នាថ្ងៃអង្គារ ៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារសុខា រាជធានី​ភ្នំពេញ មាន​ប្រារព្ធពិធីបើក​សិក្ខាសាលាថ្នាក់តំបន់​ស្តី​ពី​ការប្រយុទ្ធប្រឆាំងការជួញ​ដូរ​អាវុធ​ធុន​ស្រាល​ ខុសច្បាប់របស់អង្គការគយពិភពលោកក្រោម​​​អធិបតី​ភាព​​ លោក នួន ច័ន្ធរិទ្ធ អគ្គនាយករង នៃ​អគ្គនាយកដ្ឋានគយ​និងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯក​ឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួល​បន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា និងដោយមានការចូលរួមពី​​លោក Mohammad Ehteshamul Hoque និង លោក Andrew Alan REYNOLDS អ្នកជំនាញការគម្រោងសុវត្ថិភាពអាស៊ីប៉ាស៊ីហ្វិក នៃអង្គការគយពិភពលោក និង មន្រ្តីគយពាក់ព័ន្ធមកពី ៩ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា​។

សិក្ខាសាលា​នេះ មាន​​​រយៈពេល​ដប់មួយថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​៣១ ខែកក្កដា ដល់​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៨ ដែលត្រូវ​បាន​រៀបចំ​ឡើង​ដោយ ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា សហការ​ជាមួយ​អង្គការ​គយពិភពលោក​​​ ក្នុង​គោល​បំណងបណ្តុះ​បណ្តាលគ្រូបង្គោល និងបង្កើន​សមត្ថភាព​​ដល់មន្ត្រីបច្ចេកទេសពាក់ព័ន្ធនៃបណ្តាប្រទេសដែលនឹង​ចូលរួម អនុវត្តគម្រោងសន្ដិសុខ​ដឹកជញ្ជូនតាមផ្លូវអាកាសប្រឆាំង និងទប់ស្កាត់ការជួញដូរខុសច្បាប់ នៃអាវុធធុនស្រាលគ្រប់ប្រភេទ (SALW)។ ថ្លែង​ក្នុង​ពិធី​បើក លោក Shigeaki Katsu អ្នកជំនាញការរយៈពេលវែង នៃ​​ទីភ្នាក់ងារ​សហ​ប្រតិបត្តិ​ការ​ជប៉ុ​​ន (JICA)ប្រចាំ​អគ្គនាយ​កដ្ឋា​ន​គយ​និងរដ្ឋាករកម្ពុជា និងជាតំណាងរដ្ឋបាលគយជប៉ុន បាន​លើក​ឡើង​ថា សិក្ខាសាលា​នេះ នឹងក្លាយជា​ផ្នែកដ៏​សំខាន់មួយ នៃកម្មវិធីសន្តិសុខរបស់អង្គការគយពិភពលោក ដើម្បីពង្រឹង​សមត្ថភាព​របស់រដ្ឋបាល​គយ​ដើម្បីត្រួតពិនិត្យ​និងទប់ស្កាត់ការជួញដូរខុសច្បាប់នូវអាវុធធុនស្រាល និងជាការយក​ចិត្តទុកដាក់សម្រាប់តំបន់​អាស៊ីអាគ្នេយ៍ និង​តំបន់​ជុំវិញ។ បន្ថែមពីលើនេះដែរ លោកក៏បានមានប្រសាសន៍ថា សិក្ខាសាលានេះ គឺជាឱកាសសម្រាប់អ្នកចូលរួម ទាំងអស់ដើម្បីធ្វើការសហការគ្នាឲ្យកាន់តែជិតស្និទ្ធថែមទៀត និងដើម្បីក្លាយជាដៃគូរក្នុងការផ្លាស់ប្តូរព័ត៌មាន ចំណេះដឹង និងបទពិសោធន៍គន្លឹះដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មដោយប្រសិទ្ធភាព។

ក្នុងសុន្ទរកថាបើក​ ​លោក នួន ច័ន្ធរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បាន​ថ្លែង​អំណរ​គុណ​ដល់​អង្គការ​គយ​ពិភពលោក​ដែល​បាន​ជ្រើសរើសកម្ពុជាចូលរួមក្នុងការអនុវត្តគម្រោង និងអរគុណ​ដល់រដ្ឋាភិបាល​ជប៉ុន​សម្រាប់ការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់សិក្ខាសាលានេះ។ លោក ក៏បានគូសបញ្ជាក់ផងដែរថា ការជួញដូរ ខុសច្បាប់​នៃអាវុធ​ធុនស្រាល អាចបង្កឱ្យមានគ្រោះថ្នាក់ដល់សន្តិភាព សន្តិសុខ និងស្ថិរភាពជាអន្តរជាតិ ព្រមទាំងគំរាម​កំហែងដល់ជីវិតមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកជារៀងរាល់ឆ្នាំ។ ជាមួយគ្នាផងដែរ ការរៀបចំសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ ដែលនឹងផ្តល់ឱ្យអ្នកចូលរួមទាំងអាជ្ញាធរគយ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការ​ពង្រឹង​សមត្ថភាព ចំណេះដឹងផ្នែកបច្ចេកទេស និងការអនុវត្តជាក់ស្តែងក្នុងការទប់ស្កាត់អាវុធធុនស្រាល ដែលអាចនឹង​ត្រូវ​បាន​ជួញដូរនៅក្នុងតំបន់។

ទន្ទឹមនេះ លោកក៏​បាន​​​លើក​ឡើង​ផង​ដែរ​​ថា​ សិក្ខាសាលា​នេះ​​ គឺជាឱកាសល្អសម្រាប់សិក្ខាកាមទាំងអស់ដើម្បី​បាន ​ស្វែងយល់ និងបង្កើនចំណេះដឹង តាមរយៈ​ការ​ពិភាក្សា ផ្លាស់ប្តូរមតិយោបល់ដោយ​ផ្ទាល់​ជាមួយក្រុមជំនាញការរបស់​អង្គការ​គយ​ពិភពលោក​។

photo_2018-07-31_17-25-03 photo_2018-07-31_17-25-14 photo_2018-07-31_17-25-17 photo_2018-07-31_17-25-23 photo_2018-07-31_17-25-26 photo_2018-07-31_17-25-29 photo_2018-07-31_17-25-35 photo_2018-07-31_17-25-39

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត