នាព្រឹកថ្ងៃពុធ ០៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) មានប្រារព្ធកិច្ចប្រជុំបូកសរុបការងារគយនិងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាផងដែរ។

​ក្នុងរបាយការណ៍​បូកសរុប​ការងារ​​​គយ​និង​រដ្ឋាករ ឯកឧត្តមបណ្ឌិត គុណ ញឹម  ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយក​​នៃ​​អគ្គនាយដ្ឋានគយ​និង​រដ្ឋាករកម្ពុជា បាន​​បង្ហាញថា សម្រាប់ឆមាសទី១ ឆ្នាំ២០១៩ ចំណូលសរុបមានប្រមាណជាង ៥.៩ ទ្រីលានរៀល (ប្រមាណ ១,៤៧៥ លានដុល្លារអាមេរិក) កើនឡើង ២៥.៥% (ប្រមាណ ៣០០លានដុល្លារអាមេរិក)ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ លទ្ធផលចំណូលនេះត្រូវប្រមាណជា ៦៥% នៃផែនការឆ្នាំ ដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០១៩។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០១៨  លទ្ធផលចំណូលតាមប្រភេទពន្ធនិងអាករសំខាន់ៗដែលប្រមូលដោយគយមានកំណើនគួរឲ្យកត់សម្គាល់ ក្នុងនោះ ពន្ធគយ (ពន្ធនាំចូល)មានកំណើនជាង ៣៣.៨%, អាករពិសេសកើន ៣១.១%  និងអាករលើតម្លៃបន្ថែម (VAT)កើន ២៨.៦%។ គួរបញ្ជាក់ថា មុខទំនិញជាប្រភពចំណូល​សំខាន់ៗរួមមាន៖ (១).យានយន្ត​និងគ្រឿងចក្រគ្របដណ្តប់ប្រមាណជាង ៥២% នៃចំណូលសរុប, (២).ប្រេងឥន្ធនៈ និងថាមពលប្រមាណ ១៧.១%​ នៃចំណូលសរុប និង (៣).ទំនិញចម្រុះនិងគ្រឿងសំណង់មានប្រមាណ ២៩.៥% នៃចំណូលសរុប។ លទ្ធផល​ដ៏ល្អប្រសើរនេះ គឺ​បាន​មកដោយសារ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ, ការ​កែទម្រង់មុតស្រួចរបស់​រាជរដ្ឋាភិបាល, ការពង្រឹង​អភិបាល​កិច្ច​ផ្ទៃក្នុង​របស់​អង្គភាពគយ និង​ការរីកចម្រើនផ្នែកសមត្ថភាពធនធាន​មនុស្ស។ ទន្ទឹមនឹងការងារប្រមូលចំណូលចូលថវិកាជាតិបានលើសផែនការ អគរ ក៏បានសម្រេចនូវសមិទ្ធផលនានាផ្សេងទៀត​ដូចជាការចូលរួមកសាង​បទប្បញ្ញ្តត្តិនិងគោលនយោបាយពាក់ព័ន្ធនឹងគយ, ការធ្វើវិចារណកម្មអត្រាពន្ធគយ​លើទំនិញមួយចំនួន, ការពង្រឹងការងារបង្ការនិងបង្រ្កាបអំពើរត់គេចពន្ធ, ការចូលរួមទប់ស្កាត់ការលាងសម្អាតប្រាក់ និងការលើកកម្ពស់​កិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការចូលរួមអនុវត្តវិធានការកែទម្រង់មុតស្រួចរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹង​គយ ដូចជា​ការអនុវត្តកម្រៃផ្លូវការ​នៃការផ្តល់សេវាសាធារណៈរបស់ អគរ , ការកាត់បន្ថយកម្រៃស្កែន និងបរិមាណកុងតែន័រដែលត្រូវឆ្លងកាត់ការ​ត្រួតពិនិត្យដោយម៉ាស៊ីនស្កែន, ការផ្សព្វផ្សាយគោលនយោបាយលើកទឹកចិត្តដល់សហគ្រាសធុនតូចនិងមធ្យម (SMEs) និងការជំរុញយ៉ាងសកម្មការអភិវឌ្ឍន៍ប្រព័ន្ធបញ្ជរតែមួយជាតិ និងប្រព័ន្ធបញ្ជរតែមួយ​អាស៊ាន ហើយបានដាក់ឲ្យអនុវត្តជំហានដំបូងនៃប្រព័ន្ធទាំងពីរនេះ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ជាដើម។

ក្នុងឱកាសនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បាន​សំដែង​​ការកោតសរសើរ​​និងវាយ​តម្លៃ​ខ្ពស់​ចំពោះកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ប្រកប​ដោយមនសិកា និង​ស្មារតីទទួលខុសត្រូវ​ខ្ពស់របស់​​មន្ត្រី​​គយ​និង​រដ្ឋាករ​​គ្រប់​រូប ចំពោះលទ្ធផលប្រកបដោយសុទិដ្ឋិនិយម និងក្ដីរំពឹងខ្ពស់ និង​បាន​​ណែនាំ​សម្រាប់​​ជា​ទិសដៅ​​​​អនុវត្ត​បន្តសម្រាប់ឆមាសទី២ ​ឆ្នាំ​២០១៩ ដោយ​សង្កត់​ធ្ងន់​លើការងារមួយចំនួនរួមមាន៖ (១)ត្រូវបន្តពង្រឹង​​នូវអភិបាលកិច្ច​ល្អក្នុង​អង្គភាព និងក្រមសីលធម៌វិជ្ជាជីវៈរបស់​មន្ត្រី​គយ​និង​រដ្ឋាករ និងត្រូវប្រកាន់ខ្ជាប់​អភិក្រម ៤ប្រការ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងអភិក្រម ៥ ប្រការរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល  ព្យាបាល  និងវះកាត់ និង  (២) ត្រូវបន្តអនុវត្តវិធានការ​កែទម្រង់ស៊ីជម្រៅ និងមុតស្រួចរបស់រាជរដ្ឋាភិបាលឱ្យសកម្ម ក្នុងនោះត្រូវអនុវត្តខ្លឹមសារប្រកាសស្តីពីការផ្តល់សេវាសាធារណៈរបស់ អគរ  ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព,  ត្រូវបញ្ចប់ឲ្យបានឆាប់ការកែសម្រួលអនុត្រឹត្យ ២០៩, ជំរុញអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិឲ្យគ្របដណ្តប់ក្រសួងស្ថាប័នពាក់ព័ន្ធតាមការគ្រោងទុក, តាមដាននិងវាយតម្លៃអំពីប្រសិទ្ធភាពនៃការកែសម្រួលគោលការណ៍ និងនិតិវិធីនៃការស្កែនកុងតែន័រ,​ យកចិត្តទុកដាក់អនុវត្ត និងបង្កើនការផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យ និងប្រកាសរបស់ កសហវ ពាក់ព័ន្ធនឹងការលើកទឹកចិត្តផ្នែកគយ សម្រាប់ SMEs ជាដើម។ លើសពីនេះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចនូវចំណុចសំខាន់ៗមួយចំនួនដែល អគរ ត្រូវអនុវត្ត រួមមាន  (១).ត្រូវបន្តជំរុញផ្ដល់​កិច្ច​សម្រួលពាណិជ្ជកម្ម និងបន្តលើកកម្ពស់​អនុលោមភាព​វិស័យឯកជន, (២).បន្តពង្រឹងយន្ដការពិគ្រោះយោបល់​ជាមួយ​​វិស័យ​ឯកជន ក្នុងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល, (៣).ត្រូវរក្សាតុល្យភាពនៃការគ្រប់គ្រងរបស់គយ ក្នុងខណៈកិច្ចសម្រួលពាណិជ្ជកម្មកាន់តែទូលំទូលាយ, (៤).បន្តពង្រឹងការងារ​បច្ចេកទេស ដូចជាការកំណត់តម្លៃគិតពន្ធគយ, លេខកូដទំនិញ, វិធានដើមកំណើតទំនិញ, (៥).ជំរុញបញ្ចប់សេចក្តីព្រាងយុទ្ធសាស្ត្រការអនុវត្ត​ច្បាប់ និងយុទ្ធសាស្ត្របច្ចេកវិទ្យាព័ត៌មាន (៦).អនុវត្តនូវយន្តការបំពេញបែបបទមុនពេលទំនិញមកដល់​ (Pre-Arrival Processing) ដែលនឹងជួយសម្រួលបន្ថែមទៀតដល់ធុរជនពាក់ព័ន្ធ សំដៅកាត់បន្ថយការកកស្ទះនៅមាត់ច្រកដើមទី ជាដើម, (៧)បន្តការចូលរួមការកសាងច្បាប់ស្តីពីវិនិយោគនិងតំបន់សេដ្ឋកិច្ចពិសេស, (៨).រៀបចំកសាង​ផែនការសកម្មភាព​​សម្រាប់ឆ្នាំ២០២០ នៃការងារគយនិងរដ្ឋាករ ដោយឈរលើយុទ្ធសាស្រ្តកៀរគរចំណូល​ ២០១៩-២០២៣ ឱ្យបានមុនដំណាច់ឆ្នាំ២០១៩, (៩).ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានពន្ធដារ និង​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធផ្សេងទៀត​ក្រោមឱវាទក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើយន្តការចែករំលែកគ្នាទៅវិញទៅមកនូវទិន្នន័យស្ថិតិដោយស្វ័យប្រវត្តិតាម​មធ្យោបាយ​អេឡិចត្រូនិច (១០).បង្កើនការយកចិត្តទុកដាក់ការគ្រប់គ្រង​ចរាចរណ៍រូបិយបណ្ណ ស្របតាម​ផែនការ​យុទ្ធសាស្ត្រដើម្បី​ដកកម្ពុជាចេញពីបញ្ជី​ប្រផេះ និង (១១). សហការជាមួយ​អគ្គនាយកដ្ឋាន​គោលនយោបាយ ដើម្បីធ្វើការសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយលើការឈានទៅកាត់​បន្ថយការនាំចូល​រថយន្តដែល​មានអាយុកាល​ប្រើប្រាស់ច្រើនឆ្នាំ។

ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានបំពាក់គ្រឿងឥស្សរិយយសនិងបណ្ណសរសើរ ជូនដល់មន្ត្រីគយនិងរដ្ឋាករមានស្នាដៃមួយចំនួន។

photo_2019-07-25_11-47-00 photo_2019-07-25_11-46-57 photo_2019-07-25_11-46-50photo_2019-07-25_11-46-53 photo_2019-07-25_11-46-28photo_2019-07-25_11-47-05 photo_2019-07-25_11-46-24photo_2019-07-25_11-46-39 photo_2019-07-25_11-46-35 photo_2019-07-25_11-46-46 photo_2019-07-25_11-46-43

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត