នៅ​ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ​ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយ​ក​​នៃ​អគ្គនាយកដ្ឋាន​គយ​​​​ និ​ង​​រដ្ឋាករកម្ពុជា​បានដឹកនាំគណៈ​ប្រតិភូ​គយ​ចូលរួមសន្និសីទអគ្គនាយកគយតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃ​អង្គការ​​​​​គយពិភពលោកលើកទី១៨ នៅទីក្រុងសូវ៉ា ប្រទេសហ្វីជី ក្រោម​អធិបតីភាព​ឯកឧត្តម Visvanath Das អគ្គនាយក​អាជ្ញាធរ​ចំណូល និងគយហ្វីជី និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលគយ​​ចំនួន ២៤ ប្រទេស​ ​អគ្គលេខា​ធិការ នៃ​អង្គការគយ​ពិភពលោ​ក​ ការិយាល័យទទួលបន្ទុកកសាងសមត្ថភាពតំបន់អាស៊ី-ប៉ាស៊ីហ្វិក​ (WCO​ ROCB A/P)និងការិយាល័យទំនាក់ទំនង​ស៊ើបការ​សង្ងាត់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (RILO A/P)។​

photo_2017-03-16_14-19-22

ក្នុង​សុន្ទរកថាបើកអង្គប្រជុំ ឯកឧត្តម Aiyaz Sayed Khaiyum រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​របស់​ប្រទេស​ហ្វីជី ​បាន​​​​​លើក​ឡើងពីសារៈសំខាន់នៃតួនាទីគយក្នុងការការពារព្រំដែន សម្រួលពាណិជ្ជកម្ម​ និងវិនិយោគក្នុងតំបន់ ហើយ​​​​គោលបំណងចម្បងរបស់អង្គសន្និសីទនេះ គឺដើម្បីពង្រឹង​កិច្ចសហប្រតិបត្តិការរវាង​រដ្ឋបាល​គយក្នុង​តំប​ន់​អាស៊ី​-ប៉ាស៊ី​ហ្វិក​លើការងារពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្ម និងការទប់ស្កាត់បទល្មើសគយឆ្លងកាត់​ព្រំ​ដែន​។​អង្គសន្និសីទបានពិនិត្យ និងពិភាក្សា​លើការងារ​អាទិភាពមួយចំនួនរួមមាន៖ (១) វឌ្ឍនភាព​នៃការ​អនុវត្ត​ផែនការ​​យុទ្ធសាស្រ្តថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៦-២០១៨ (២) វឌ្ឍនភាពនៃការអនុវត្តផែនការកសាងសមត្ថភាព​គយ​ (៣)សេចក្តីព្រាងឯកសារស្តីពីលទ្ធផលសិក្សាពាក់ព័ន្ធនឹងអាណត្តិរបស់អគ្គលេខា​ធិការ​និង​អគ្គលេខា​ធិការ​រងនៃ​អង្គការគយពិភពលោក និង (៤)ការត្រៀមរៀបចំសេចក្តីព្រាងផែនការសម្រាប់ឆ្នាំ២០១៨-២០២០។​ ពាក់ព័ន្ធ​​នឹង​ការកសាងផែនការសម្រាប់ឆ្នាំ២០១៨-២០២០ លោក Kunio​​ Mikuriyaអគ្គលេខាធិការអង្គការគយពិភពលោក​ក៏បាន​​​ចង្អុលបង្ហាញ​ពីទិសដៅ​សំខាន់​ដែលអង្គការគយពិភពលោកផ្តល់​អាទិភាព​ខ្ពស់រួមមាន​៖ (១)កាអនុវត្តកិច្ច ព្រមព្រៀង​​​កិច្ចសម្រួល​ពាណិជ្ជកម្ម​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ​(២) ការ​វិវឌ្ឍន៍​ព័ត៌មាន​វិទ្យា​និង​ការ​គ្រប់គ្រង​​​​​​​ពាណិជ្ជកម្ម​​​តាមអេឡិចត្រូនិក  (E-Commerce)​ (៣) កម្មវិធី​សន្តិសុខ  និង (៤) កិច្ច​សហប្រតិបត្តិ​ការ​រវាង​​អាជ្ញាធរ​គយ ប៉ូលីស និងរដ្ឋបាលពន្ធដារ ។

photo_2017-03-16_14-19-25

ពាក់ព័ន្ធនឹងរបៀបវារៈនៃកិច្ចពិភាក្សាខាងលើ ឯកឧត្តមបណ្ឌិត គុណ ញឹម ​បាន​ធ្វើបទ​អន្តរាគមន៍​ចំនួន​បី​រួម​មាន​៖​ (១)បានស្នើឲ្យការិយាល័យទទួលបន្ទុកកសាងសមត្ថភាពតំបន់អាស៊ី-ប៉ាស៊ីហ្វិក (WCO​ ROCB A/P)​ពិនិត្យ​និង​រៀបចំវេទិកាពិគ្រោះយោបល់ជាមួយ​ដៃគូអភិវឌ្ឍន៍​ដើម្បីកៀរគរនិងសម្របសម្រួល​ជំនួយ​បច្ចេកទេស​​​​សម្រាប់​​អនុវត្ត​​កិច្ច​ព្រមព្រៀ​​ង​​​​​​​​​​កិច្ច​​សម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក (២) ស្នើ​ពិនិត្យ​កំណត់​តួនាទី​និង​​ទម្រង់​​នៃ​កិច្ចប្រជុំ​​​​​​ជាមួយវិស័យឯកជនដើម្បី​បង្កើនប្រសិទ្ធភាព​នៃកិច្ចសហ​ប្រតិបត្តិការ​ (៣)ចំពោះ​ប្រធានបទ​អភិបាល​​កិច្ច​របស់​​​អង្គការ​គយពិភពលោក (អាណត្តិរបស់អគ្គលេខា​ធិការ​និង​អគ្គលេខា​ធិការ​រង)​គួរ​ត្រូវ​អនុវត្ត​សេចក្តីសម្រេចរបស់សន្និបាតអង្គការគយពិភពលោក កាលពីខែកក្កដា ឆ្នាំ២០១៦ ដោយ​រង់ចាំ​ការ​បោះ​ឆ្នោត​ជ្រើសរើស​អគ្គលេខា​ធិការ​ និង​អគ្គលេខា​ធិការ​រង​នៅឆ្នាំ២០១៨ និង២០១៩​ សិន បន្ទាប់​ពី​នោះ​ទើប​ពិភាក្សា​ និង​សម្រេច​ពីអាណ្ណតិនៃមុខតំណែងទាំងពីរខាងលើ ។

ឆ្លៀតក្នុងឱកាសនេះដែរ​ គណៈប្រតិភូនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានជួបប្រជុំទ្វេភាគី​ជាមួយ​រដ្ឋបាល​​គយថៃ ដោយ​បាន​ពិភាក្សា​​​លើការងារ​មួយចំនួនរួមមាន៖ (១)កិច្ចសហប្រតិបត្តិការ​លើការងារ​បង្ក្រាប​​អំពើ​​​រត់គេចពន្ធ​ចំពោះ​ទំនិញ​ដែល​ឆ្លងកាត់​តាម​​ប្រទេស​ថៃ​មកប្រទេសកម្ពុជាដោយផ្តល់ព័ត៌មាន​សម្ងាត់​ជា​ប្រចាំ​ (២) កិច្ច​​ប្រជុំ​​រវាង​​មន្ត្រី​​គយនៅបណ្តាខេត្តជាប់ព្រំដែន​​ប្រទេស​ទាំងពីរ (៣) ទស្សនកិច្ច​សិក្សា​នៅព្រំដែន​ប្រទេស​ថៃ​ និង​ប្រទេស​ម៉ាឡេស៊ី​​​អំពី​នីតិវិធី​គយ​ក្នុងការត្រួតពិនិត្យអ្នកដំណើរនិងទំនិញ​ដឹកតាម​រថភ្លើង​ដើម្បី​អភិវឌ្ឍ​​នីតិវិធី​គយ​កម្ពុជា​​ចំពោះ​​អ្នកដំណើរនិងទំនិញដឹកតាមរថភ្លើង ។

photo_2017-03-16_14-19-10

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត