នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារហ្កាដិនស៊ីធី រាជធានី​ភ្នំពេញ មាន​ប្រារព្ធ​​កិច្ចពិធីបើក​សិក្ខាសាលា​ស្តី​ពី​ការ​អភិវឌ្ឍភាព​ជា​អ្នក​ដឹក​នាំ និង​ការ​គ្រប់គ្រង​របស់​អង្គការ​គយ​ពិភពលោក​ ក្រោម​​​អធិបតី​ភាព​​ដ៏ខ្ពង់ខ្ពស់របស់ ឯក​ឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយក​នៃអគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា និងដោយមានការចូលរួមពីមន្ត្រី​ជា​ថ្នាក់ដឹកនាំ​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា។ ​

សិក្ខាសាលា​នេះ មាន​​​រយៈពេល​ពីរសប្តាហ៍ គឺ​ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ដល់​ថ្ងៃ​ទី​០៩ ខែ​មិថុនា ឆ្នាំ​២០១៧ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជាសហការ​ជាមួយ​អង្គការ​គយពិភពលោក ​​​និងមាន​គោល​បំណងសំខាន់​​ដើម្បី​បង្កើន​ចំណេះដឹងជំនាញគ្រប់គ្រង​ និង​ភាពជាអ្នក​ដឹក​នាំ​ដល់​មន្ត្រី​ជា​ថ្នាក់ដឹកនាំ​ អគរ ដើម្បី​អាច​ចូលរួម​ចំណែក​អភិវឌ្ឍស្ថាប័ន​គយ​ប្រកបដោយ​ប្រសិទ្ធភាព។ មន្ត្រី​គយ​និង​រដ្ឋាករ​ដែល​ជា​ថ្នាក់ដឹកនាំនៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ចំនួន ២២រូប ត្រូវ​បាន​ជ្រើសរើស​ជា​សិក្ខាកាម​ក្នុង​សិក្ខាសាលានេះ ដែល​នឹង​បង្រៀន​ដោយ​លោក Rob Janson អ្នក​ជំនាញការ​គ្រប់គ្រង​កម្មវិធី​អភិវឌ្ឍន៍ភាពជា​អ្នក​ដឹក​នាំ និង​ការ​គ្រប់គ្រង​ និងកញ្ញា Valentyna Golubenko អ្នក​ជំនាញ​ការ​ផ្នែក​កសាង​សមត្ថភាព​នៃ​អង្គការ​គយ​ពិភពលោក។

ក្នុងសុន្ទរកថាបើក​សិក្ខាសាលា ឯក​ឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ បាន​​​គូសបញ្ជាក់​ពីសារសំខាន់​នៃ​សិក្ខាសាលា​នេះ​ក្នុង​រដ្ឋបាល​គយ​ ដោយ​មិន​ត្រឹម​តែ​បង្កើន​សមត្ថភាព​ដឹក​នាំ​គ្រប់គ្រង​ដល់​សិក្ខាកាម​នីមួយៗ​ដែល​ជា​ថ្នាក់ដឹកនាំ​របស់​អង្គភាព​ទេ ប៉ុន្តែ​តាមរយៈ​សិក្ខាកាម​ដែល​ទទួលបាន​វគ្គសិក្សានេះ នឹង​អាច​ផ្តល់​នូវ​ឥទ្ធិពលជា​វិជ្ជមាន​ដល់​អង្គភាពទាំងមូល​ក្នុង​ការ​ចូលរួម​ចំណែក​ក្នុង​ការ​ជំរុញ​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​កម្មវិធី​កំណែទម្រង់​និង​ទំនើបកម្ម​ស្ថាប័ន​គយ​​ឲ្យ​សម្រេច​បាន​នូវទស្សនវិស័យ​និង​បេសកកម្ម​របស់ស្ថាប័ន​ក្នុង​ការ​ក្លាយជា​រដ្ឋបាល​គយ​ទំនើប​ដែល​ស្របតាម​បទដ្ឋាន​និង​ការ​អនុវត្ត​ល្អ​ជា​អន្តរជាតិ។

ប្រធាន​បទ​ដែល​លើក​យក​មក​បង្ហាត់បង្រៀន​ដល់សិក្ខាកាម​ក្នុងសិក្ខាសាលានេះ មាន​រួម​បញ្ចូល​រវាង​ទ្រឹស្តី​នៃភាពជាអ្នកដឹកនាំ នៃការ​គ្រប់គ្រងទំនើប និង​ការ​អនុវត្ត​ផ្ទាល់​ដើម្បី​ទទួលបាន​នូវ៖

  • ការបង្កើន​ជំនាញ​គ្រប់គ្រង​ពាក់ព័ន្ធ​នឹង​រដ្ឋបាល​គយ៖ ​រដ្ឋបាល​គយ​ទំនើប ទស្សនវិស័យ ការ​ចរចា ការ​គ្រប់គ្រង​ធនធានមនុស្ស ការ​ទំនាក់ទំនង ការ​គ្រប់គ្រង​ការ​ផ្លាស់ប្តូរ សុច្ចរិតភាពជាដើម។
  • ការ​បង្កើន​សមត្ថភាព​ដើម្បី​ចូលរួមចំណែក​ក្នុង​ការ​កែទម្រង់រដ្ឋបាល​គយ​តាមរយៈ​ភាពជា​អ្នក​ដឹក​នាំ​ប្រកបដោយប្រសិទ្ធភាព
  • ការ​យល់ដឹង​បន្ថែម​ទៀត​ស្តីពី​តួនាទី​របស់​អ្នកដឹក​នាំ​ក្នុង​រដ្ឋបាល​គយ​ដើម្បី​ការ​អភិវឌ្ឍស្ថាប័ន​ប្រកប​ដោយចីរភាព
  • ការបង្កើន​ការ​យល់ដឹង​ស្តីពីវិធីសាស្រ្ត​ដើម្បីក្លាយជា​អ្នកដឹកនាំ​និង​គ្រប់គ្រង

photo_2017-05-29_12-36-09photo_2017-05-29_12-36-28photo_2017-05-29_12-36-38 photo_2017-05-29_12-36-35photo_2017-05-29_12-36-25 photo_2017-05-29_12-36-31 photo_2017-05-29_12-36-41

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត