នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅ​អគ្គ​នាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជាមានប្រារព្ធ​កិច្ច​ប្រជុំ​បូកសរុប​ការងារ​គយ​និងរដ្ឋាករ​ប្រចាំឆមាសទី១ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​ ឯកឧត្តមបណ្ឌិត  គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាលទទួល​បន្ទុកជាអគ្គនាយក​​នៃ​​អគ្គនាយដ្ឋានគយ​និង​រដ្ឋាករកម្ពុជា ដោយ​មាន​ការ​ចូលរួម​​ពី​មន្ត្រី​គយ​និង​រដ្ឋាករជាថ្នាក់​ដឹកនាំ​គ្រប់​ជាន់​ថ្នាក់។

ឯកឧត្តម​ប្រតិភូរាជរដ្ឋាភិបាល បាន​លើកឡើង​ថា ក្នុង​ឆមាសទី១ ឆ្នាំ២០១៨ នេះ ចំណូលសរុប ​ដែល​ប្រមូល​ដោយ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ​មាន​ប្រមាណ ៤.៧៣៦ប៊ីលានរៀល ឬ​ប្រមាណជា ១.១៧២លានដុល្លារ​អាមេរិក ។  តួលេខចំណូលនេះត្រូវជា​​ប្រមាណ ៥៦,៧% នៃផែនការ​​ដែលកំណត់ដោយច្បាប់ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រងឆ្នាំ​២០១៨។ បើ​ធៀប​នឹងឆមាស​ទី១ ឆ្នាំ​២០១៧  ​ចំណូល​នេះ កើនឡើង​ប្រមាណ ២៧,៨%​ ដែលក្នុងនោះ ចំណូលពី​មុខទំនិញ​យានយន្ត​មាន​កំណើន ៤០,៥%, មុខទំនិញ​ប្រេង​និង​ថាមពលកើនឡើង ១០,៥%, គ្រឿង​សំណង់​កើនឡើង ២៦,៦% និង​មុខទំនិញ​ចម្រុះផ្សេងទៀតមានកំណើន ២៧%។

ប្រភេទពន្ធនិងអាករសំខាន់ៗ​ដែល​ប្រមូល​ដោយគយមាន ពន្ធគយ (ពន្ធនាំចូល), អាករពិសេស និងអាករ​លើ​តម្លៃ​បន្ថែម (VAT)។ នៅក្នុង​ឆមាសទី១ ឆ្នាំ​២០១៨ នេះ បើ​ប្រៀបធៀបនឹង​ឆមាសទី១​ ឆ្នាំ​២០១៧ លទ្ធផលចំណូល​តាម​ប្រភេទពន្ធមាន​ការ​ប្រែប្រួល​ដូចតទៅ៖ ពន្ធគយ​មាន​កំណើនជិត ១៦%, អាករ​ពិសេស​មាន​កំណើន ៣៩,៤% ហើយ VAT មាន​កំណើន ២៧%។

ដោយឡែក តួលេខបណ្ដោះអាសន្ននៃទំហំពាណិជ្ជកម្ម​អន្តរជាតិក្នុង​ឆមាសទី១ ឆ្នាំ​២០១៨ ធៀបនឹង​ឆមាសទី១ ឆ្នាំ​២០១៧ មាន​កំណើន​ដូចតទៅ៖ តម្លៃនាំចូលសរុប​មាន​កំណើន ១៧% ហើយតម្លៃនាំចេញសរុបមាន​កំណើនជាង ៧% ក្នុង​នោះ តម្លៃផលិតផល​កាត់​ដេរនាំចេញកើនឡើងជិត ១៣% និង​តម្លៃផលិតផលស្រូវនិងអង្ករកើនឡើង ៥៣%។

កំណើនពាណិជ្ជកម្ម​អន្តរជាតិនិង​កំណើនចំណូលពន្ធ និងអាករគយ ដែលសម្រេចបាន​ក្នុងកម្រិត​ខ្ពស់​គួរឲ្យ​កត់​សម្គាល់នេះ គឺដោយសារ​កត្តា​មួយចំនួន ដែល​ក្នុង​នោះកត្តា​សំខាន់គឺ​ ស្ថេរភាពនយោបាយ​ក្នុង​ប្រទេស​ ដែល​ជាមូលដ្ឋានគ្រឹះគាំទ្រនិងធានាប្រក្រតីភាពនៃ ​សកម្មភាព​ពាណិជ្ជកម្ម វិនិយោគ ផលិតកម្ម ន​សេវាកម្ម និងការប្រើប្រាស់ជាទូទៅ ដែលប្រការទាំងនេះ ​បានជំរុញ​ឲ្យ​មាន​កំណើន​ ការនាំចូល​មុខទំនិញ​ផ្សេងៗ ឆ្លើយតបនឹងតម្រូវការនិងការផ្គត់ផ្គង់ក្នុងស្រុក ។ គួរបញ្ជាក់ថា ប្រភពចំណូលពន្ធ និងអាករសំខាន់ៗមាន យានយន្តនិងគ្រឿងចក្រ (ដើរតួនាទីប្រមាណជា៤២%នៃចំណូលសរុប) ប្រេង​ឥន្ធនៈ និង​ថាមពល (ត្រូវជាប្រមាណ ២០%នៃចំណូលសរុប) និងទំនិញចម្រុះនិងគ្រឿសំណង់ (ដើរតួនាទីប្រមាណជា ?%នៃចំណូលសរុប)។ លោកអគ្គនាយកក៏បានលើកឡើងអំពីលទ្ធផលល្អនៃការអនុវត្តការងារកំណែទម្រង់និងទំនើបកម្មគយនិង ផែនការសកម្មភាពឆ្នាំ២០១៨ ផងដែរ ដែលក្នុងនោះ មាន, ការពង្រឹងប្រសិទ្ធិភាពការងារបច្ចេកទេសគយ, ការបង្ការនិងបង្ក្រាប​អំពើរត់គេចពន្ធ, ​ និងការលើកំពស់អភិបាល​កិច្ច​ល្អទាំងក្នុងអង្គភាពគយ និងទាំងក្នុងវិស័យឯកជន,​ ជាដើម ។

សម្រាប់ទិសដៅអនុវត្ត​ការងារក្នុង​ឆមាសទី២ ឆ្នាំ​២០១៨ ឯកឧត្តម​ប្រតិភូរាជរដ្ឋាភិបាល ​​បានរំលឹកឡើងវិញនូវការណែនាំទាំង៨ចំណុចរបស់ឯកឧត្តអគ្គបណ្ឌិត​​សភាចារ្យ​ទេសរដ្ឋមន្ត្រី មន្ត្រីក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ដែលបានលើកឡើងនាកិច្ចប្រជុំបូកសរុបការងារគយនិងរដ្ឋាករប្រចាំឆ្នាំ២០១៧ កាលពីខែមករា ​កន្លងទៅនេះ ។ ទន្ទឹមនឹងនោះ លោកអគ្គនាយកក៏ បាន​ដាក់​ចេញ​នូវ​វិធានការ​ជាក់លាក់មួយចំនួន ដើម្បីឈានទៅសម្រេចឲ្យបានតាមគោលដៅនានាដែលបានកំណត់ ជាពិសេស​គឺការប្រមូលចំណូលពន្ធ និងអាករចូលថវិកាជាតិ ឲ្យបានគ្រប់និងលើសផែនការ។

កិច្ចប្រជុំនេះ​បាន​បញ្ចប់​នៅវេលាម៉ោង១១:៣០នាទី ថ្ងៃដដែលក្រោម​បរិយាកាស​ការងារ​និង​ការ​ទទួល​ខុសត្រូវ​ខ្ពស់។

 

photo_2018-07-16_14-18-05

photo_2018-07-16_14-12-39

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត