នារសៀលថ្ងៃពុធ ១១ កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅសាលប្រជុំអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានប្រារព្ធកិច្ចប្រជុំគណៈកម្មការពិគ្រោះយោបល់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាមួយតំណាងស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា និងតំណាងទីភ្នាក់ងារប្រព័ន្ធកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន និងប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងទីភ្នាក់ងារប្រព័ន្ធកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន ក្រោមកម្មវិធីផ្តល់ជំនួយរបស់ប្រទេសជប៉ុន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ដោយយោងលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សាស្ដីពីការផ្ដល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុនមកកាន់រដ្ឋាភិបាលកម្ពុជានូវទឹកប្រាក់ចំនួន៥០០លានយេន ដើម្បីផ្តល់នាវាល្បាតគយចំនួនពីរគ្រឿង ដែលចុះហត្ថលេខាដោយឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និង ឯកឧត្តម តារ៉ូ កូណូ រដ្ឋមន្រ្តីការបរទេសជប៉ុន នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

គម្រោងជំនួយនេះ មិនត្រឹមតែផ្តល់នាវាល្បាតចំនួនពីរគ្រឿងដែលនឹងត្រូវបំពាក់នូវប្រព័ន្ធ និងឧបករណ៍ទំនើបចាំបាច់មួយចំនួនប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវវគ្គបណ្តុះបណ្តាលជំនាញជូនមន្រ្តីគយនៃការិយាល័យនាវាចរគយ ដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធភាពនៃប្រតិបត្តិការគយជើងទឹក ក្នុងការបង្ការនិងបង្ក្រាប ប្រឆាំងទប់ស្កាត់បទលើ្មសគយតាមដែនសមុទ្រ  ដែលជាផ្នែកសំខាន់មួយនៃផែនការយុទ្ធសាស្រ្ត និងកម្មវិធីការងារកំណែទម្រង់ និងទំនើបកម្មរបស់រដ្ឋបាលគយកម្ពុជា។

ជាការរំពឹងទុក អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានឹងគ្រោងរៀបចំពិធីទទួលនាវាល្បាតទាំងពីរគ្រឿងនេះ នាចុងខែតុលាឆ្នាំ២០១៨។

photo_2018-04-25_20-55-43 photo_2018-04-25_20-56-04 photo_2018-04-25_20-56-09 photo_2018-04-25_20-56-14

 

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត