នាថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “ការចាត់ថ្នាក់ទំនិញ តម្លៃគិតពន្ធគយ និងវិធានដើមកំណើតទំនិញ” ក្រោមអធិបតីភាពរបស់លោក នួន ច័ន្ទរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការចូលរួមពីមន្ត្រីគយនិងរដ្ឋាករពាក់ព័ន្ធ ចំនួន ៤០រូប ក្នុងគោលបំណង លើកកម្ពស់សមត្ថភាពនិងចំណេះដឹងរបស់មន្រ្តីគយនិងរដ្ឋាករកម្ពុជា លើផ្នែកបច្ចេកទេសគយ ដូចជា ការចាត់ថ្នាក់ទំនិញ តម្លៃគិតពន្ធគយ និងវិធានដើមកំណើតទំនិញ ជាដើម។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លោក  នួន ច័ន្ទរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់ថា ទិដ្ឋភាពបច្ចេកទេសទាំងបីនេះ មិនត្រឹមតែបានចូលរួមចំណែកជាផ្នែកមួយនៃការពង្រឹងប្រសិទ្ធភាពការងារប្រមូលចំណូលឲ្យសម្រេចបាននូវរាល់ផែនការចំណូលដែលកំណត់ដោយរាជរដ្ឋាភិបាលកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានចាត់ទុកថា ជាកត្តាគន្លឹះដែលជំរុញឲ្យការធ្វើកំណែទម្រង់និងទំនើបកម្មរដ្ឋបាលគយកម្ពុជាទទួលបានជោគជ័យ ផងដែរ។ ហេតុនេះ វគ្គបណ្តុះបណ្តាលលើប្រធានបទនេះ មានភាពចាំបាច់ដែលត្រូវធ្វើឡើងជាប់ជាប្រចាំ ដើម្បីពង្រឹងសមត្ថភាព មន្រ្តីជំនាញ ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ និងតាមការវិវត្តថ្មីៗ នូវការងារបច្ចេកទេស និងចំណេះដឹងពាក់ព័ន្ធ។

ប្រធានបទដែលត្រូវបានលើកឡើងនៅក្នុងវគ្គបណ្តុះបណ្តាល រួមមាន ៖ វិធានចំណាត់ថ្នាក់ទំនិញ លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំគណៈកម្មការចំណាត់ថ្នាក់ទំនិញរបស់អង្គការគយពិភពលោក និងទស្សនទាននៃប្រព័ន្ធលេខកូដទំនិញឆ្នាំ២០២២, វិធានបញ្ជាក់ជាមុនលើការចាត់ថ្នាក់ទំនិញ, បទប្បញ្ញត្តិពាក់ព័ន្ធនឹងតម្លៃគិតពន្ធគយ, វិធីសាស្ត្រកំណត់តម្លៃគិតពន្ធគយ, ការស្វែងយល់ពីឯកសារពាណិជ្ជកម្ម, វិធានដើមកំណើតទំនិញ, និងនីតិវិធីប្រតិបត្តិវិញ្ញាបនបត្រប្រភពដើមទំនិញ ជាដើម។

បន្ទាប់ពីវគ្គបណ្តុះបណ្តាលសម្រាប់មន្រ្តីគយ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានឹងបន្តរៀបចំកម្មវិធីលើកកម្ពស់ការយល់ដឹងលើប្រធានបទដូចខាងលើ ជូនដល់ផ្នែកឯកជនប្រមាណ ៦០ រូប ដែលជា ធុរជន ម្ចាស់ទំនិញ ប្រតិបត្តិករដឹកជញ្ជូន និងជើងសាគយផងដែរ ជាពិសេសពាក់ព័ន្ធនឹង នីតិវិធីស្នើសុំផ្ទៀងផ្ទាត់លេខកូដទំនិញ តម្លៃគិតពន្ធគយ និងអត្រាពន្ធអនុគ្រោះក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ។

IMG_7809 IMG_7813 IMG_7829 IMG_7835 IMG_7857 IMG_7892 IMG_7893

 

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត