គណៈប្រតិភូអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយ​ឯក​ឧត្តម​បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអញ្ជើញទៅចូលរួម សន្និបាតប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការគយពិភពលោក លើកទី១៣៣/១៣៤ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ នៅលេខាធិការដ្ឋានកណ្តាលអង្គការគយពិភពលោក នាទីក្រុង ប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ។​ សន្និបាតនេះ ដឹកនាំដោយ លោក Enrique Canon ប្រធានក្រុមប្រឹក្សា  (អ៊ុយរ៉ាហ្គាយ) ដោយមានការ​ចូលរួម​ពី​អគ្គនាយកគយនិង​គណៈប្រតិភូ ​នៃប្រទេស​ជា​សមាជិក​ចំនួន១៨៣, តំណាង​វិស័យ​ឯកជន, និង​អ្នកសង្កេតការណ៍អន្តរជាតិ​សំខាន់​ផ្សេងៗ​ជាច្រើនទៀត។​

អង្គការគយពិភពលោក​បាន​កំណត់​យកប្រធានបទ “ព្រំដែនវៃឆ្លាតសម្រាប់កិច្ចសម្រួលពាណិជ្ជកម្ម ការធ្វើ ដំណើរ និងការដឹកជញ្ជូន”​ជាប្រធានបទរបស់WCO សម្រាប់ឆ្នាំ២០១៩។ លោកអគ្គលេខាធិការ Kunio Mikuriya ក៏បានគូសបញ្ជាក់ពីយុទ្ធសាស្រ្ត និងគំនិតផ្តួចផ្តើមថ្មីៗ របស់អង្គការគយពិភពលោក ដោយរួមមានដូចជា៖ សន្តិសុខនិងកិច្ចសម្រួលពាណិជ្ជកម្ម, ការវាស់វែងលទ្ធផល, ស្វ័យប្រវត្តិកម្មនីតិវិធីគយ​និងសហប្រតិបត្តិការ​គយ, ប្រព័ន្ធគ្រប់គ្រងហានិភ័យ, ពាណិជ្ជកម្មអេឡិកត្រូនិក, និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងនីតិវិធីគយ និង ប្រតិបត្តិការគយ ជាពិសេស​ការប្រើប្រាស់ទិន្នន័យធំ ​(Big Data) ប្រមូលទិន្នន័យ វិភាគទិន្នន័យ និងការចែករំលែកផ្លាស់ប្តូរទិន្នន័យ។

អង្គសន្និបាតបានពិភាក្សា​អំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០១៨/២០១៩ និងបានលើក​ឡើង​​​នូវ​ផែនការសកម្មភាពឆ្នាំ២០១៩/២០២០ ព្រមទាំងការបង្កើតយន្តការវាយតម្លៃ​ការអនុវត្តតាមរយៈ​ការកំណត់​សូចនាករ​វាស់ស្ទង់​សម្រាប់ការងារនីមួយៗ។ ប្រធានបទសំខាន់ៗមួយចំនួនរួមមាន៖ ១. ឧត្តមភាព​ប្រកួត​ប្រជែង​សេដ្ឋកិច្ច (Economic Competitiveness) ២. អនុលោមភាពនិងការអនុវត្តច្បាប់ ៣.ការវិភាគទិន្នន័យនិង អភិបាលកិច្ច ៤.​ ការពិនិត្យឡើងវិញនូវ​អនុសញ្ញាក្យូតូ​ដែលបានកែសម្រួល (Revised Kyoto Convention) និងការ គ្រប់គ្រងពាណិជ្ជកម្មអេឡិចត្រូនិក (E-commerce)  ៥.ការបណ្តុះបណ្តាល ធនធានមនុស្ស និង៦.ផែនការយុទ្ធសាស្រ្ត​ថ្មីឆ្នាំ២០១៩/២០២២។ ទន្ទឹមនេះ អង្គសន្និបាតក៏បានសា្តប់របាយការណ៍ និងពិភាក្សាលើការងារបច្ចេកទេសគយ ដូចជា វិធានដើមកំណើតទំនិញ​ ការកំណត់តម្លៃគិតពន្ធគយ និងការកែសម្រួល ប្រព័ន្ធចំណាត់ថ្នាក់ទំនិញសម្រាប់ ឆ្នាំ២០២២ អនុលោមភាព​និងកិច្ចសម្រួល​ពាណិជ្ជកម្ម និងការកសាងសមត្ថភាព។ អង្គសន្និបាតក៏បានអនុម័ត សេចក្តីណែនាំរួមគ្នារវាងអង្គការគយពិភពលោកនិងសហភាពប្រៃសណីយ៍សកល (Joint UPU-WCO Guidelines)  ស្តីពីការផ្លាស់ប្តូរទិន្នន័យតាមប្រព័ន្ធអេឡិចត្រូនិកជាមុនរវាងស្ថាប័នគយ និងប្រៃសណីយ៍។ ជាមួយគ្នានេះដែរ អង្គសន្និបាតក៏បានបោះឆ្នោតជាសម្ងាត់ ដើម្បីជ្រើសរើសតំណែង​ប្រធានក្រុមប្រឹក្សា, តំណែងប្រធាននាយកដ្ឋាន អនុលោមភាពនិងកិច្ចសម្រួលពាណិជ្ជកម្ម,និងតំណែងប្រធាននាយកដ្ឋានកសាងសមត្ថភាព។

លោកអគ្គលេខាធិការបានអំពាវនាវឲ្យរដ្ឋបាលគយពង្រឹងតួនាទីនិងភាពជាអង្គភាពដឹកនាំរបស់គយក្នុងការគ្រប់គ្រងព្រំដែន ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការគ្នា​ ដើម្បីដើម្បីដោះស្រាយបញ្ហប្រឈមថ្មីៗរួមមាន៖ ការប្រយុទ្ធ​ប្រឆាំង​អង្គការឧក្រិដ្ឋកម្មអន្តរជាតិ, វិបត្តិនៃពហុភាគីនិយម (Multilateralism), ការលាងសម្អាតប្រាក់​,​បច្ចេកវិទ្យានិងភ័ស្តុភារ ជាពិសេសពាណិជ្ជកម្មអេឡិចត្រូនិកនិងប្រតិបត្តិការឌីជីថលឆ្លងកាត់ព្រំដែន ។

គណៈប្រតិភូនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាក៏បានឆ្លៀតឱកាស​ប្រជុំទ្វេភាគី​ជាមួយ​គណៈប្រតិភូ នៃមូលនិធិរូបិយវត្ថុអន្តរជាតិដឹកនាំដោយលោក Janos NAGY  អ្នកសេដ្ឋកិច្ចជាន់ខ្ពស់  ដើម្បីពិភាក្សាអំពីជំនួយ បច្ចេកទេសក្នុង​ការ​រៀបចំយុទ្ធសាស្រ្តអនុលោមភាពនិងអនុវត្តច្បាប់, យុទ្ធសាស្រ្តបច្ចេកវិទ្យាព័ត៌មាន, និងការអនុវត្ត កិច្ច​ព្រមព្រៀង​កិច្ចសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក និងបានជួបពិភាក្សាការងារជាមួយ​តំណាង​រដ្ឋបាលគយ Belarus ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបានឯកភាពគ្នាចាប់ផ្ដើម​រៀបចំ​សេចក្ដីព្រាង​អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនិងការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ ។​

ឯកឧត្តមបណ្ឌិត​ គុណ ញឹមបានបន្តដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំត្រួតពិនិត្យ​ឡើងវិញ​ជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩ នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែកក្កដា ២០១៩។ កិច្ចប្រជុំនេះ បាន​ផ្តោត​លើប្រធានបទគន្លឹះមួយចំនួនដូចជា៖  ចាប់ឱកាសពិពិធកម្មសេដ្ឋកិច្ច,​ ជំនួយសម្រាប់ការផ្លាស់ប្តូរឌីជីថល បង្កើនវិនិយោគនិងការងារ និងកាត់បន្ថយ​គម្លាត​យេនឌ័រ,បង្កើតតម្លៃបន្ថែម​នៅកន្លែង​​សម្រាប់​​វិស័យ​ទេសចរណ៍​ដែលជាមូលដ្ឋានសម្រាប់ពិពិធកម្មសេដ្ឋកិច្ច​និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​​និង​បរិយាប័ន្ន​,​និងឱកាសនិងបញ្ហាប្រឈមនៃពាណិជ្ជកម្មអេឡិចត្រូនិកជាដើម ។ គួរបញ្ជាក់ថាតបតាមការអញ្ជើញរបស់ លោក រ៉ូបឺតូ អាហ្សេវេដូ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក សម្តេចអគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំ និងត្រូវបានផ្តល់កិត្តិយសឡើងថ្លែងសុន្ទរកថាគន្លឹះ​ក្នុងកម្មវិធី​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យឡើង​វិញ​ជាសកលលើកទី៧លើជំនួយសម្រាប់ពាណិជ្ជកម្ម។

1. Council_Gallery 2. Council-Photo 3.david_plas_64885 3.david_plas_65490 4.david_plas_64641 4.OMD-2019-06-29-0177 5. Council

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត