គណៈ​ប្រតិភូ​អគ្គនាយកដ្ឋានគយ​​​និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយក​​​នៃ​​​អគ្គនាយកដ្ឋានគយ​​​និង​​​រដ្ឋាករកម្ពុជា បានអញ្ជើញទៅចូលរួមសន្និបាតប្រចាំឆ្នាំលើកទី ១៣២​​​ របស់​​អង្គការគយពិភពលោក  ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក​។ សន្និបាតនេះ ដឹកនាំដោយ លោក Enrique Canon អគ្គនាយកគយនៃរដ្ឋបាលគយប្រទេស អ៊ុយរ៉ាហ្គាយ ដោយមានការ​ចូលរួម​ពី​សំណាក់អគ្គនាយកគយ និង​គណៈប្រតិភូ​គយ​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​ចំនួន១៧២ តំណាង​វិស័យ​ឯកជន និង​អ្នកសង្កេតការណ៍អន្តរជាតិ​សំខាន់​ផ្សេងៗ​ជាច្រើនទៀត។ អង្គសន្និបាតបានពិភាក្សាផ្តោតលើ​​​ប្រធានបទគន្លឹះមួយចំនួនរួមមាន៖ ១.កិច្ចសម្រួលពាណិជ្ជកម្ម ដែលផ្តោតការអនុវត្តកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក ២.ពាណិជ្ជកម្មតាមអេឡិចត្រូនិច និងការប្រឈមរបស់រដ្ឋបាលគយ ៣.​​​ការទប់ស្កាត់ប្រឆាំងហិរញ្ញប្បទានខុសច្បាប់ ៤.សហប្រតិបត្តិការរវាងគយ និងប៉ូលីសក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន និង៥. ការកសាងធនធានមនុស្ស អភិវឌ្ឍស្ថាប័ននិងអភិបាលកិច្ច ។ ទន្ទឹមនេះ អង្គសន្និបាតក៏បានសា្តប់របាយការណ៍និងពិភាក្សាលើការងារបច្ចេកទេសគយ ដូចជា វិធានដើមកំណើតទំនិញ​ ការកំណត់តម្លៃគិតពន្ធគយ និងការចាត់ថ្នាក់ទំនិញ អនុលោមភាពនិងកិច្ចសម្រួលពាណិជ្ជកម្ម និងការកសាងសមត្ថភាព។​ នៅក្នុងចំណោមឧបករណ៍សំខាន់ៗរបស់ WCO អង្គសន្និបាតក៏បានអនុម័តក្របខណ្ឌស្តង់ដារស្តីពីកាធ្វើពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងកាត់ព្រំដែន ដើម្បីជួយឱ្យប្រទេសជាសមាជិកអាចអភិវឌ្ឍយុទ្ធសាស្រ្តនិងផែនការគ្រប់គ្រងប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិច ។ អង្គសន្និបាតបានបង្កើតក្រុមការងារពិនិត្យឡើងវិញនូវអនុសញ្ញាអន្តរជាតិស្តីពីសាមញ្ញកម្មនិងសុខដុមនីយកម្មនីតិវិធីគយ​ (Revised Kyoto Convention-RKC) និងរៀបចំផែនការសកម្មភាពបីឆ្នាំ សម្រាប់ឆ្នាំ (២០១៩-២០២១)។ អង្គសន្និបាតក៏បានបោះឆ្នោតជាសម្ងាត់ដើម្បីជ្រើសរើសអគ្គលេខាធិការដ្ឋានសម្រាប់អណត្តិ៥ឆ្នាំបន្ទាប់ (២០១៩- ​២០២៣)។ ជាលទ្ធផល លោកបណ្ឌិត Kunio Mikuryria មកពីប្រទេសជប៉ុន ត្រូវបានជាប់ឆ្នោតជាអគ្គលេខាធិការអង្គការគយពិភពលោកសម្រាប់១អណត្តិបន្តទៀត ។

គណៈប្រតិភូនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បានឆ្លៀតក្នុងឱកាសប្រជុំទ្វេភាគីជាមួយគណៈប្រតិភូគយថៃ ដែលដឹកនាំដោយលោក​អគ្គនាយក Kulit Sombatsiri ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​រវាងរដ្ឋបាលគយទាំងពីរ និង​​ពិភាក្សា​​​​ពី​លក្ខខណ្ឌតម្រូវដើម្បីពន្លឿនការចុះហត្ថលេខាលើអនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពីទំនិញឆ្លងកាត់រវាងព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជណាចក្រថៃ ។

ក្រោយពេលសន្និបាតរបស់អង្គការគយពិភពលោក គណៈប្រតិភូគយកម្ពុជាបានបន្តដំណើរទៅចូលរួមសន្និបាតលើកទី២០នៃរដ្ឋបាលគយប្រទេសនិយាយភាសាបារាំង ដែលបានប្រព្រឹត្តទៅ​ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨​ នៅទីក្រុងលីល ប្រទេសបារាំង ។ សន្និបាតនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម Olivier Dussopt អនុរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងថវិកា និងលោកបណ្ឌិត Kunio Mikuryria អគ្គលេខាធិការអង្គការគយពិភពលោក ។ អង្គសន្និបាតបានពីភាក្សាលើប្រធានបទពង្រឹងកិច្ចសហប្រតិបត្តការគយ រួមមានការផ្លាស់ប្ដូរ និងចែករំលែកបទពិសោធនិងការលើកកម្ពស់ការប្រើប្រាស់ភាសាបារាំងនៅក្នុងវិស័យគយ ។ តំណាងគណៈប្រតិភូគយកម្ពុជាក៏បានធ្វើបទបង្ហាញស្តីពីបទពិសោធ និងវឌ្ឍនភាពនៃកំណែទម្រង់ និងទំនើបកម្មស្ថាប័នគយកម្ពុជា ជាពិសេសលើការអនុវត្តប្រព័ន្ធអាស៊ីគូដា (ASYCUDA), E-Customs និងប្រព័ន្ធបញ្ជរតែមួយជាតិ ។

photo_2018-07-04_16-29-50

photo_2018-07-04_16-30-05 photo_2018-07-04_16-30-10photo_2018-07-04_16-30-14 photo_2018-07-04_16-30-19 photo_2018-07-04_16-30-24 photo_2018-07-04_16-30-28 photo_2018-07-04_16-30-33

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត