នារសៀលថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ០២:៣០នាទី រសៀល នៅសណ្ឋាគារសាន់វ៉េ អគ្គនាយកដ្ឋានគយនិងរដ្ឋាករគយកម្ពុជា (អគរ) បានសម្របសម្រួលដឹកនាំ និងរៀបចំសិក្ខាសាលាស្តីពីការពិនិត្យលទ្ធផលនៃការសាកល្បងមុខងារ ប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី២ ដោយមានការអញ្ជើញចូលរួមពីសមាសភាពអនុប្រធាន និងសមាជិកនៃក្រុមអនុវត្តគម្រោងដែលជាមន្រ្តីតំណាងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធរួមមាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងរ៉ែ និងថាមពល ធនាគារជាតិនៃកម្ពុជា កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងអ្នកជំនាញនៃក្រុមហ៊ុនជាប់កិច្ចសន្យាទទួលអនុវត្តគម្រោង vCargo Cloud Pte Ltd (VCC) ព្រមទាំង ថ្នាក់ដឹកនាំ និងមន្រ្តីគយនិងរដ្ឋាករ សរុបប្រមាណចំនួន ៨០ រូប។ សិក្ខាសាលានេះ មានគោលបំណង ដើម្បីពិនិត្យពិភាក្សាលើលទ្ធផលនៃការធ្វើតេស្តសាកល្បងមុខងារប្រព័ន្ធ និងពិនិត្យពិភាក្សាទៅលើការត្រៀមដាក់ឱ្យដំណើរ ការសាកល្បង (Soft Launch) ប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី២។
ក្រោយពីស្តាប់លទ្ធផលនៃការធ្វើតេស្តសាកល្បងប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី២ អង្គសិក្ខាសាលា បានពិភាក្សា និងផ្តល់ធាតុចូលបន្ថែមលើការអភិវឌ្ឍប្រព័ន្ធ ដូចជាបញ្ហាបច្ចេកទេសនានា របស់មុខងារប្រព័ន្ធពាក់ពន្ធនឹងការចេញអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ ឬលិខិតអនុញ្ញាត សម្រាប់ទំនិញនាំចេញ/នាំចូល និងពិនិត្យលទ្ធភាពជ្រើសរើសក្រសួង-ស្ថាប័នជំនាញសម្រាប់ត្រៀមចូលរួមចាប់ផ្តើមអនុវត្តសាកល្បង (Soft Launch) ដែលគ្រោងនឹងចាប់ផ្តើមនាខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។
អនុលោមតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោង បញ្ជរតែមួយជាតិ ក្នុងការស្នើជំរុញពន្លឿនការងារអភិវឌ្ឍន៍ប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី២ ដើម្បីកាត់បន្ថយចំណាយ និងពេលវេលាក្នុងការប្រកបធុរកិច្ច តំណាងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ឯកភាពនឹងបន្តជំរុញធ្វើការអោយបានសកម្មជាមួយអ្នកជំនាញនៃក្រុមហ៊ុនជាប់កិច្ចសន្យា VCC ក្នុងការកែលម្អប្រព័ន្ធតាមតម្រូវការ និងត្រៀមនីតិវិធីផ្ទៃក្នុងតាមក្រសួង-ស្ថាប័នរៀងខ្លួន ដើម្បីអាចចូលរួមអនុវត្តសាកល្បងប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី២នេះ បានតាមពេលវេលាដែលបានគ្រោងទុក។
ទន្ទឹមនេះ នៅថ្ងៃពុធ ០៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារសាន់វ៉េ អគរ ក៏បានសម្របសម្រួលដឹកនាំ និងរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី២ ជូនចំពោះវិស័យឯកជន ដែលមានសមាសភាពជាតំណាងសភាពាណិជ្ជកម្មកម្ពុជា សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា សមាគមដឹកជញ្ជូន ទំនិញផ្លូវគោកកម្ពុជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ទីភ្នាក់ងារកូរ៉េសម្រាប់ការជំរុញពាណិជ្ជកម្ម និង វិនិយោគ (KOTRA) សមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា (JBAC) និងធុរជនពាក់ព័ន្ធ សរុបប្រមាណចំនួន ២០០រូប។ សិក្ខាសាលានេះ មានគោលបំណងដើម្បីឱ្យវិស័យឯកជនយល់ដឹងអំពីវឌ្ឍនភាពនៃការអភិវឌ្ឍ ប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី២ និងស្វែងយល់ពីអត្ថប្រយោជន៍ដែលនឹងទទួលបានពីការអនុវត្ត គម្រោងប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី២នេះ ក្នុងការសម្រួលពាណិជ្ជកម្មបន្ថែមទៀត។