នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៨:៣០នាទីព្រឹក នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ មាន ប្រារព្ធពិធីបើកដាក់ដំណើរការការិយាល័យអង្គភាពត្រួតពិនិត្យកុងតឺន័រ (Container Control Unit) ក្រោមអធិបតីភាពលោកបណ្ឌិត ប៉ែន សំអាត តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងមានការ ចូលរួមពីលោកជំទាវ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន តំណាងស្ថានទូតកាណាដា មន្រ្តីសម្របសម្រួលរបស់ការិយាល័យអង្គការសហប្រជា ជាតិផ្នែកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីគយ និងមន្ត្រីមានសមត្ថកិច្ច ដែលប្រចាំការនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុមួយចំនួនផងដែរ។

ជាការកត់សម្គាល់នាពេលចាប់ផ្តើមពិធីនេះ លោកបណ្ឌិត ប៉ែន សំអាត បានសម្តែងអំណរសាទរចំពោះការ បើកដាក់ដំណើរការការិយាល័យអង្គភាពត្រួតពិនិត្យកុងតឺន័រ នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុនេះ និងគូសបញ្ជាក់នូវទិដ្ឋភាពមួយចំនួនរួមមាន (១) វឌ្ឍនភាពនៃកិច្ចសហការគយជាមួយ UNODC ក្នុងរយៈ ពេល ១០ ឆ្នាំចុងក្រោយ និង (២) តួនាទីរបស់រដ្ឋបាលគយក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋា ភិបាលស្តីពីកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការគ្រប់គ្រងហានិភ័យ ព្រមទាំងរំលឹកពីវឌ្ឍនភាពនៃការ ប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាក្នុងការងារគយ ជាពិសេសការឈានទៅការអនុវត្តអោយបានពេញលេញ នូវប្រព័ន្ធបញ្ជរតែមួយជាតិ។ ជាមួយគ្នាដែរ លោកបណ្ឌិតក៏បានថ្លែងអំណរគុណ​ចំពោះ រដ្ឋាភិបាលកាណាដា និងអូស្ត្រាលី ព្រមទាំងដៃគូអភិវឌ្ឍន៍ផ្សេងទៀត ចំពោះ​កិច្ចសហប្រតិបត្តិការ នាពេលកន្លងមកដែលបាន រួមចំណែកគួរអោយកត់សម្គាល់ដល់ការធ្វើទំនើបកម្មរបស់ស្ថាប័នគយ ព្រមទាំងបានធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សុវត្ថិភាព ​និង​សន្តិសុខសាធារណៈ។

បន្ទាប់ពីបានស្តាប់នូវកំណត់សម្គាល់នានារបស់តំណាងដៃគូអភិវឌ្ឍន៍ដែលបានចូលរួមក្នុងពិធីនេះមក គណៈអធិបតី និងភ្ញៀវកិត្តិយសបានថតរូបអនុស្សាវរីយ៏ និងប្រារព្ធពិធីកាត់ខ្សែបូរ ដើម្បីដាក់ឱ្យប្រើប្រាស់ នូវការិយាល័យ CCU ស្ថិតក្នុងអគាររដ្ឋបាល នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។  គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចដំណើរការ CCU មានសមាសភាពមន្រ្តីគយប្រចាំការអចិន្ត្រៃយ៍ ០៥ រូប ដែលមានសិទ្ធិទំនាក់ទំនងសុំកិច្ចសហការពីមន្ត្រីមានសមត្ថកិច្ចផ្សេងទៀតក្នុងករណីចាំបាច់ដូចជា មន្រ្តីកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាំសាប និងនគរបាលជំនាញ ហើយការត្រួតពិនិត្យនេះអនុវត្ត តាមវិធីសាស្រ្តនៃការគ្រប់គ្រងហានិភ័យ បច្ចេកទេសវិភាគលើឯកសារដឹកជញ្ជូន និងព័ត៌មានសំងាត់នានា ដើម្បីជ្រើសរើសមុខសញ្ញាកុងតឺន័រដែល​មានហានិភ័យខ្ពស់ដែលអាចពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែននានា។

ជាកិច្ចបញ្ចប់ គណៈអធិបតី និងភ្ញៀវកិត្តិយស បានធ្វើទស្សនកិច្ចនៅអាគារត្រួតពិនិត្យ​របស់សាខាគយ​និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ មុននឹងពិធីពិសារអាហារសាមគ្គីថ្ងៃត្រង់។ ពិធីត្រូវបានបញ្ចប់នៅវេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ នាថ្ងៃដដែល ក្រោមបរិយាកាសការងារ និងស្និទ្ធស្នាល។

IMG_8908photo_2017-05-20_09-33-31

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត