សិក្ខាសាលា​នេះ មាន​​​រយៈពេល​ពីរថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៧ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា សហការ​ជាមួយ​អង្គការ​គយពិភពលោក​​​ ក្នុង​គោល​បំណង​បង្កើន​សមត្ថភាព​​ដល់​មន្ត្រី​​ជាថ្នាក់ដឹកនាំ និងមន្ត្រី​បច្ចេកទេស​ពាក់ព័ន្ធ​នៃ​អគ្គនាយកដ្ឋាន​​គយ​និង​រដ្ឋាករ​ ស្តីពី​គោលនយោបាយ​កៀរគរ​ចំណូល​​ដោយ​ផ្តោត​លើ​តម្លៃ​គិត​ពន្ធគយ និង​វិធាន​ដើម​កំណើត​ទំនិញ​។ ថ្លែង​ក្នុង​ពិធី​បើក លោក Ian Cremer បាន​លើក​ឡើង​ថា សិក្ខាសាលា​នេះ ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​របស់​លោក​នៅ​កម្ពុជា​ ក្រោយ​ពី​​ការ​សិក្សា​វាយតម្លៃស្ថានភាពបច្ចុប្បន្ននៃ​​ការ​អនុវត្ត ​​ការ​ងា​រ​តម្លៃគិតពន្ធគយ វិធានដើមកំណើតទំនិញ​ និង​សវនកម្ម​ក្រោយ​ពេល​បញ្ចេញ​ទំនិញ​ពីគយ នៅ​តាម​បណ្តា​​នាយកដ្ឋាន ​និង​សាខា​​គយ​និង​រដ្ឋា​ករ​ពាក់ព័ន្ធ នាពេលកន្លងទៅនេះ។

ក្នុងសុន្ទរកថាបើក​ ​ឯក​ឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ​គយ​និង​រដ្ឋាករ​កម្ពុជា បាន​ថ្លែង​អំណរ​គុណ​ដល់​អង្គការ​គយ​ពិភពលោក​ដែល​បាន​ឆ្លើយត​ប​ជា​វិជ្ជមានតាម​​សំណើ​របស់ កម្ពុជា ដោយ​បាន​​​ផ្តល់​ជំនួយ​បច្ចេកទេសនាឱកាស​នេះ​​ ក្នុងខណៈ​ដែល​ អគរ កំពុង​ត្រូវ​ការ​អភិវឌ្ឍន៍​ខ្លួនឲ្យ​ទាន់​ការវិវដ្ត​នៃការ​ធ្វើ​​​ពាណិជ្ជកម្ម​អន្តរជាតិ​​ ក៏ដូច​ជាការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​​នៅ​ក្នុង​តំបន់​និង​ពិភពលោក​​​។​ ឯកឧត្តម​បណ្ឌិត​ ក៏​បាន​​គូសបញ្ជាក់ផងដែរ​​ពី​តួនាទី​សំខាន់​របស់​រដ្ឋបាល​គយ​ក្នុង​ការ​ប្រមូល​ចំណូលសម្រាប់​ថវិកា​ជាតិ ដែល​បាន​ចូលរួម​ចំណែក​មួយ​ភាគធំនៃចំណូលពន្ធសរុប។ នេះបញ្ជាក់ថា ការពង្រឹងប្រសិទ្ធភាពការ​ប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ​​កម្ពុជា នៅតែជាការងារអាទិភាពដែលត្រូវតែយកចិត្តទុកដាក់ជាប្រចាំ។

ដើម្បី​គាំទ្រ​គោលនយោបាយ​សារពើពន្ធ​របស់​រាជរដ្ឋាភិបាល​ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បានចាប់ផ្តើម​អនុវត្ត​​​ផែនការ​កែ​ទម្រង់​និង​ទំនើបកម្មគយ​​​ តាមរយៈ​ការ​កែ​លម្អ​លើ​​៖ រចនាសម្ព័ន្ធ​ស្ថាប័ន ធនធាន​មនុស្ស​ពាក់ព័ន្ធ​នឹង​ការ​រៀបចំគោលនយោបាយ និង​ការងារ​បច្ចេកទេសគយ​ ព្រម​ទាំង​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ដើម្បី​គាំទ្រ​ដល់​កិច្ច​ប្រតិបត្តិការ​​គយ។ កំណែ​ទម្រង់​នេះ បាន​ទទួល​ផ្លែផ្កា​គួរ​ឲ្យ​កត់​សម្គាល់​​លើ​ការ​ធ្វើ​ឲ្យប្រសើរ​ឡើង​នូវ​កិច្ច​សម្រួល​ពាណិជ្ជកម្ម សាមញ្ញកម្ម​នីតិវិធីគយ និង​​អាចប្រមូល​ចំណូល​បាន​លើស​ផែនការ។

ទន្ទឹមនេះ ឯកឧត្តម​បណ្ឌិតក៏​បាន​​​លើក​ឡើង​ផង​ដែរ​​ថា​ សិក្ខាសាលា​នេះ​​គឺជាឱកាសល្អសម្រាប់សិក្ខាកាមទាំងអស់ដើម្បី​បាន​ស្វែងយល់និងបង្កើនចំណេះដឹង តាមរយៈ​ការ​ពិភាក្សា ផ្លាស់ប្តូរមតិយោបល់ដោយ​ផ្ទាល់​ជាមួយក្រុមជំនាញការ របស់​អង្គការ​គយ​ពិភពលោក​។

photo_2017-11-30_20-25-51photo_2017-11-30_20-25-35 photo_2017-11-30_20-25-57

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត