គណៈ​ប្រតិភូ​អគ្គនាយកដ្ឋានគយ​​​និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយក​​​នៃ​​​អគ្គនាយកដ្ឋានគយ​​​និង​​​រដ្ឋាករកម្ពុជា បានអញ្ជើញទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហប្រតិបត្តិការគយលើកទី១២៩/​​ ១៣០​​​ របស់​​អង្គការគយពិភពលោក (WCO) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧​ នៅការិយាល័យកណ្តាលអង្គការគយពិភពលោក​ ប្រទេសបែលហ្សិក ដោយមានការ​ចូលរួម​ពី​សំណាក់អគ្គនាយកគយ និង​គណៈប្រតិភូ​គយ​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​ចំនួន១៨២ប្រទេស តំណាង​វិស័យ​ឯកជន និង​អ្នកសង្កេតការណ៍អន្តរជាតិ​សំខាន់​ផ្សេងៗ​ជាច្រើនទៀត ។

ក្នុង​សុន្ទរកថាបើកអង្គប្រជុំ លោក Ruslan Davydov ប្រធាន​​​អង្គ​​​ប្រជុំ បានអបអរសាទរទិវាប្រារព្ធខួបលើកទី៦៥ឆ្នាំនៃការបង្កើតអង្គការគយពិភពលោក ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៥២ ​ដោយមានសមាជិកត្រឹមតែ១៧ប្រទេសជាសមាជិក ហើយរហូតមកដល់បច្ចុប្បន្នបានកើនឡើងដល់១៨២​ប្រទេសជាសមាជិក។​ ទន្ទឹមនេះ លោកក៏បានកោតសរសើរចំពោះភាពជោគជ័យ និងសារៈសំខាន់នៃតួនាទីគយ ក្នុងការចូលរួមចំណែកសម្រេចបានសមិទ្ធផលជាច្រើន នាពេលកន្លងមក ដូចជា៖ កំណើនទំហំពាណិជ្ជកម្មអន្តរជាតិ កិច្ចសម្រួលពាណិជ្ជកម្ម សន្តិសុខពាណិជ្ជកម្មអន្តរជាតិ​ ដែលជាយន្តការដ៏ពិសេសមួយ​ និងមានឥទ្ធិពលលើកំណើនសេដ្ឋកិច្ច​​ ហើយគ្រប់ដណ្តប់ស្ទើរជិត៩៨%នៃទំហំពាណិជ្ជកម្មអន្តរជាតិ។​

ក្នុងដំណើរការពិភាក្សា អង្គប្រជុំបានផ្តោតលើ​​​បញ្ហា​​​គន្លឹះមួយចំនួនរួមមាន៖ វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្តនិងសកម្មភាពឆ្នាំ២០១៦/២០១៧​ និងការលើកផែនការយុទ្ធសាស្រ្តឆ្នាំ២០១៨/២០១៩។​ ប្រធានបទដែលលេចធ្លោរួមមាន៖    ១.ឧត្តមភាពប្រកួតប្រជែងសេដ្ឋកិច្ច ២.អនុលោមភាព និងការអនុវត្តច្បាប់ ៣.រដ្ឋបាលគយក្នុងបរិបទបច្ចេកវិទ្យាព័ត៌មានវិទ្យា និងការគ្រប់គ្រងពាណិជ្ជកម្មតាមអេឡិចត្រូនិក ​៤. គោលនយោបាយគៀងគរចំណូលរបស់ WCO ៥. កិច្ចសម្រួលពាណិជ្ជកម្ម​ ៦​. សន្តិសុខ​និងសុវត្ថិភាព ៧. ការទប់ស្កាត់ប្រឆាំងហិរញ្ញប្បទានខុសច្បាប់ ៨. សហប្រតិបត្តិការរវាងគយ និងពន្ធដារ និង៩.​ការកសាងសមត្ថភាពនិងបណ្តុះបណ្តាលធនធានមនុស្ស។​ ទន្ទឹមនេះ អង្គប្រជុំក៏បានសា្តប់របាយការណ៍និងពិភាក្សាលើកការងារបច្ចេកទេសគយ ដូចជា វិធានដើមកំណើតទំនិញ​ ការកំណត់តម្លៃគិតពន្ធគយ និងការចាត់ថ្នាក់ទំនិញ អនុលោមភាពនិងកិច្ចសម្រួលពាណិជ្ជកម្ម និងការកសាងសមត្ថភាព។​  លើសពីនេះទៅទៀត     អង្គប្រជុំក៏បានពិភាក្សាយ៉ាងផុសផុលលើប្រធានបទអភិបាលកិច្ច និងការសម្រេចទទួលយកសមាជិកថ្មីរបស់អង្គការគយពិភពលោក ។ ដោយសារតែមហាសន្និបាតមិនអាចបញ្ចប់ការពិភាក្សាលើរបៀបវារៈទាំងអស់បាន អង្គប្រជុំបានសម្រេចនឹងយករបៀបវារៈសេសសល់ទៅពិភាក្សានៅមហាសន្និបាតវិសាមញ្ញពីថ្ងៃទី១៤​ ដល់ ១៦ ខែធ្នូ ឆ្នាំ២០១៧។​

ឆ្លៀតក្នុងឱកាសនេះដែរ​ គណៈប្រតិភូនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បានជួបប្រជុំទ្វេភាគីជាមួយគណៈប្រតិភូគយជប៉ុន ដែលដឹកនាំដោយលោក​អគ្គនាយក Mikio KAJIKAWA ​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយនៃប្រទេសទាំងពីរ ។ ​​លោក​ Mikio KAJIKAWA បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី និងការគាំទ្ររបស់រដ្ឋបាលគយកម្ពុជានៅក្នុងឆាកអន្តរជាតិ។ លោកក៏បានជូនដំណឹងជាវិជ្ជមានចំពោះសំណើររបស់ភាគីកម្ពុជា ក្នុងការស្នើសុំហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុន​សម្រាប់ការអភិវឌ្ឍន៍​និងអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិកម្ពុជា និងការផ្តល់នាវាល្បាតចំនួនពីរគ្រឿងជូនភាគីគយកម្ពុជា។ ជាការឆ្លើយតប  ឯកឧត្តមបណ្ឌិត គុណ ញឹម បានថ្លែងអំណរគុណដល់ភាគីគយជប៉ុន និងរដ្ឋាភិបាលជប៉ុនចំពោះការឆ្លើយតបយ៉ាងឆាប់រហ័ស និងវិជ្ជមានចំពោះសំណើររបស់គយកម្ពុជា ក្នុងការផ្ដល់ជំនួយបច្ចេកទេសនានា ដល់ការអនុវត្តកម្មវិធីកំណែទម្រង់ និងទំនើបកម្មរបស់រដ្ឋបាលគយកម្ពុជា ។ ទន្ទឹមនេះ ភាគីទាំងពីរបានឯកភាពពន្លឿនការពិនិត្យសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នារវាងរដ្ឋបាលគយទាំងពីរ ដើម្បីចុះហត្ថលេខានៅពេលអនាគតដ៏ខ្លី ។

ជាចុងបញ្ចប់ គណៈប្រតិភូនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាក៏បានចូលជួបសម្តែងការគួរសមជាមួយ លោក Kunio Mikuriya អគ្គលេខាធិការអង្គការគយពិភពលោក​ ក្នុងគោលបំណងថ្លែងអំណរគុណដល់អង្គការគយពិភពលោក ដែលតែងតែផ្តល់ការគាំទ្រជាប្រចាំដល់រដ្ឋបាលគយកម្ពុជានាពេលកន្លងមក​ ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់និងទំនើបកម្មរបស់រដ្ឋបាលគយកម្ពុជា ជាពិសេសការកសាងសមត្ថភាពនិងបណ្ដុះបណ្ដាលធនធានមនុស្សជាបន្តបន្ទាប់ ។

DSCF4583photo_2017-07-12_15-24-14photo_2017-07-11_11-37-06photo_2017-07-11_11-37-11

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត