នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ មានប្រារព្ធពិធីបើកសិក្ខាសាលាស្តីពីមន្ទីរពិសោធន៍គយ និងការធ្វើចំណាត់ថ្នាក់ទំនិញរបស់អង្គការគយពិភពលោក ក្រោមអធិបតីភាព លោក នួន ច័ន្ធរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងដោយមានការចូលរួមពីលោក Kaoru OMOTO អ្នកជំនាញការផ្នែកការចំណាត់ថ្នាក់ទំនិញ និងមន្ទីរពិសោធន៍គយនៃអង្គការគយពិភពលោក លោក Takahiro TAKAHASI អ្នកជំនាញការនៃមន្ទីរពិសោធន៍គយជប៉ុន លោក Ken OKAMOTO អ្នកគីមីវិទ្យានៃមន្ទីរពិសោធន៍គយជប៉ុន និងមន្រ្តីគយនិងដ្ឋាករនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

សិក្ខាសាលានេះ មានរយៈពេលប្រាំថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយអង្គការគយពិភពលោក ក្នុងគោលបំណងបង្កើនសមត្ថភាពដល់មន្ត្រីបច្ចេកទេសពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ លើការងារចំណាត់ថ្នាក់ទំនិញ និងការរៀបចំគម្រោងបង្កើតមន្ទីរពិសោធន៍គយនៅកម្ពុជា នាពេលអនាគត។ គួរបញ្ជាក់ថា សិក្ខាសាលានេះគឺជាផ្នែកសំខាន់មួយនៃជំនួយបច្ចេកទេសដល់ប្រទេសជាសមាជិក ក្នុងការអនុវត្តគោលនយោបាយកៀរគរចំណូលដំណាក់កាលទី៣ (Revenue Package Phase III) របស់អង្គការគយពិភពលោក។

ក្នុងសុន្ទរកថាបើក លោក នួន ច័ន្ធរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានថ្លែងអំណរគុណដល់អង្គការគយពិភពលោកដែលបានឆ្លើយតបជាវិជ្ជមានចំពោះសំណើរបស់កម្ពុជា ដោយបានផ្តល់ជំនួយបច្ចេកទេសក្នុងពេលដែលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កំពុងត្រូវការទាំងធនធានមនុស្សនិងធនធានស្ថាប័ន ដើម្បីអភិវឌ្ឍខ្លួនឲ្យក្លាយជាស្ថាប័នទំនើបប្រកបដោយវិជ្ជាជីវៈ ស្របតាមការវិវដ្តដ៏ឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជាការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់និងពិភពលោក។ លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បានគូសបញ្ជាក់ផងដែរពីតួនាទីសំខាន់របស់រដ្ឋបាលគយក្នុងការប្រមូលចំណូលសម្រាប់ថវិកាជាតិ ដែលបានចូលរួមចំណែកមួយភាគធំនៃចំណូលសារពើពន្ធសរុប។ ការបង្កើនសមត្ថភាពមន្ត្រីគយមានសមត្ថកិច្ចលើការងារចំណាត់ថ្នាក់ទំនិញ និងការបង្កើតមន្ទីរពិសោធន៍គយ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងប្រសិទ្ធភាពការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលបន្តស្ថិតនៅជាការងារអាទិភាពរបស់អគ្គនាយកដ្ឋាន។

ទន្ទឹមនេះ លោកក៏បានលើកឡើងផងដែរថា សិក្ខាសាលានេះគឺជាឱកាសល្អសម្រាប់សិក្ខាកាមទាំងអស់ដើម្បីបានស្វែងយល់និងបង្កើនចំណេះដឹង តាមរយៈការពិភាក្សា ផ្លាស់ប្តូរមតិយោបល់ដោយផ្ទាល់ជាមួយក្រុមជំនាញការ របស់អង្គការគយពិភពលោក។

33094479_1702928196427240_4977222129415094272_o

33204714_1702928179760575_5476259615102468096_o

33107394_1702928189760574_8142530455820828672_o

33191541_1702928309760562_4196000765484990464_o

33112153_1702928316427228_3190713126681051136_o

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត