នាថ្ងៃព្រហស្បតិ៍ ១០ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារ Raffles Le Royal មានប្រារព្ធសិក្ខាសាលាផ្សព្វផ្សាយ​ស្តីពី លទ្ធផលនៃ​ការសិក្សា​រយៈពេលបំពេញបែបបទបញ្ចេញទំនិញ ឆ្នាំ២០១៩  (Time Release Study-2019) ដែលរៀបចំដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) និងអង្គការគយពិភពលោក (WCO)។ សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត គុណ ញឹម​ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានការចូលរួមពីចម្ងាយតាម​រយៈ Video Conference ពីតំណាងធនាគារអភិវឌ្ឍន៍អាស៊ី, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន, អង្គការ​គយពិភពលោក និងចូលរួមដោយផ្ទាល់ពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរួមមានក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា, កំពង់ផែស្វយ័តក្រុងព្រះសីហនុ, កំពង់ផែស្វយ័តភ្នំពេញ, សភាពាណិជ្ជកម្មកម្ពុជា, សមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា, សមាគមរោងចក្រកាត់ដេរនៅកម្ពុជា, សមាគមភស្តុភារកម្មកម្ពុជា រួមទាំងដៃគូ​អភិវឌ្ឍន៍ពាក់ព័ន្ធផងដែរ។

ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលា ឯកឧត្ដមប្រតិភូរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញនៅឆ្នាំ ២០១៩ នេះ ត្រូវបានរៀបចំឡើងដោយអនុលោមតាមកិច្ចព្រមព្រៀងស្តីពី​      ​​កិច្ចសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO-TFA) និង​កាពត្វកិច្ច​របស់​កម្ពុជាដែល​ត្រូវបំពេញ​​ស្របតាមការតម្រូវរបស់អាស៊ាន ក្នុង​ការ​សិក្សាការកាត់បន្ថយចំណាយ​ចម្លងការពាណិជ្ជកម្ម (Trade Transaction Cost-TTC)។ ​​​នីតិវិធីនៃការសិក្សាត្រូវអនុវត្តស្រប​តាម​ឯកសារណែនាំស្តីពីការសិក្សារយៈពេលបញ្ចេញទំនិញ របស់​អង្គការ​គយពិភពលោក (WCO TRS Guide)។ ការសិក្សារយៈពេលនៃការបំពេញបែបបទបញ្ចេញទំនិញ ឆ្នាំ​២០១៩ នេះ ជាឧបករណ៍​មួយសម្រាប់ធ្វើការវាស់វែងរយៈពេល​នៃការអនុវត្តនីតិវិធីបំពេញបែបបទ, កិច្ចប្រតិបត្តិការរបស់ស្ថាប័ន​គយ និងភាគីពាក់ព័ន្ធក្នុងកិច្ចសម្រួល​ពាណិជ្ជកម្មនៃការនាំចេញ-នាំចូលទំនិញ និងមានវិសាលភាពគ្របដណ្តប់​តាមមាត់ច្រកព្រំដែនផ្លូវទឹក ផ្លូវអាកាស និងផ្លូវគោក ចំនួន ០៧ ទីតាំង។

ទន្ទឹមនេះ ឯកឧត្ដមប្រតិភូរាជរដ្ឋាភិបាល បានបញ្ជាក់បន្ថែមទៀតថា ក្នុង​វេទិ​ការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការកំណែទម្រង់ស៊ីជម្រៅនិងមុតស្រួចពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្ម និងដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជា ក្នុងនោះរួមមាន​​ការកែសម្រួលសមត្ថកិច្ចត្រួតពិនិត្យនៅព្រំដែន, ការកែសម្រួលបទប្បញ្ញត្តិពាក់ព័ន្ធនឹងទំនិញហាមឃាត់ និងទំនិញ​ជាប់កម្រិតកំណត់, ការកែសម្រួលកម្រៃស្កែន, ការកាត់បន្ថយថ្លៃលើកដាក់នៅកំពង់ផែ និងការអនុវត្ត​ប្រព័ន្ធបញ្ជរតែមួយជាតិ ជាដើម។

នៅក្នុង​អង្គសិក្ខាសាលា​ អ្នកជំនាញការ​ធនាគារអភិវឌ្ឍន៍​អាស៊ី និងអ្នក​ជំនាញ​ការ​របស់​អង្គការ​គយពិភពលោក បាន​ធ្វើបង្ហាញ​ផ្សព្វផ្សាយពី​និន្នាការថ្មីៗ នៃការ​សិក្សា​រយៈពេលបំពេញបែបបទបញ្ចេញទំនិញ,សកម្មភាពការងារ​​របស់អង្គការគយពិភពលោកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និង​ជំនួយគាំទ្ររបស់​ធនាគារអភិវឌ្ឍន៍អាស៊ីក្នុង​កិច្ចសម្រួលពា​ណិជ្ជកម្មនៅក្នុង​តំបន់អាស៊ីអាគ្នេយ៍សម្រាប់​ឆ្នាំ​បន្តបន្ទាប់។​

ជារួម លទ្ធផលនៃការ​សិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ ឆ្នាំ២០១៩ បានឆ្លុះបញ្ចាំងនូវភាព​ប្រសើរឡើង​ នៃ​ការបំពេញបែបបទបញ្ចេញទំនិញ តាមរយៈ​ការ​អនុវត្ត​អនុសាសន៍​ដែល​បានលើកឡើង​ក្នុង​របាយការណ៍លទ្ធផលនៃការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញពីគយ ​​ឆ្នាំ២០១៣ រួមទាំងការអនុវត្តតាមវិធានការនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងការប្រកួតប្រជែងនៅកម្ពុជា។ ការបំពេញបែបបទនៅតាមដំណាក់កាលនីមួយៗ ត្រូវបានកាត់បន្ថយពេលវេលា តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម, ការកែសម្រួលនីតិវិធី, និងការបង្កើនប្រសិទ្ធភាព នៃការអនុវត្តការងារនិងធនធានមនុស្ស។ ទោះជាបែបនេះក៏ដោយ លទ្ធផលនៃការសិក្សាក្នុងឆ្នាំ២០១៩ ក៏បានរកឃើញចំណុចកកស្ទះ (Bottleneck) ធ្វើឱ្យការបំពេញបែបបទនៅតាមដំណាក់កាលខ្លះត្រូវចំណាយពេលវេលាយូរ ដោយមូលហេតុកំណើនខ្ពស់នៃចរាចរទំនិញនាំចេញ-​នាំចូល, នីតិវិធីការងារមួយចំនួននៅមានច្រើនដំណាក់កាល, ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាពុំទាន់ពេញលេញ និងភាពអសកម្មខ្លះរបស់តួអង្គពាក់ព័ន្ធ ដែលជាមូលដ្ឋានសម្រាប់ពិនិត្យ និងកែសម្រួលដោះស្រាយការប្រឈម​តាមសមត្ថកិច្ច​​រៀងៗខ្លួន។

ជាទីបញ្ចប់​ ឯកឧត្ដមបណ្ឌិត គុណ ញឹម  បាន​ថ្លែងអំណរគុណដល់​អង្គសិក្ខាសាលាទាំងមូលដែលបាន​ចូលរួមពិភាក្សា និងផ្លាស់ប្តូរយោបល់ឱ្យបានផុសផុលជាមួយ​អ្នកជំនាញការ និង​ក្រុមការងារបច្ចេកទេស លើ​របាយការណ៍លទ្ធផល​ដែលបាន​រៀបចំ​ និង​បានផ្តល់​ធាតុចូលបន្ថែម ជាពិសេសលើវិធានការ និងផែនការសកម្មភាព សម្រាប់តួអង្គពាក់ព័ន្ធយកទៅអនុវត្តដើម្បីបន្តកែលម្អ​នីតិវិធីការងារ និង​ធ្វើឱ្យ​ប្រសើរឡើង​បន្ថែមទៀត​​នូវមុខងារ​ស្ថាប័ន ដើម្បីជំរុញ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុង​កិច្ចសម្រួលពាណិជ្ជកម្ម និងការលើកកម្ពស់ភាពប្រកួត​ប្រជែងរបស់​កម្ពុជា។

2nd-TRS (1)

2nd-TRS (2)

2nd-TRS (3)

2nd-TRS (4)

2nd-TRS (5)

2nd-TRS (6)

2nd-TRS (7)

2nd-TRS (8)

2nd-TRS (9)

2nd-TRS (10)

2nd-TRS (11)

2nd-TRS (12)

2nd-TRS (13)

2nd-TRS (14)

2nd-TRS (15)

2nd-TRS (16)

2nd-TRS (17)

2nd-TRS (18)

2nd-TRS (19)

2nd-TRS (20)

2nd-TRS (21)

2nd-TRS (22)

2nd-TRS (23)

2nd-TRS (24)

2nd-TRS (25)

2nd-TRS (26)

2nd-TRS (27)

2nd-TRS (28)

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត