ្ធភាព​គម្រោង​ជំនួយ​របស់​ទីភ្នាក់ងារ​សហប្រ​តិប​ត្តិ​​ការ​​​អន្តរ​ជាតិ​​ជប៉ុន​ (JICA) សម្រាប់​ដំណាក់​កាល​​ទី​៣ សំដៅ​សម្រេច​​ឲ្យ​បាន​នូវ​​ប្រព័ន្ធ​​បញ្ជរ​តែមួយជាតិ ដែលមានមុខងារពេញលេញ​អាចអនុវត្តបាន​នៅ​គ្រប់​​ក្រសួង​ស្ថាប័ន​-ជំនាញ ​និង​វិស័យ​​ឯក​ជនពាក់ព័ន្ធ។

ឯកឧត្តម​បណ្ឌិតសភាចារ្យបានស្នើដល់ក្រសួងស្ថាប័នជំនាញពាក់ព័ន្ធដែល​ជាសមាជិក​គណៈ​កម្មា​ធិ​ការ​​​​ដឹកនាំ​គម្រោង​បញ្ជរ​តែមួយ​ជាតិ​ និងក្រុមការងារនិងភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមនិង​ សហ​ការ​​​គ្នា​ឲ្យ​បាន​​ល្អ ដើម្បីសម្រេចឲ្យបានជោគជ័យការអភិវឌ្ឍ​និង​អនុវត្ត​គម្រោង​ក្នុង​ដំណាក់កាលបន្ទាប់​។

កិច្ចប្រជុំនេះ​ បាន​​បញ្ចប់​នៅ​វេលាម៉ោង​ ០៦:០០ ល្ងាច ​ នា​ថ្ងៃ​ខែឆ្នាំ​ដដែល ប្រកប​ដោយ​បរិយាកាស​​រីករាយ និង​ទទួល​ខុសត្រូវ​ខ្ពស់​។

P1000607 P1000615 P1000616 P1000621 P1000624 P1000626 P1000653 P1000659 P1000660

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត