កាលពីថ្ងៃទី២២-២៤ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុងប៉េកាំង ប្រទេសចិន តបតាមការអញ្ជើញរបស់ឯកឧត្តម YU Guangzhou រដ្ឋមន្រ្តីនៃរដ្ឋបាលគយសាធារណរដ្ឋប្រជាមានិតចិន និងក្រុមហ៊ុន NUCTECH ឯកឧត្តមបណ្ឌិត គុណ ញឹម បានដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយរដ្ឋបាលគយចិនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការគយ និងធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន NUCTECH ដើម្បីស្វែងយល់ពីបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុនក្នុងការផលិតម៉ាស៊ីនស្កែន និងឧបករណ៍រុករកផ្សេងៗ។
នៅក្នុងកិច្ចប្រជុំទ្វេភាគីរវាងរដ្ឋបាលគយកម្ពុជានិងរដ្ឋបាលគយចិនចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរបានឯកភាពលើចំណុចសំខាន់ៗដូចខាងក្រោម៖
• ប្រគល់ភារកិច្ចជូននាយកដ្ឋានកិច្ចការអន្តរជាតិ ដើម្បីបញ្ចប់សេចក្តីព្រាងអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ ដើម្បីចុះហត្ថលេខានៅពេលដ៏សមស្របខាងមុខ
• ភាគីកម្ពុជាគាំទ្រ និងត្រៀមខ្លួនជាស្រេចក្នុងការចូលរួមអនុវត្តគំនិតផ្តួចផ្តើមដោយរដ្ឋបាលគយចិនក្នុងការបង្តើតយន្តការសហប្រតិបត្តិការតភ្ជាប់និងកិច្ចសម្រួលពាណិជ្ជកម្មក្រោមគម្រោងឡាងឆាង-មេគង្គ Lancang-Mekong
• សហការផ្លាស់ប្តូរព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិចនៃវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ
• បង្កើតចំណុចទំនាក់ទំនងសម្រាប់ផ្លាស់ប្តូរស្ថិតិពាណិជ្ជកម្ម
• បង្កើតយន្តការរួមគ្នាលើការទប់ស្កាត់ បង្ក្រាប និងស៊ើបអង្កេតអំពើរត់គេចពន្ធ
• ភាគីចិននឹងផ្តល់វគ្គបណ្តុះបណ្តាលដល់ភាគីកម្ពុជាអំពីការវិភាគរូបភាពស្កែននិងវគ្គបណ្តុះបណ្តាលបច្ចេកទេសគយផ្សេងៗទៀត
ឯកឧត្តមអគ្គនាយកនៃអគរបានគូសបញ្ជាក់ថា ប្រទេសកម្ពុជានិងប្រទេសចិន មានទំនាក់ទំនងស្អិតរមួតជាប្រវត្តិសាស្រ្តទាំងផ្នែក នយោបាយ សេដ្ឋកិច្ច និងវប្បធម៌។ បច្ចុប្បន្នប្រទេសចិនជាដៃគូពាណិជ្ជកម្មយ៉ាងសំខាន់សម្រាប់កម្ពុជា ហើយក៏ជាប្រភពវិនិយោគផ្ទាល់ពីបរទេសធំជាងគេនៅកម្ពុជាផងដែរ។ លើសពីនេះទៀត ប្រទេសចិនជាប្រទេសដែលផ្តល់ជំនួយហិរញ្ញវត្ថុដ៏សំខាន់ក្នុងការកសាងហេដ្ឋារចនាសម័្ពន្ធនានាដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ប្រទេសកម្ពុជា។
ថ្នាក់ដឹកនាំនៃរដ្ឋបាលគយទាំងពីរ បានវាយតម្លៃខ្ពស់ និងចាត់ទុកថាកិច្ចប្រជុំទ្វេភាគីនេះមានសារសំខាន់ ដែលបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់រដ្ឋបាលគយនៃប្រទេសទាំងពីរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ជាពិសេសការចូលរួមអនុវត្តគំនិតផ្ដួចផ្ដើម One belt-One road កិច្ចសហប្រតិបតិ្តការឡាងឆាង-មេគង្គ (Langcang-Mekong) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិនជាដើម ។
គណៈប្រតិភូគយកម្ពុជាក៏បានអញ្ជើញចូលប្រជុំជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន NUCTECH ហើយក៏បានទៅទស្សនកិច្ចសិក្សានៅរោងចក្រផលិតកម្មម៉ាស៊ីនស្កែន និងឧបករណ៍រុករកផ្សេងៗរបស់ក្រុមហ៊ុនដើម្បីស្វែងយល់បន្ថែមនូវបច្ចេកវិទ្យាទំនើបចុងក្រោយក៏ដូចជាឧបករណ៍ និងប្រព័ន្ធថ្មីៗដែលបានបង្កើតឡើងដើម្បីគាំទ្រដល់កិច្ចការគយ និងកិច្ចការសន្តិសុខជាដើម ។
ឯកឧត្តមអគ្គនាយកក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ក៏ដូចជាក្រុមហ៊ុន NUCTECHដែលបានផ្តល់ម៉ាស៊ីនស្កែនកុងតឺន័រចំនួន៨គ្រឿង ដែលបច្ចុប្បន្នកំពុងដាក់ឲ្យប្រើប្រាស់នៅតាមមាត់ច្រកសំខាន់ៗ ហើយបានក្លាយជាឧបករណ៍យ៉ាងសំខាន់ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសផ្សេងៗ ។
1.DSC_0552

2.DSC_0439

4.DSC_0433

container-scanner​-2DSC_0612DSC_0600DSC_0639DSC_0654DSC_0683

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត