គណៈ​ប្រតិភូ​អគ្គនាយកដ្ឋានគយ​​​និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយក​​​នៃ​​​អគ្គនាយកដ្ឋានគយ​​​និង​​​រដ្ឋាករកម្ពុជា បានអញ្ជើញទៅចូលរួមសន្និសីទសន្តិសុខតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោក ស្តីពី “គំនិតផ្តួចផ្តើមប្រឆាំងនឹងអំពើភេរវកម្ម” ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងក្យូតូ ប្រទេសជប៉ុន ដោយមានការ​ចូលរួម​ពីគណៈប្រតិភូ​គយ​នៃ​ប្រទេសជាសមាជិករបស់អង្គការគយពិភពលោកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងតំណាងគយសហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស អង្គការគយពិភពលោក  និងអង្គការអន្តរជាតិមួយចំនួនដូចជា  UNOCT (UN Office for Counter Terrorism), UNODC, IATA, INTERPOL ជាដើម។

សន្និសីទនេះប្រព្រឹត្តទៅក្រោមអធីបតីភាពរបស់​​លោក Kunio Mikuriya  អគ្គលេខាធិការនៃអង្គការគយពិភពលោក និង​ លោក Motoya Nakae អគ្គនាយកគយនៃរដ្ឋបាលគយជប៉ុន។ ក្នុងសុន្ទរកថាបើក លោក Kunio Mikuriya បានលើកឡើងពីការវិវត្តន៍​គំនិតផ្ដួចផ្ដើមសន្តិសុខរបស់ WCO ដែលបានចាប់ផ្តើមពីកម្មវិធីក្របខណ្ឌស្តង់ដារសន្តិសុខនៃខ្សែចង្វាក់ផ្គត់ផ្គង់ពាណិជ្ជកម្មអន្តរជាតិ, កម្មវិធីសន្តិសុខជាសកលនៃការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ ផ្លូវអាកាស និងផ្លូវគោក។ លោកក៏បានលើកឡើងបន្ថែមអំពីសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និងកិច្ចប្រជុំ G7 ដែលបានអនុម័តកម្មវិធីពង្រឹងសន្តិសុខ និងប្រឆាំងភេរវកម្មនៅក្នុងពិភពលោក ហើយអង្គការគយពិភពលោកមានតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តសេចក្ដីសម្រេច និងកម្មវិធីទាំងនោះ។ ជាក់ស្ដែង នៅឆ្នាំ២០១៧ ដោយមានការឧបត្ថម្ភមូលនិធិដោយរដ្ឋាភិបាលជប៉ុន (ប្រមាណ៧.២៥ លានដុល្លារសហរដ្ឋអាមេរិក) អង្គការគយពិភពលោកបានចាប់ផ្តើមអនុវត្តគម្រោង “សន្តិសុខអាស៊ី-ប៉ាស៊ីហ្វិក” ដោយបានផ្ដល់ការហ្វឹកហ្វឺន បំពាក់ឧបករណ៍ និងការកសាងសមត្ថភាពដល់រដ្ឋបាលគយចូលរួមក្នុងគម្រោងនេះ។ លោកក៏បានសន្និដ្ឋានថា គម្រោងសន្តិសុខអាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោក អាចទទួលបានជោគជ័យទៅបាន ទាល់តែមានការចូលរួមយ៉ាងសកម្មរបស់​រដ្ឋបាលគយនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងស្ថាប័នអន្តរជាតិពាក់ព័ន្ធផងដែរ។

ទន្ទឹមនេះ លោក Motoya Nakae អគ្គនាយកគយជប៉ុន ក៏បានថ្លែងសុន្ទរកថា ស្វាគមន៍អ្នកចូលរួមទាំងអស់ និងសម្តែងអំណរគុណចំពោះ WCO ដែលបានសហការរៀបចំសន្និសីទដ៏មានសារៈសំខាន់នេះឡើង ដើម្បីបូកសរុបលទ្ធផលការអនុវត្តគម្រោងផង និងចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ក្នុងការអនុវត្តគម្រោង “សន្តិសុខអាស៊ី-ប៉ាស៊ីហ្វិក” នេះផង ។ លោកបានលើកឡើងថា តួនាទីរបស់គយក្នុងការពង្រឹងសន្តិសុខ និងប្រឆាំងភេរវកម្មកាន់តែលេចធ្លោ ហើយត្រូវបន្តពង្រឹង និងពង្រីកតួនាទីនេះថែមទៀតដើម្បីឆ្លើយតបនឹងការមិនថយចុះនៃអំពើភរវកម្ម។ លោកបន្តថា ប្រទេសជប៉ុននឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗមួយចំនួនដូចជាកិច្ចប្រជុំ G20 នៅខែមិថុនាខាងមុខនេះ និងកីឡាអូឡាំពិក​ នៅទីក្រុងតូក្យូ ក្នុងឆ្នាំ ២០២០ ហើយបានគូសបញ្ជាក់ថាសន្និសីទស្ដីពីសន្តិសុខនេះគឺជាឱកាសដ៏ប្រសើរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយ និងអង្គការអន្តរជាតិពាក់ព័ន្ធក្នុងការទប់ស្កាត់, ប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងការពារសន្តិសុខនៅក្នុងប្រទេស និងសកលលោក ។​

អង្គសន្និសីទបានស្ដាប់បទបង្ហាញ និងពិភាក្សាយ៉ាងផុសផុលលើប្រធានបទសំខាន់ៗមួយចំនួន ដូចជា៖ ១) បរិយាកាសសន្តិសុខជាសកល ២)​ ការគម្រាមកំហែងសន្តិសុខ និងតួនាទីរបស់រដ្ឋបាលគយ ៣) ការតាមដាន និងផ្លាស់ប្ដូរពត៌មានសម្ងាត់នៃសកម្មភាពរបស់ភេរវករ ៤)ការបំបែកនូវខ្សែចង្វាក់ផ្គត់ផ្គង់គ្រឿងបន្សំអាវុធ/គ្រឿងបំផ្ទុះបម្រើសកម្មភាពភេរវកម្ម ៥)ការគ្រប់គ្រងនិងត្រួតពិនិត្យព្រំដែនដើម្បីពង្រឹងសន្តិសុខ និង ៦)ចក្ខុវិស័យសម្រាប់អនាគតនៃតួនាទីរបស់គយក្នុងការពង្រឹងសន្តិសុខ និងប្រឆាំងភរវកម្ម ជាដើម ។

ឯកឧត្តម គុណ ញឹម បានធ្វើបទបង្ហាញអំពីលទ្ធផល និងបទពិសោធន៍នៃការអនុវត្តគម្រោង “សន្តិសុខអាស៊ី-ប៉ាស៊ីហ្វិក” ដោយរដ្ឋបាលគយកម្ពុជា ។ ឯកឧត្តម បានលើកឡើងថា ក្នុងបរិបទនៃការគម្រាមកំហែងជាសកលដោយអំពើភរវកម្ម រដ្ឋបាលគយកម្ពុជាមិនត្រឹមតែខិតខំប្រមូលចំណូលពន្ធនិងអាករចូលថវិកាជាតិតែប៉ុណ្ណោះទេ, ការងារសន្តិសុខក៍ជាផ្នែកមួយដ៏សំខាន់ក្នុងសរសរស្ដមទាំងបួននៃយុទ្ធសាស្រ្តកែទម្រង់ និងទំនើបកម្មគយឆ្នាំ២០១៩-២០២៣ របស់គយ កម្ពុជាផងដែរ ហើយការចូលរួមអនុវត្តគម្រោង “សន្តិសុខអាស៊ី-ប៉ាស៊ីហ្វិក” ក៏ជាផ្នែកមួយនៃការអនុវត្តកម្មវិធីការងារ “ពង្រឹងសន្តិសុខ” របស់គយកម្ពុជា ដែលការងារនេះតម្រូវឲ្យមានកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌជាតិ តំបន់ និងអន្តរជាតិ ។ ទន្ទឹមនេះ ឯកឧត្តមក៏បានលើកឡើងអំពី​កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការសំអាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម ។ ជាក់ស្ដែងរាជរដ្ឋាភិបាលបានដាក់ចេញនូវ  ’យុទ្ធសាស្ត្រជាតិស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ២០១៩ – ២០២៣” ដែលក្នុងនោះមានការងារជាច្រើនត្រូវអនុវត្តដោយរដ្ឋបាលគយកម្ពុជា ។ ឯកឧត្តមក៏បានបញ្ជាក់ថា ក្នុងនាមជាសមាជិកអង្គការគយពិភពលោក កម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តចូលរួមក្នុងកម្មវិធីសន្តិសុខអន្តរជាតិនានា ក្នុងបរិបទនៃការទប់ស្កាត់ និងប្រឆាំងភេរវកម្ម ដើម្បីពង្រឹងសន្តិសុខជាតិ តំបន់ និងពិភពលោក ។

គួរបញ្ជាក់ថា ក្រោមគម្រោង “សន្តិសុខអាស៊ី-ប៉ាស៊ីហ្វិក” ក្រៅពីការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសពាក់ព័ន្ធនឹងការទប់ស្កាត់អំពើភេរវកម្ម រដ្ឋបាលគយកម្ពុជាក៏បានទទួលឧបករណ៍/សម្ភារៈមួយចំនួនពីអង្គការគយពិភពលោក ហើយឧបករណ៍/សម្ភារៈទាំងនោះបានដាក់ឲ្យប្រើប្រាស់នៅមាត់ច្រកសំខាន់ៗមួយចំនួន។

photo_2019-06-01_13-41-12 photo_2019-06-01_13-41-27 photo_2019-06-01_13-41-32 photo_2019-06-01_13-41-36

photo_2019-06-01_13-41-41 photo_2019-06-01_13-41-46 photo_2019-06-01_13-41-51 photo_2019-06-01_13-42-01

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត