នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមានប្រារព្ធកិច្ចប្រជុំយន្តការភាពជាដៃគូគយ-ផ្នែកឯកជន លើកទី៧ ក្នុងគោលបំណងបន្តពិភាក្សាដោះស្រាយនូវបញ្ហាប្រឈមនិងសំណូមពរនានារបស់វិស័យឯកជន ពាក់ព័ន្ធនឹងការអនុវត្តយន្តការសម្រួលពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពសហប្រធាននៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ឯកឧត្តម បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់សមាសភាពនៃយន្តការ ជាមន្ត្រី​គយ​និ​ងរដ្ឋាករ និងតំណាង​វិស័យឯកជន រួមមានសភាពាណិជ្ជកម្មកម្ពុជា, សមាគមរោងចក្រកាត់ដេរនៅកម្ពុជា, សមាគមសហគ្រាសធុនតូច-មធ្យម, សមាគមដឹកជញ្ជូនកម្ពុជា, ក្លឹបធុរកិច្ចជប៉ុន, ក្រុមហ៊ុននាំចេញ-នាំចូល, និងតំណាងដៃគូអភិវឌ្ឍអន្តរជាតិ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិផងដែរ។

ថ្លែង​ក្នុង​ពិធី​បើកកិច្ច​ប្រជុំ​ អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា យន្តការភាពជា​ដៃគូគយ-វិស័យ​ឯកជនគឺ​ជា​វេទិកា​នៃ​ការ​ពិគ្រោះ​យោបល់​គ្នាដើម្បី​ស្វែង​រក​ដំណោះស្រាយនូវ​រាល់​បញ្ហា​នានាដោយឈរ​លើ​គោលការណ៍ឈ្នះ-ឈ្នះ ស្រប​តាម​ការណែនាំ​ប្រកបដោយគតិ​បណ្ឌិតរបស់​សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត គុណ ញឹម បានគូសរំលេចនូវ​លទ្ធផលយ៉ាងល្អប្រសើរនៃការ​ប្រមូលចំណូល​ពន្ធ និងអាករចូលថវិកាជាតិ ដែល​មានតួលេខ​កំណើន២ដង ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះឆ្នាំ ។ ប្រការនេះបាន​ឆ្លុះ​បញ្ចាំងនូវ​ភាពប្រសើរ​ឡើង​ទាំង​កម្រិត​អនុលោមភាព​របស់​វិស័យឯកជន ក៏ដូច​ជា​អភិបាល​កិច្ច​ល្អ ក្នុង​អង្គភាព​គយ​ផងដែរ។ ឯកឧត្តម​បណ្ឌិត​ក៏បានលើកឡើងពី​ការកែសម្រួល​សមាសភាពយន្តការ និងបន្ថែមក្រុមការងារជំនាញថ្មីមួយទៀត គឺ “ក្រុមការងារគយ-សហគ្រាសធុនតូចនិងមធ្យម”ដើម្បីឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយ និងជម្រុញការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រពិពិធកម្មឧស្សាហកម្ម និងផលិកម្មនៅកម្ពុជា ។      នាឱកាសនេះ តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរាយការណ៍ជូន​អង្គប្រជុំអំពីវឌ្ឍនភាព​នាពេល​កន្លងមក ជាពិសេស​លទ្ធផលដែលសម្រេចបានក្នុងកិច្ចប្រជុំការងារជំនាញ​ទាំង៤ របស់យន្តការ ក្នុង​ចន្លោះ​ពេល​រវាង​កិច្ច​ប្រជុំ​លើកទី៦ និងទី៧នេះ ដែលបានរួមគ្នាដោះស្រាយនូវបញ្ហាពាក់ព័ន្ធនឹងការងារគយចំនួន ៤០សំណូមពរ ព្រមទាំង​បានចេញនូវបទប្បញ្ញត្តិចាំបាច់មួយ​ចំនួន​ផងដែរ​ក្នុងការបន្តធ្វើសាមញ្ញកម្មនិតិវិធីគយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់វិនិយោគិន និងធុរជនពាក់ព័ន្ធបន្ថែមទៀត។

កិច្ចប្រជុំ​បាន​ដំណើរការ​ពិភាក្សាលើ​សំណូមពរ និង​បញ្ហាដែល​បាន​លើកឡើង​ដោយវិស័យ​ឯកជននាពេលថ្មីៗនេះ និងបានឯកភាព​គ្នាលើ​ដំណោះស្រាយតាម​បញ្ហា​នីមួយៗ ដែល​ពាក់​ព័ន្ធ​នឹង (១)ការ​អនុវត្ត​ប្រព័ន្ធ​បញ្ជរតែមួយជាតិ (២)ការធ្វើសាមញ្ញកម្មនិតិវិធីទំនិញសេវាបញ្ញើរហ័ស (៣)ការ​រៀបចំនិង​ដាក់​អនុវត្តកម្រៃសេវា គយ (៤)ការ​ផ្ទៀតផ្ទាត់​តម្លៃគិត​ពន្ធគយ (៥) ការចូលរួមចំណែក​របស់គយ និងវិស័យ​ឯកជនក្នុង​ការអនុវត្ត គោលនយោបាយ​ពិពិធកម្មសេដ្ឋកិច្ច (៦)ការរៀបចំ​ខ្លួន​ឆ្លើយតប​ចំពោះការវិវត្តន៍​នៃ​សេដ្ឋកិច្ចឌីជីថល និង (៧)ការ​ កែសម្រួល​អនុក្រឹត្យ​ស្តី​ពីទំនិញ​ហាមឃាត់​និង​ទំនិញជាប់​កម្រិត​កំណត់ (អនុក្រឹត្យ ២០៩) ជាដើម។

លើសពីនេះ ភាគីទាំងសងខាងក៏បាន​បង្ហាញ​នូវគោលជំហរគាំទ្រ​គ្នា​ទៅវិញ​ទៅមកលើ​ការ​ងារ​មួយចំនួនទៀត ជាពិសេស ការ​សម្របសម្រួល​ផ្នែក​ឯកជនគ្រប់​ស្ថាប័នឲ្យមាន​សម្លេង​តែមួយដើម្បី​ជជែគជាមួយតំណាង​ស្ថាប័ន​រាជរដ្ឋាភិបាល  ព្រមទាំង​បន្តកិច្ចសហការ​គ្នា និងជំរុញ​ឲ្យ​ក្រុមការងារតាមវិស័យ​ នីមួយៗ បង្កើន​ការ​ពិភាក្សា​ដោះស្រាយ​បញ្ហាឲ្យកាន់​តែ​មាន​ប្រសិទ្ធភាព​​ថែមទៀត។​

photo_2018-12-12_17-39-03
photo_2018-12-12_17-39-10
photo_2018-12-12_17-39-13
photo_2018-12-12_17-38-49
photo_2018-12-12_17-39-16
photo_2018-12-12_17-39-05

photo_2018-12-12_17-38-58
photo_2018-12-12_17-38-55

 

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត