នាថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅសាលាខេត្តកណ្តាល មានប្រារព្ធសិក្ខាសាលាផ្សព្វផ្សាយ​ស្តីពី​ការលើកទឹកចិត្ត​ផ្នែកគយនិងផ្នែកពន្ធដារ​សម្រាប់​សហគ្រាសធុនតូចនិងមធ្យម ដែលបានរៀបចំដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការការ​​ជាមួយ​សាលាខេត្តកណ្តាល។ សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានពន្ធដារ, មន្ទីរសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ, មន្ទីរឧស្សាហកម្មនិងសិប្បកម្ម, មន្ទីរពាណិជ្ជកម្ម, សភាពាណិជ្ជកម្មប្រចំាខេត្តកណ្តាល និងម្ចាស់សហគ្រាសធុនតូចនិងមធ្យម ដែលមានទីតាំងនៅក្នុងខេត្តកណ្តាល សរុបអ្នកចូលរួមប្រមាណ ២០០ នាក់

ជាកិច្ចចាប់ផ្តើម ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដមបណ្ឌិត គុណ ញឹម ដែលបានរៀបចំសិក្ខាសាលានេះ ជាគុណប្រយោជន៍ដល់ការអភិវឌ្ឍវិស័យសហគ្រាសធុនតូចនិងមធ្យម។ ដោយមានទីតាំងស្ថិតនៅជាប់នឹងរាជធានីភ្នំពេញ ដែលជាតំបន់​សេដ្ឋកិច្ចដ៏សំខាន់ ចំនួនសហគ្រាសធុនតូចនិងមធ្យមក្នុងខេត្តកណ្តាល បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគួរឱ្យកត់សម្គាល់។ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០១៩ សហគ្រាសធុនតូចនិងមធ្យមក្នុងខេត្តកណ្តាលមានចំនួន ១,៣៣៣ មូលដ្ឋាន និងប្រើប្រាស់កម្លាំងពលកម្មចំនួន ១៩,២០៩ នាក់។ សម្រាប់ជំហានដំបូងនេះ សាលាខេត្តបានអញ្ជើញសហគ្រាសចំនួន ២៥០ មូលដ្ឋាន ឱ្យចូលរួមទទួលយកព័ត៌មានដោយផ្ទាល់ និងមានឱកាសទទួលបានការលើកទឹកចិត្តផ្នែកគយនិងផ្នែកពន្ធដារ ប្រសិនបើសហគ្រាសអាចបំពេញតាមល័ក្ខខ័ណ្ឌដែលបានកំណត់។ ក្នុងន័យនេះ សូមម្ចាស់ឬតំណាងសហគ្រាសធុនតូចនិងមធ្យម យកចិត្តទុកដាក់ស្តាប់ការធ្វើបទបង្ហាញរបស់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជាមូលដ្ឋានក្នុងការអនុវត្តឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិជាធរមាន។

ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលា ឯកឧត្ដមបណ្ឌិត គុណ ញឹម បានថ្លែងអំណរគុណដល់ឯកឧត្តម​អភិបាល​នៃគណៈអភិបាលខេត្តកណ្តាល​ ដែលបានអនុញ្ញាតផ្តល់ទីតាំង​សាលាខេត្ត​ ដើម្បី​រៀបចំ​សិក្ខាសាលានេះ។ ឯកឧត្ដមបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា សហគ្រាសធុនតូច​និងមធ្យម គឺជាឆ្អឹងខ្នងសេដ្ឋកិច្ច និងជាកម្លាំង ចលករដ៏ខ្លាំងមួយក្នុងការជំរុញកំណើននិងបង្កើតការងារក្នុងប្រទេស។ ក្នុងបរិបទនេះ រាជរដ្ឋាភិ​បាលកម្ពុជា​ដែល មាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ​បានដាក់ចេញនូវវិធានការជាច្រើន​ដើម្បីគាំទ្រវិស័យសហគ្រាសធុនតូចនិង​មធ្យម ដូចមានចែងក្នុងឯកសារគោលនយោបាយ និង​ឯកសារយុទ្ធសាស្រ្ត រួមមាន៖ (១).គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ (២).យុទ្ធសាស្រ្តចតុកោណ​ដំណាក់កាលទី៤ និង (៣).យុទ្ធសាស្រ្តកៀរគរចំណូល ២០១៩-២០២៣។

គិត​ចាប់ពីឆ្នាំ២០០១ មកដល់​ឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាល​បានដាក់ចេញនូវវិធានការ​ក្នុង​ការគាំទ្រ​ដល់វិស័យ​កសិកម្ម និង​សហគ្រាសធុនតូចនិង​មធ្យម រួមមាន​ការ​បញ្ចុះអត្រាពន្ធគយ អត្រាអាករពិសេស ការដាក់អាករលើតម្លៃបន្ថែមជាបន្ទុករដ្ឋ និង​ការដាក់អាករនាំចេញ​ជាបន្ទុករដ្ឋ​ លើ​មុខទំនិញជាជីកសិកម្ម ពូជដំណាំ ពូជសត្វ បសុឱសថ ចំណីសត្វ សម្ភារ-គ្រឿងចក្រកសិកម្ម និងវត្ថុធាតុដើមផលិតកម្មបម្រើ​ក្នុង​វិស័យទាំងនេះ។ ដើម្បី​​ជំរុញ​ការ​ធ្វើពិពិធកម្មសេដ្ឋកិច្ច និង​ដើម្បី​លើកស្ទួយបន្ថែមទៀត​ដល់​សហគ្រាសធុនតូចនិង​មធ្យម ថ្មីៗនេះ រាជរដ្ឋាភិបាល​បាន​ផ្តល់​ការលើកទឹកចិត្ត​ផ្នែកគយ និង​ផ្នែកពន្ធដារបន្ថែមទៀត​ តាមរយៈអនុក្រឹត្យ​លេខ ១២៤ អនក្រ.បក ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ និង​អនុក្រឹត្យ​​លេខ ៥០ អនក្រ.បក ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ដែលផ្តោតលើ​វិស័យអាទិភាពមួយចំនួន រួមមាន៖ (១).សហគ្រាសផលិតនិងផ្គត់ផ្គង់ទឹកស្អាត​, (២).ផលិតកម្មកសិកម្ម ឬកសិ-ឧស្សាហកម្ម, (៣).ផលិតកម្មផលិត និងកែច្នៃម្ហូបអាហារ, (៤).កម្មន្តសាលផលិតទំនិញបម្រើឱ្យការនាំចេញ, (៥).កម្មន្តសាលផលិត​ទំនិញប្រើប្រាស់ក្នុងស្រុក កែច្នៃកាកសំណល់ និងផលិតទំនិញសម្រាប់វិស័យ​​ទេសចរណ៍, (៦).កម្មន្តសាលផលិត​នូវផលិតផលសម្រេច ឬផលិតផលពាក់កណ្តាល​សម្រេច ឬផ្នែក ឬគ្រឿងបង្គុំ ដើម្បីផ្គត់ផ្គង់ឱ្យកម្មន្តសាលដទៃ​ទៀត, (៧).ការស្រាវជ្រាវ និង​អភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន ​ដែល​មាន​លក្ខណៈ​នវានុវត្តន៍ និង (៨).អ្នកអភិវឌ្ឍន៍​តំបន់ប្រមូលផ្តុំសហគ្រាសធុនតូចនិងមធ្យម។

នាឱកាសនោះ ឯកឧត្ដមបណ្ឌិត គុណ ញឹម ក៏បានលើកទឹកចិត្តដល់ម្ចាស់ឬតំណាងសហគ្រាសធុនតូចនិងមធ្យមទាំងអស់ ​សូមយកចិត្តទុកដាក់ស្តាប់ការធ្វើបទបង្ហាញ និងចូលរួមឱ្យ​បាន​ផុលផុស លើកឡើង​នូវសំណួរ​ ឬសំណូមពរ មកដល់អគ្គនាយកដ្ឋានទាំងពីរ រួមទាំង​ភាគីពាក់ព័ន្ធ ដើម្បីបានយល់ដឹង និងចូលរួម​អនុវត្ត​​ការលើកទឹកចិត្ត​នេះឱ្យមាន​ប្រសិទ្ធភាព ក្នុងការលើកកម្ពស់វិស័យ​សហគ្រាសធុនតូចនិង​មធ្យម និង​​ភាពប្រកួតប្រជែង របស់កម្ពុជា។

ក្នុងសិក្ខាសាលានេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង​តំណាងអគ្គនាយកដ្ឋានពន្ធដារ បានធ្វើបទបង្ហាញលើកឡើងនូវខ្លឹមសារនៃអនុក្រឹត្យ និងប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយ​​​​បញ្ជាក់ជូនអំពី​​ល័ក្ខខ័ណ្ឌ ទម្រង់ នីតិវិធី និងយន្តការ​នៃការផ្តល់ និង​ការតាមដាន​ត្រួតពិនិត្យ​ការលើកទឹកចិត្តផ្នែកគយនិងផ្នែកពន្ធដារ សម្រាប់សហគ្រាស​ធុនតូចនិងមធ្យម ដើម្បីជាមូលដ្ឋានសម្រាប់​អនុវត្តនៅពេលមានបំណងដាក់ពាក្យស្នើសុំ​​ការលើកទឹកចិត្ត​នេះ​។ បន្ថែមលើបទបង្ហាញនេះ សហគ្រាស​ធុនតូចនិង​មធ្យម អាច​ស្វែងរកព័ត៌មានបន្ថែម តាម​រយៈ​គេហទំព័ររបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ​ក​ម្ពុជា និងអគ្គនាយកដ្ឋាន​ពន្ធដារ ​​ឬអាចទំនាក់ទំនង​សាកសួរព័ត៌មានដោយ​ផ្ទាល់មកមន្រ្តីទំនាក់ទំនង​នៅតាម​សាខាគយ​និងរដ្ឋាករ ឬសាខាពន្ធដារ​ដែល​នៅជិត​បំផុត។

7 8 14 photo_2019-10-24_14-46-439 10 11 12 13 photo_2019-10-24_14-46-34 photo_2019-10-24_14-46-38 photo_2019-10-24_14-46-48 photo_2019-10-24_14-46-53

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត