នាថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​សាខាគយនិងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ រាជធានី​ភ្នំពេញ មាន​ប្រារព្ធពិធីប្រគល់ទទួលឧបករណ៍ Handheld Raman Spectrometers និងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ឧបករណ៍ទាំងនេះ របស់អង្គការគយពិភពលោក ក្រោម ​​​អធិបតី​ភាព​​ លោក នួន ច័ន្ធរិទ្ធ អគ្គនាយករង នៃ​អគ្គនាយកដ្ឋានគយ​និងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ​ឯក​ឧត្តម បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួល​បន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា និងដោយ មានការចូលរួមពី​​ លោក Andrew REYNOLDS អ្នកជំនាញការគម្រោងសន្តិសុខអាស៊ីប៉ាស៊ីហ្វិក នៃអង្គការគយពិភពលោក និងមន្រ្តីគយពាក់ព័ន្ធចំនួន ២០ រូប មកពីនាយកដ្ឋាន សាខា និងការិយាល័យគយនិងរដ្ឋាករពាក់ព័ន្ធ​។

ប្រទេសកម្ពុជាក្នុងនាមប្រទេសជាសមាជិក បាននឹងកំពុងចូលរួមអនុវត្តគម្រោងសន្តិសុខតំបន់អាស៊ីប៉ាស៊ីហ្វិក (APSP) នៃអង្គការ គយពិភពលោក ដោយត្រូវទទួលបានឧបករណ៍វិភាគសារធាតុគីមី Handheld Raman Spectrometer ចំនួន ០៤ គ្រឿង ដើម្បីប្រើប្រាស់ក្នុងការវិភាគរកសារធាតុផលិតគ្រឿងញៀន គ្រឿងញៀន និងសារធាតុជាតិផ្ទុះផ្សេងទៀត ដែលនឹងចរាចរឆ្លងកាត់ព្រំដែន។ ឧបករណ៍នេះ ត្រូវបានប្រគល់ជូនក្រោមអនុគម្រោង Global Shield នៃគម្រោង APSP ក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់រដ្ឋបាលគយកម្ពុជា ដើម្បីទប់ស្កាត់ការជួញដូរ និងការបង្វែរគោលដៅប្រើប្រាស់ សារធាតុគីមីខុសច្បាប់ដើម្បីផលិតគ្រឿងញៀន សារធាតុញៀន និងគ្រឿងផ្ទុះផ្សេងទៀត។

ក្នុងឱកាសនេះដែរ អ្នកជំនាញការអង្គការគយពិភពលោក និងតំណាងក្រុមហ៊ុនផលិតឧបករណ៍នេះ សហការ ជាមួយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏រៀបចំជាវគ្គបណ្តុះបណ្តាលអំពីបច្ចេកទេស និងរបៀបប្រើប្រាស់ឧបករណ៍ ទាំង ០៤ គ្រឿង ផងដែរ ក្នុងគោលបំណងដើម្បីចែករំលែក និងបង្កើនសមត្ថភាពបច្ចេកទេស និងចំណេះដឹងទាក់ទង នឹងរបៀបប្រើឧបករណ៍នេះ ដើម្បីកំណត់អត្តសញ្ញាណសារធាតុគីមីខុសច្បាប់។

ក្នុងសុន្ទរកថាបើក​ ​លោក នួន ច័ន្ធរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បាន​ថ្លែង​អំណរ​គុណ ​ដល់​អង្គការ​គយ​ពិភពលោក​ដែល​បាន​ជ្រើសរើសកម្ពុជាចូលរួមក្នុងការអនុវត្តគម្រោង និងអរគុណ​ដល់រដ្ឋាភិបាល​ជប៉ុន​សម្រាប់ការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់គម្រោងនេះ។ លោក ក៏បានគូសបញ្ជាក់ផងដែរថា គ្រឿងញៀនខុសច្បាប់ និងសារធាតុគីមីសម្រាប់ផលិតគ្រឿងផ្ទុះ ពិតជាបង្កគ្រោះថ្នាក់ខ្លាំងដល់សន្តិភាព សន្តិសុខ និងស្ថេរភាពជាអន្តរជាតិ ព្រមទាំង គំរាមកំហែងជីវិតមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះដែរ ឧបករណ៍ដែលអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជានឹងទទួលបាននាពេលនេះ នឹងជួយដល់មន្ត្រីគយក្នុងការបង្ការ និងទប់ស្កាត់ការធ្វើចរាចរណ៍សារធាតុ ញៀន និងសារធាតុគីមីខុសច្បាប់ផ្សេងទៀតប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត។

ទន្ទឹមនេះ លោកក៏​បាន​​​លើក​ឡើង​ផង​ដែរ​​ថា​ វគ្គបណ្តុះបណ្តាលនេះ​​ គឺជាឱកាសល្អសម្រាប់សិក្ខាកាមទាំងអស់ ដើម្បី​បាន​ស្វែងយល់ និងបង្កើនចំណេះដឹង តាមរយៈ​ការ​ពិភាក្សា ផ្លាស់ប្តូរមតិយោបល់ដោយ​ផ្ទាល់​ជាមួយក្រុម ជំនាញការរបស់​អង្គការ​គយ​ពិភពលោក​។

photo_2018-09-04_17-23-09 photo_2018-09-04_17-23-19 photo_2018-09-04_17-23-22 photo_2018-09-04_17-23-24 photo_2018-09-04_17-23-27

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត